website_news:2023161001

មន្ត្រីជាន់ខ្ពស់កម្ពុជា អំពាវនាវដល់គ្រប់ភាគីចូលរួមទប់ស្កាត់អំពើជួញដូរមនុស្ស

https://www.cnc.com.kh/detail/news/45789 ១១-តុលា-២០២៣ ០២:៣៥ ល្ងាច អត្ថបទ៖ ជា ស្រស់

សៀមរាប៖ មន្ត្រីជាន់ខ្ពស់កម្ពុជា បានលើកឡើងថា បើទោះបីជាកម្ពុជានៅមានសុវត្ថិភាពក្តី ប៉ុន្តែអំពើជួយញដូរមនុស្សនៅលើពិភពលោក នៅមិនទាន់មានសភាពស្ងប់ស្ងាត់ទៅឡើយនោះទេ។ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាទប់ស្កាត់ឲ្យខានតែបាន។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង បានមានប្រសាសន៍លើកឡើងបែបនេះ ប្រាប់ CNC នៅក្នុងឱកាសដែលលោកស្រីអញ្ជើញចូលរួមនៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រា “ដំណើរឆ្ពោះទៅបញ្ឈប់អំពើជួញដូរមនុស្ស” នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នាក្រុងសៀមរាប។

លោកស្រី ជូ ប៊ុនអេង បានមានប្រសាសន៍ថា សកម្មភាពជួញដូរមនុស្សនៅលើពិភពលោកនៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ជាពិសេសនៅក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបនូវវិបត្តិដូចបច្ចុប្បន្ននេះ ឧក្រិដ្ឋជនបានឆ្លៀតឱកាសប្រើគ្រប់មធ្យោបាយក្នុងការអូសទាញប្រជាពលរដ្ឋឲ្យធ្លាក់ចូលក្នុងការកេងប្រវ័ញ្ចរបស់ពួកគេ។ លោកស្រីបន្តថា ដូច្នេះកម្មវិធីដែលធ្វើឡើងនៅក្រុងសៀមរាបនាថ្ងៃនេះ ត្បិតតែមានអ្នកចូលរួមតែជា៦០០នាក់ ប៉ុន្តែវាជានិមិត្តរូបនៃការចូលរួមរបស់ប្រជាជននៅលើពិភពលោកនៅក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ហើយក៏ចង់បង្ហាញថា កម្ពុជា នៅមានសុវត្ថិភាពនៅឡើយទេ។

ក្រុមយុវជន ដែលជាអ្នកផលិតមាតិការតាមបណ្តាញសង្គម កញ្ញាយូប៊ី កញ្ញា អេមីកា និងលីនចាស្មីន បានលើកឡើងថា អំពើជួញដូរមនុស្សមានច្រើនទម្រង់ និងបង្កផលប៉ះពាល់ដល់មនុស្សគ្រប់វ័យ និងជំរុញនិងលើកទឹកចិត្តដល់ជនរងគ្រោះ ត្រូវក្លាហាននៅក្នុងការស្វែងរកការជួយអន្តរាគមន៍ ពីអាជ្ញាធរមានសមត្ថកិច្ចតាមរយៈលេខទូរស័ព្ទ១២៨៨ ។ កញ្ញា គ្រីស្ទីន ស្កាហ្វ នាយិកាមូលនិធិ អេ២១ បានលើកឡើងថា អំពើជួញដូរមនុស្ស បានបង្កផលវិបាកជាច្រើនជាពិសេសបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរជនរងគ្រោះទាំងផ្លូវកាយ ផ្លូវចិត្ត និងបង្កការឈឺចាប់អស់ពេញមួយជីវិតរបស់ពួកគាត់។ កញ្ញាបន្តថា ការដែលយើងអនុញ្ញាតឲ្យបទល្មើសមួយនេះកើតឡើង វាស្មើនឹងយើងចូលរួមធ្វើឲ្យជនរួមជាតិរបស់យើងក្លាយជាជនរងគ្រោះ។ កញ្ញា បានបន្តថា ការជួញដូរមនុស្ស ហៅថា ទាសភាពសម័យទំនើប នៅតែមានអទិភាព ប៉ុន្ត យើងទាំងអស់គ្នាអាចធ្វើកិច្ចការមួយចំនួនដើម្បីជួយបញ្ឈប់វាបាន។

កញ្ញា គ្រីស្ទីន បានលើកឡើងថា វាមិនមែនជារឿងសម្ងាត់នោះទេ ដែលថា អំពើជួញដូរមនុស្សគឺជា បទល្មើសដ៏លំបាក និងស្មុគស្មាញមួយក្នុងការប្រយុទ្ធប្រឆាំង។ ភាពអយុត្តិធម៌ជាសកលនេះ គ្មានព្រំដែននោះទេ វាមានផលប៉ះពាល់ដល់គ្រប់ប្រទេស គ្រប់ពូជសាសន៍ ភេទ និងសាវតាផ្នែកសេដ្ឋកិច្ចសង្គម។ កុមារ មនុស្សពេញវ័យ ស្ត្រី បុរស អ្នកស្រលាញ់ភេទដូចគ្នា ជនពិការ និងបុគ្គលស្លូតត្រង់ កំពុងត្រូវគេឆបោក លក់ ជួញដូរ រំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវកាយ និងផ្លូវភេទ ដើម្បីប្រាក់ចំណេញ និងអត្ថប្រយោជន៍របស់ចារី និង ជនជួញដូរនៅទូទាំងពិភពលោក។ វាប្លន់សិទ្ធិមនុស្ស សេចក្ដីថ្លៃថ្នូរ និងសេរីភាពរបស់បុគ្គលទាំងឡាយ។ជនរងគ្រោះទទួលរងការប៉ះទង្គិចផ្លូវកាយ និងផ្លូវចិត្ត ដែលជាញឹកញាប់ ទទួលរងការឈឺចាប់ដែលនឹងស្មាន មិនដល់ តាមរយៈការអនុញ្ញាតឱ្យបទល្មើសនេះនៅតែបន្តកើតមាន យើងកំពុងចូលរួមធ្វើឲ្យមនុស្សជាតិ របស់យើងក្លាយជាជនរងគ្រោះ។

កញ្ញា បន្តថា មនុស្សមួយចំនួនប្រហែលជាពិបាកយល់អំពីការពិតនៃអំពើជួញដូរមនុស្ស ពីព្រោះ ប្រសិនបើអ្នកមិនធ្លាប់ជួប ប្រទះ ឬមិនស្គាល់នរណាម្នាក់ដែលធ្លាប់ជួបប្រទះដោយផ្ទាល់ទេនោះ អ្នកប្រហែលជាគិតថា វាគឺជាបញ្ហាឆ្ងាយ ដែលកើតឡើងតែនៅកន្លែងឆ្ងាយៗ ឬនៅក្នុងខ្សែភាពយន្តប៉ុណ្ណោះ។ ប៉ុន្តែវាកើតឡើងនៅក្នុងសហគមន៍របស់ យើងផ្ទាល់។ បច្ចេកវិទ្យាមានភាពជឿនលឿនយ៉ាងខ្លាំង ដែលធ្វើឲ្យជនជួញដូរ និងអ្នកសមគំនិត អាចចូលទៅជិត ប្រជាជនបានកាន់តែងាយស្រួល តាមរយៈឧបករណ៍ដែលយើងកាន់ជារៀងរាល់ថ្ងៃ ដូចជាទូរស័ព្ទដៃជាដើម ។ នៅពេលដែលយើងព្រងើយកន្តើយនឹងបញ្ហានេះ យើងបង្កើតវប្បធម៌មួយ ដែលអនុញ្ញាតឱ្យជនជួញដូរអាច ដំណើរការបានដោយសេរី។

អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាប លោកស្រី យូ សុភា បានបញ្ជាក់ថា ខេត្តសៀមរាប ជាប៉ូលទេសចរណ៍មួយដ៏សំខាន់ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងមានតំបន់ទេសភាពធម្មជាតិអេកូទេសចរណ៍ជាច្រើនកន្លែងផ្សេងទៀត សម្រាប់ភ្ញៀវទេសចរទស្សនាកម្សាន្ត ។ ទន្ទឹមនឹងផលវិជ្ជមានពីសេវាកម្មទេសចរណ៍ ក៏យើងបានទទួលរងផលជាអវិជ្ជមានផងដែរ ពីអ្នកទេសចរមួយចំនួន ដែលមានបំណងទុច្ចរិត បានប្រព្រឹត្តបទល្មើសរំលោភបំពាន ការកេងប្រវ័ញ្ចផ្លូវភេទទៅលើកុមារ តាមរូបភាពផ្សេងៗ និងការយកខេត្តសៀមរាប ជាខេត្តសម្រាប់ឆ្លងកាត់ការនាំចេញមនុស្សដោយខុសច្បាប់ និងកន្លែងសម្រាប់ប្រព្រឹត្តបទល្មើសផងដែរ ។

លោកស្រីបន្តថា អំពើជួញដូមនុស្សគឺជាវិបត្តិសកលមួយដែលបណ្តាប្រទេសជាច្រើនបានជួបប្រទះហើយកម្ពុជាយើងក៏ទទួលរងពីវិបត្តិនេះផងដែរ ដែលធ្វើឲ្យរាជ្យរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងអស់មានការព្រួយបារម្ភ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីរាជរដ្ឋាភិបាល និងអង្គការដៃគូ បានខិតខំរិះរកគ្រប់វិធានការ ក្នុងន័យរួមគ្នាដោះស្រាយលើបញ្ហានេះ ឆ្ពោះទៅការសម្រេចឲ្យបានក្នុងការលុបបំបាត់គ្រប់ទម្រង់នៃអំពើជួយញដូមនុស្ស៕

website_news/2023161001.txt · Last modified: 2023/10/16 10:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki