website_news:2023161102

មន្រ្តីក្រសួងមហាផ្ទៃ៖ ការប្រឆាំងការជួញដូរមនុស្ស ទាមទារការរួមគ្នារវាងអន្តរស្ថាប័ន និងសហការប្រទេសនានា

https://www.kampucheathmey.com/local-news/611330 ថ្ងៃចន្ទ ១៣ វិច្ឆិកា ២០២៣ដោយ Thoeun Vansong

ការប្រឆាំងការជួញដូរមនុស្ស ទាមទារការរួមសហការគ្នារវាងអន្តរក្រសួង-ស្ថាប័ន និងអង្គការជាដៃគូ ព្រមទាំងកិច្ចសហប្រតិបត្តិជាមួយបណ្ដាប្រទេសនានា ដើម្បីឈានឆ្ពោះទៅរកទស្សនវិស័យលុបបំបាត់បទល្មើសជួញដូរមនុស្ស។ នេះជាការអះអាងរបស់លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិ វាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) នាថ្ងៃទី១៣ ខែវិច្ឆិកានេះ លោកស្រី ជូ ប៊ុនអេង បានសង្កត់ធ្ងន់ថា ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមានស្ថានភាពនឹងនរ ហើយការងារនេះ គឺជាការងាររួមរវាងអន្តរក្រសួង-ស្ថាប័ន និងអង្គការជាដៃគូ ទាំងជាតិ និងអន្តរជាតិ រួមទាំងកិច្ចសហការជាមួយបណ្ដាប្រទេសនានា ដើម្បីកាត់បន្ថយការរងគ្រោះរបស់ជនរងគ្រោះ និងឈានឆ្ពោះទៅរកទស្សនវិស័យលុបបំបាត់នូវបទល្មើសតែម្ដង។

ចំពោះសិក្ខាសាលានាពេលនេះ ត្រូវបានលោកស្រីរដ្ឋលេខាធិការ ជូ ប៊ុនអេង បញ្ជាក់ថា គឺជាកិច្ចប្រជុំក្បាលម៉ាស៊ីនថ្នាក់ជាតិ ដើម្បីវាយតម្លៃលើចំណុចខ្វះខាត ចន្លោះប្រហោងនៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) ក៏ដូចជាពិភាក្សាប្រមូលធាតុចូល និងទិន្នន័យពីអ្នកពាក់ព័ន្ធទាំងអស់ ដែលជាសមាជិកនៃគណៈកម្មាធិការជាតិ សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំបន្ត (២០២៤-២០២៨)។ លោកស្រី បន្តថា ការប្រមូលព័ត៌មាន និងធាតុចូលពីអ្នកអនុវត្តផ្ទាល់ និងអ្នកអនុវត្តសកម្មលើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ជាព័ត៌មានមូលដ្ឋាន ដោយពួកគាត់ជាអ្នកចុះផ្ទាល់ជាមួយស្ថាប័នពាក់ព័ន្ធ ចុះតាមសហគមន៍ ដើម្បីប្រមូលមតិពីជនរងគ្រោះ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស សង្ឃឹម និងជឿជាក់ថា តាមរយៈកិច្ចប្រជុំនាថ្ងៃនេះ នឹងផ្ដល់ជាទិន្នន័យ ធាតុចូល និងព័ត៌មានខុសៗគ្នា ដើម្បីយកមកបញ្ចូលគ្នាសម្រាប់កំណត់នូវចំណុចជាអាទិភាពក្នុងផែនការ៥ឆ្នាំទៅមុខ ក៏ដូចជារួមគ្នាប៉ាន់ប្រមាណការវិវត្តនៃបទល្មើសនានាបន្តទៀត។

គួរជម្រាបថា ផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ សម្រាប់ឆ្នាំ២០២៤-២០២៨ មានយុទ្ធសាស្ត្រចំនួន៤ រួមមាន៖ ១.ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាង និងអនុវត្តច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តនានា, ២.លើកកម្ពស់ការបង្ការទប់ស្កាត់រាល់ទម្រង់នៃអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើកុមារ, ៣.ពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌឆ្លើយតបទៅនឹងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និង ៤.បង្កើនកិច្ចការពារជនរងគ្រោះ៕

website_news/2023161102.txt · Last modified: 2023/11/16 10:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki