website_news:2023160604

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី២៩ ត្រូវបានបិទបញ្ចប់នៅរសៀលនេះ

http://nokorwatnews.com/archives/1010834 15/06/2023

ខេត្តសៀមរាប ៖ ថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី២៩ រវាងយោធភូមិភាគទី៥ (កម្ពុជា) និងកងទ័ពភូមិភាគទី១(ថៃ) បានបិទកិច្ចប្រជុំនៅរសៀលនេះ ក្រោយពីបានប្រព្រឹត្តធ្វើឡើងអស់រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅសណ្ឋាគារអង្គរមីរ៉ាខល ខេត្តសៀមរាប។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ភាគីកម្ពុជា ឯភាគីថៃ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ ផាក់ណា ខ្លែវប្លតធុក មេបញ្ជាការកងទ័ពភូមិភាគទី១ ជាសហប្រធាននៃអង្គប្រជុំរួម។ការប្រជុំនេះមានគោលបំណងដើម្បីពិភាក្សារកទិសដៅដោះស្រាយ និងរំលឹកឡើងវិញនូវភាពរីកចម្រើននៃការអភិវឌ្ឍន៍លើវិស័យផ្សេងៗ ពាក់ព័ន្ធទៅនឹងសម្ព័ន្ធភាពកងទ័ព និងសន្តិសុខតាមព្រំដែន ដោយពិចារណាក្នុងការកំណត់ទស្សនវិស័យក្នុងក្របខ័ណ្ឌគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ។

អង្គប្រជុំបានរំលឹកឡើងវិញ ពីលទ្ធផលនៃការប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ ថៃ-កម្ពុជា លើកទី២៨ រវាងយោធភូមិភាគទី៥ និងកងទ័ពភូមិភាគទី១ ដោយនាំលទ្ធផលនៃការប្រជុំដូចបានពោលខាងលើដើម្បីយកមកពិចារណា និងរៀបចំធ្វើកំណត់ហេតុរួមក្នុងការប្រជុំលើកនេះ។

ក្នុងរយៈពេលពីរថ្ងៃនេះអង្គប្រជុំមានការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកពាក់ព័ន្ធនឹងបញ្ហាផ្សេងៗក្នុងក្របខ័ណ្ឌគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ(RBC) ក្រៅពីនេះភាគីទាំងពីរបានលើកស្ទួយឲ្យមានការអនុវត្តន៍ទៅតាមអនុស្សារណៈនៃការយោគយល់គ្នាស្តីអំពីការត្រួតពិនិត្យ និងរៀបចំបោះបង្គោលសីមាព្រំដែន ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ មានប្រសិទ្ធភាពខ្ពស់។

ភាគីទាំងពីរបានឯកភាពរួមគ្នាឲ្យមានការប្រជុំពិភាក្សាដើម្បីកំណត់ទិសដៅ ក្នុងការទប់ស្កាត់ការលបលួចកសាងសំណង់ខុសច្បាប់ និងការចោលសំណល់រឹង បង្ហូរសំណល់រាវចូលអូរព្រំដែន កម្ពុជា-ថៃ ភាគីទាំងពីរបានឯកភាពគ្នា ស្នើឲ្យមានការដើរល្បាតដោយមានការទំនាក់ទំនងគ្នាតាមបណ្ដោយព្រំដែន កិច្ចសហប្រតិបត្តិការល្បាត ដើម្បីទប់ស្កាត់ការលបលួចកាប់ឈើខុសច្បាប់ និងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន តាមបរិវេណព្រំដែន ទាំងការល្បាតផ្លូវអាកាស តាមបណ្តោយព្រំដែនស្នើឲ្យមានការទំនាក់ទំនងជាមុនសិនមុននឹងមានការហោះហើរ។

អង្គប្រជុំបានឯកភាពរៀបចំការប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ ថៃ-កម្ពុជា លើកទី៣០ នៅព្រះរាជាណាចក្រថៃ សម្រាប់ការកំណត់ពេលវេលានិងទីកន្លែង នឹងមានការជូនដំណឹងតាមរយៈក្រុមលេខាភាគីទាំងពីរ។ កំណត់ហេតុរួមការប្រជុំគណៈកម្មាធិការព្រំដែនភូមិភាគកម្ពុជា-ថៃលើកទី២៩នេះ បានរៀបចំ និងចុះហត្ថលេខា នៅសណ្ឋាគារអង្គរមីរ៉ាខល ខេត្តសៀមរាប។ កិច្ចប្រជុំបានបញ្ចប់ក្រោមបរិយាកាសដ៏សែនរីករាយនិងស្និទ្ធស្នាលបំផុត និងបានជូនកាដូអនុស្សាវរីយ៍ទៅវិញទៅមកផងដែរ ៕

website_news/2023160604.txt · Last modified: 2023/06/16 11:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki