website_news:2023161003

ឧត្តមសេនីយ៍ឯក សៀក សុជាតិ ដឹកនាំប្រជុំពង្រឹងការគ្រប់គ្រង និងសម្រួលដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនរបស់ពលករនៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ

https://freshnewsasia.com/index.php/en/localnews/313717-2023-10-12-01-38-18.html 2023-10-12 08:38am

(បន្ទាយមានជ័យ)៖ ដោយមានការយកចិត្តទុកដាក់ដ៏របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការណែនាំជាប្រចាំរបស់ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធាន គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយដំណើរចេញ-ចូល របស់ពលករខ្មែរតាមព្រំដែនកម្ពុជា,ប្រធានក្រុមការងារនីមួយៗបានចាប់ផ្តើមដឹកនាំប្រជុំនិងចុះត្រួតពិនិត្យភ្លាមៗនៅតាមព្រំដែន។

ជាក់ស្តែងនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការ ក្រសួងការពារជាតិ អនុប្រធានគណៈកម្មការចំពោះកិច្ច និងជាក្រុមការងារទី២ នៃ គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា ទទួលបន្ទុកខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បានដឹកនាំក្រុមការងារពាក់ព័ន្ធ ដើម្បីពិតិត្យ និងពង្រឹងលើបញ្ហាការងារតាមព្រំដែន និងការធ្វើដំណើរចេញ-ចូល របស់កម្មករនៅតាមច្រកទ្វារព្រំដែន ព្រមទាំងទប់ស្កាត់បញ្ហាណាមួយដែលមនឹងកើតឡើយជាយថាហេតុ។

ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ ក៏បានណែនាំឱ្យបង្កើតក្រុមការងារមួយដើម្បីប្រចាំការនៅតាមច្រកទ្វារព្រំដែន ដើម្បីប្រចាំការនៅតាមច្រកទ្វារព្រំដែន។ បន្ថែមពីនេះ ត្រូវបង្ហាញលេខទូរស័ព្ទ សម្រាប់ប្រជាពលរដ្ឋទាក់ទង ផ្តល់ព័ត៌មានផ្សេងៗជាដើម ដើម្បីជួយសម្រួល អន្តរាគមន៍ និងដោះស្រាយបញ្ហាជូនពួកគាត់ផងដែរ។ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ ក៏បានស្នើសុំអភិបាលខេត្តទាំង៣ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវការងារមួយចំនួន ដូចខាងក្រោម៖

ទី១៖ ត្រូវណែនាំដល់សមត្ថកិច្ចឈរជើងនៅតាមច្រកទ្វារព្រំដែនផ្លូវការ បង្កលក្ខណៈងាយស្រួល ដល់ដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែន ជាពិសេសនៅក្នុងរដូវភ្ជុំបិណ្ឌ។ ត្រូវបើកច្រកទ្វារព្រំដែនផ្លូវការទាំងអស់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលករខ្មែរចេញ-ចូល បានឆាប់រហ័ស និងទាន់ពេលវេលា។

ទី២៖ ត្រូវចាត់វិធានការដើម្បីពង្រឹងការទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅតាមបណ្តាច្រកទ្វារព្រំដែន។

ទី៣៖ ត្រូវក្រើនរំលឹក និងណែនាំដល់សមត្ថកិច្ចឈរជើងនៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ឱ្យបញ្ឈប់ជាបន្ទាន់នូវការយកកម្រៃក្រៅផ្លូវការពីពលករ។

ទី៤៖ ត្រូវចាត់តាំងថ្នាក់ដឹកនាំខេត្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ តាមដានជាប្រចាំអំពីស្ថានភាពនៃការធ្វើដំណើរចេញ-ចូលរបស់ពលករខ្មែរ និងរាយការណ៍មកក្រុមការងារត្រួតពិនិត្យដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែន នៅមុនម៉ោង១៦ និង៣០នាទី ជារៀងរាល់ថ្ងៃ។

ទី៥៖ ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីបញ្ចៀសពលករកុំឱ្យចាញ់បោកមេខ្យល់។

ទី៦៖ ត្រូវគ្រប់គ្រងស្ថិតិ និងលំហូរពលករចេញ-ចូលឆ្លងកាត់ព្រំដែនឱ្យបានច្បាស់លាស់ ព្រមទាំងខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតឡើង។

ទី៧៖ ត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាបសកម្មភាពមេខ្យល់ និងអ្នកសមគំនិត ដែលអូសទាញ ពលករឱ្យឆ្លងដែនខុសច្បាប់តាមគ្រប់រូបភាព។

ទី៨៖ អាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមច្រកទ្វារព្រំដែនត្រូវសហការសម្របសម្រួលជាមួយ អាជ្ញាធរថៃ ដើម្បីសម្រួលភាពងាយស្រួលដល់ដំណើរចេញ ចូលរបស់ពលករខ្មែរ។

និងទី៩៖ ត្រូវផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមសហការ និងរាយការណ៍នូវរាល់ភាព មិនប្រក្រតីនានានៅតាមតំបន់ព្រំដែន និងតាមបណ្តាច្រកទ្វារព្រំដែន។

ដោយឡែកសម្រាប់ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានដឹកនាំក្រុមការងារបន្តចុះត្រួតពិនិត្យច្រកព្រំដែនម៉ាឡៃ, ច្រកបឹងត្រកួន និងពេលរសៀលត្រលប់មកជួបជុំគ្នានៅច្រកអន្តរជាតិប៉ោយប៉ែតដើម្បី ប្រជុំបូកសរុបលទ្ធផល (តាមពេលវេលាជាក់ស្តែង)៕

website_news/2023161003.txt · Last modified: 2023/10/16 10:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki