website_news:2023161004

អង្គការមនុស្សធម៌ជួយសង្គ្រោះជនរងគ្រោះម៉ាឡេស៊ីដែលធ្លាក់ខ្លួនចាញ់បោកក្រុមឆបោកនៅកម្ពុជា

https://www.khmertimeskh.com/501374138//?p=1374138 October 10, 2023

នៅក្នុងប្រតិបត្តិការមួយ អង្គការមនុស្សធម៌អន្តរជាតិម៉ាឡេស៊ី (MHO) បានផ្តល់ព័ត៌មានសំខាន់ៗដល់នគរបាលកម្ពុជា ដើម្បីជួយសង្គ្រោះជនរងគ្រោះម៉ាឡេស៊ី ដែលបានចាញ់បោកក្រុម ផ្តល់ការងារក្លែងក្លាយ។ ក្នុងពេលជាមួយគ្នានេះ ពួកគេបានបំបែកទីតាំងក្រុមឆបោកមួយនៅក្រុងព្រះសីហនុ។ ជាងនេះទៅទៀត អាជ្ញាធរក្នុងស្រុកបានចាប់ខ្លួនជនជាតិចិន ៣នាក់ រួមទាំងមេខ្លោង និងបានរំដោះមនុស្សជាង ២០០នាក់ ដែលរងការបង្ខំឱ្យធ្វើការនៅក្នុងក្រុមហ៊ុនឆបោក។

នៅព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា លោក Azirul Syafiq តំណាងអង្គការ MHO បានអមដំណើរជនរងគ្រោះជាជនជាតិម៉ាឡេស៊ី ក្នុងការធ្វើដំណើរត្រឡប់ទៅអាកាសយានដ្ឋានអន្តរជាតិ Kuala Lumpur ។ ក្នុងអំឡុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងនៅអាកាសយានដ្ឋាន លោក Syafiq បានបង្ហាញព័ត៌មានលម្អិតអំពីរបៀបដែលអង្គការ MHO បានទាក់ទងជាសម្ងាត់ជាមួយជនរងគ្រោះម៉ាឡេស៊ី ដោយប្រមូលព័ត៌មានអំពីប្រតិបត្តិការខុសច្បាប់របស់ក្រុមឆបោក។ នៅពេលនោះ លោក Syafiq ស្ថិតក្នុងប្រទេសថៃ ដោយមើលការខុសត្រូវលើបេសកកម្មជួយសង្គ្រោះមួយផ្សេងទៀតសម្រាប់ជនរងគ្រោះមកពី Sabah ដែលជាប់ក្នុងប្រទេសមីយ៉ាន់ម៉ា។

លោក Azirul បានទាក់ទងភ្លាមៗទៅតំណាងបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) ដែលជាអង្គការដែលមានអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយនគរបាលជាតិកម្ពុជា។ ទំនាក់ទំនងដ៏សំខាន់នេះបានបើកការបញ្ជូនបន្តព័ត៌មានសម្ងាត់ទៅកាន់អាជ្ញាធរអនុវត្តច្បាប់ក្នុងតំបន់។ ដោយមានជំនួយសហការពីភ្នាក់ងារជាច្រើន និងមន្ត្រីនគរបាល ពួកគេបានជួយសង្គ្រោះជនរងគ្រោះចេញពីក្រុមហ៊ុនឆបោកមួយ ដែលកំពុងប្រតិបត្តិការនៅខេត្តព្រះសីហនុ។

លោក Syafiq បានរាយការណ៍ថា “នៅពេលទទួលបានព័ត៌មានសំខាន់នេះ នគរបាលរាជធានីភ្នំពេញបានចាត់វិធានការយ៉ាងរហ័សក្នុងរយៈពេល ២៤ម៉ោង ដោយបានរំដោះជនរងគ្រោះចេញពីកណ្ដាប់ដៃរបស់ក្រុមហ៊ុន និងចាប់ខ្លួនជនជាតិចិនចំនួន៣នាក់ រួមទាំងមេក្លោង ដែលត្រូវបានចោទប្រកាន់នៅពីក្រោយប្រតិបត្តិការឆបោក”។

ជនរងគ្រោះជាជនជាតិម៉ាឡេស៊ី អាយុ ២៨ឆ្នាំ ត្រូវបានគេល្បួងដោយសន្យាថានឹងផ្តល់ការងារដែលមានប្រាក់ខែខ្ពស់ ដោយធ្វើជាអ្នកចែកបៀក្នុងកាស៊ីណូនៅកម្ពុជា ដោយទទួលបានប្រាក់ចំណូលប្រចាំខែចំនួន១៣៥០ដុល្លារអាមេរិក។ ក្នុងអំឡុងពេលនោះពួកគេទទួលរងការរំលោភបំពានលើរាងកាយរយៈពេលពីរខែ ការឆក់ខ្សែភ្លើង និងការបង្ខិតបង្ខំដោយក្រុមឆបោក ដើម្បីចូលរួមក្នុងប្រតិបត្តិការចាប់ជំរិតជនជាតិចិនដើម្បីបំពេញទៅតាមការងារដែលបានដាក់អោយ។ ដោយរំលឹកពីហេតុការណ៍ដែលនាំអោយខ្លួនធ្លាក់ទៅក្នុងអន្ទាក់របស់ក្រុមខិលខូច គាត់បានពន្យល់ថា កាលពីខែសីហា ឆ្នាំនេះ មិត្តភ័ក្តម្នាក់បានណែនាំគាត់ឱ្យធ្វើការងារជាអ្នកចែកបៀកាស៊ីណូនៅកម្ពុជា ដោយសន្យាថានឹងទទួលបានប្រាក់ខែប្រចាំខែចំនួន១៣៥០ដុល្លារអាមេរិក។

ជាក់ស្តែងបំណងរបស់គាត់ត្រូវអសារបង់ នៅពេលដែលគាត់ធ្លាក់ចូលអន្ទាក់ក្នុងបណ្តាញក្រុមឆបោក។ រហូតដល់ Azirul Syafiq មកពីអង្គការ MHO ធ្វើអន្តរាគមន៍ ទើបគាត់រកផ្លូវរត់គេចខ្លួនបាន។ Azirul បានរៀបរាប់លម្អិតថា ជនល្មើសរឹបអូសលិខិតឆ្លងដែនរបស់ជនរងគ្រោះ បន្ទាប់ពីមកដល់កម្ពុជា។ ក្រោយមកគាត់ត្រូវបានបង្ខំឱ្យឡើងរថយន្តទៅទីតាំងក្រុមហ៊ុនឆបោកនៅខេត្តព្រះសី ហនុ។ សំណាងល្អ ជនរងគ្រោះអាចរក្សាបាននូវទូរស័ព្ទដៃរបស់គាត់ ដែលសមាជិកក្រុមឆបោកមិនបានរឹបអូស។ ខ្សែទូរស័ព្ទនេះបានអនុញ្ញាតឱ្យគាត់រក្សាទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់គាត់ និងជូនដំណឹងដល់អាជ្ញាធរអំពីភាពលំបាករបស់ខ្លួន។ នៅពេលបានទទួលពាក្យបណ្តឹងពីគ្រួសាររបស់គាត់កាលពីបីសប្តាហ៍មុន អង្គការ MHO បានផ្តួចផ្តើមប្រតិបត្តិការសង្គ្រោះភ្លាមៗ។

លោក Syafiq បានបន្ថែមថា “ជនរងគ្រោះបានស៊ូទ្រាំនឹងការរំលោភលើរូបរាងកាយធ្ងន់ធ្ងរ និងការឆក់ខ្សែភ្លើង ភាគច្រើនដោយសារតែគាត់មិនអាចបំពេញតាមអ្វីដែលបានដាក់អោយ។ “ក្នុងចំណោមជនរងគ្រោះទាំងអស់ គាត់បានរងទុក្ខវេទនាធ្ងន់ធ្ងរជាងគេ”។ គាត់បានបញ្ជាក់បន្ថែមថា ក្រៅពីធ្វើការអោយក្រុមឆបោក ជនរងគ្រោះក៏ត្រូវបានបង្ខិតបង្ខំឲ្យចាប់ជំរិតបុគ្គលជនជាតិចិនដែលមានទ្រព្យសម្បត្តិផងដែរ។

បច្ចុប្បន្នក្រុមឆបោក កំពុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបង្កើតប្រាក់ចំណូលខុសច្បាប់បន្ថែមទៀត។ គាត់បានបន្ថែមថា ទោះបីជាជនរងគ្រោះភាគច្រើនត្រូវបានបង្ខាំងក្នុងក្រុងព្រះសីហនុក៏ដោយ ផ្អែកលើព័ត៌មានដែលទទួលបានតាមរយៈ MHO និងកិច្ចសហការ IJM កម្ពុជាមិនមែនជាទីតាំងសំខាន់សម្រាប់បង្ខាំងមនុស្ស ជាពិសេសជនជាតិម៉ាឡេស៊ីនោះទេ។ លោក Azirul បាននិយាយថា “ប្រតិបត្តិការនេះជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តមិនរុញរារបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោក និងដោះស្រាយបញ្ហាធ្ងន់ធ្ងរនៃការជួញដូរមនុស្ស” ។

website_news/2023161004.txt · Last modified: 2023/10/16 10:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki