website_news:2023170502

ពលករខ្មែរនៅប្រទេសថៃរាប់រយនាក់មានជីវភាពខ្វះខាតដោយសារអត់ការងារធ្វើ

https://www.rfa.org/khmer/news/human-rights/some-cambodian-workers-in-thailand-are-living-in-poverty-due-to-unemployment-05152023072938.html ដោយ សុជីវី2023.05.15

ពលករខ្មែររាប់រយនាក់នៅក្នុងខេត្តមួយនៃប្រទេសថៃកំពុងជួបការលំបាកខ្វះលុយទិញអាហារ និងបង់ថ្លៃបន្ទប់ជួល ដោយសារអត់ការងារធ្វើ។ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យស្ថាប័នពាក់ព័ន្ធដោះស្រាយឱ្យបានទាន់ពេលយ៉ាងហោចណាស់ ជួយឱ្យពលករទាំងនោះមានអាហារ និងកន្លែងស្នាក់នៅសមរម្យ។ ពលករខ្មែររាប់រយនាក់ធ្វើការងារនៅក្នុងតំបន់មួយនៅក្នុងខេត្តរ៉ាក់យង់ (Rayong) ប្រទេសថៃ កំពុងជួបបញ្ហាខ្វះខាត អាហារនិងមិនមានលុយបង់ថ្លៃបន្ទប់ជួលដោយ សារតែគ្មានការងារធ្វើ។

ពលករខ្មែរលោកស្រី ស៊ិន ដា ថ្លែងនៅថ្ងៃទី១៤ ខែឧសភា ថា រោងចក្រជាច្រើនបានបញ្ឈប់ពលករខ្មែរជាបន្តបន្ទាប់ ដោយមិនមានផ្តល់សំណងអ្វីសមស្របទេ បណ្តាលឱ្យអ្នកទាំងនោះបាត់បង់ប្រាក់ចំណូលសម្រាប់ចំណាយលើអាហារ និងការស្នាក់នៅ។ លោកស្រី ស៊ិន ដា៖ «ឥឡូវរោងង៉ាន(រោងចក្រ)គេកាត់ឈ្មោះច្រើនណាស់ រាប់រយនាក់ឯណោះ។ គេថា អត់ការងារធ្វើរោងង៉ានគេកាត់ឈ្មោះចោលបណ្តោយ។ គេឱ្យយើងទៅរកការងារថ្មី ទៅរកឯណាក៏រកទៅ»។ លោកស្រីបន្តថា ពលករខ្មែរ៥នាក់កំពុងសុំបន្ទប់របស់លោកស្រីស្នាក់នៅ ខណៈរាប់រយនាក់ ផ្សេងទៀតក៏កំពុងសុំអ្នកស្គាល់គ្នាស្នាក់នៅដែរ។

ពលករម្នាក់ទៀតគឺយុវតី គឹម សៀន ឱ្យដឹងថា កញ្ញាត្រូវរើអីវ៉ាន់ចេញទៅនៅបន្ទប់អ្នកជិតខាងនៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយសារតែមិនមានលុយបង់ថ្លៃបន្ទប់ជួល។ កញ្ញា គឹម សៀន ថា អត់ការងារធ្វើនៅដើមខែឧសភា ហើយម្យ៉ាងគ្រួសារកញ្ញាជំពាក់បំណុលគេច្រើន ទើបមិនអាចខ្ចីលុយថៅកែ ឬអ្នកផ្សេងដើម្បីដោះស្រាយក្នុងស្ថានភាពលំបាកនេះបានទេ។ កញ្ញា គឹម សៀន៖ «ប្រាប់គាត់ហើយ គាត់ថា ឱ្យយកលុយថៅកែនៅរោងង៉ាន(រោងចក្រ)ចាយសិន។ ប៉ុន្តែថៅកែគាត់ថា អត់អាចយកបានទេ ព្រោះថា ជំពាក់ច្រើនហើយ»។

សមាជិកបណ្តាញអ្នកស្ម័គ្រចិត្តជួយពលករខ្មែរនៅប្រទេសថៃលោក សយ ប៊ុនរ៉េត ឱ្យដឹងថា ពលករខ្មែរនៅក្នុងខេត្តរ៉ាក់យង់ កំពុងជួបការលំបាកច្រើន គឺអ្នកចាស់ បាត់បង់ការងារ ចំណែកអ្នកដែលទើបធ្វើដំណើរពីកម្ពុជា ទៅដល់ទឹកដីថៃថ្មីៗ រកការងារមិនបានធ្វើនៅឡើយ។ លោកបន្តថា មូលហេតុដែលពលករខ្មែរត្រូវគេបញ្ឈប់ពីការងារ មិនទទួលបាន សំណងនោះដោយសារពួកគេជាពលករខុសច្បាប់ និងមួយចំនួនមិនគ្រប់អាយុដែល ច្បាប់ការងារថៃទទួលឱ្យធ្វើការ។ ចំណែកករណីយុវតី គឹម សៀន ដែលកំពុងប្រឈមការដេញចេញ ពីបន្ទប់ស្នាក់ នៅនោះលោក ប៊ុន រ៉េត ថា លោកកំពុងសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធឱ្យជួយដោះស្រាយ។ លោក ប៊ុន រ៉េត៖ «ខ្ញុំប្រាប់ធាហើយ ហើយធា ថា គេកំពុងពិភាក្សាជាមួយមេធំថា តើអាចជួយថ្លៃហង់(បន្ទប់ជួល)បានឬយ៉ាងណា? ៣ពាន់ហ្នឹង(បាត) ឬមានកញ្ចប់ស្បៀងអាហារថែមទៀត»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង មានប្រសាសន៍ថា អ្នកដែលទទួលខុសត្រូវចំពោះ បញ្ហានេះ គឺស្ថានទូត ខ្មែរប្រចាំនៅប្រទេសថៃ។ លោកជំរុញឱ្យស្ថានទូតជួយដោះស្រាយឱ្យបានទាន់ពេល យ៉ាងហោចណាស់ឱ្យពលករមានអាហារនិងកន្លែងស្នាក់នៅសមរម្យ។ លោក យង់ គិមអេង៖ «ឥឡូវគាត់អស់លុយអស់កាក់ហើយ គាត់អស់ទាំងលុយ ទិញអាហារហូបចុកអីផងអាហ្នឹង យ៉ាងហោចណាស់ក៏ជួយដោះស្រាយ អាហារហូប ចុកគ្នាខ្លះអ៊ីចឹងទៅ»។

វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ និង មន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ដើម្បីសាកសួរបញ្ហានេះបានទេ នៅថ្ងៃទី១៤ ខែឧសភា។

តាមរបាយការណ៍របស់អង្គការសង់ត្រាល់គឺក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ នៅខែមេសាកន្លងទៅនេះចំនួនពលរដ្ឋខ្មែរសម្រុកទៅរកការងារធ្វើនៅក្នុងប្រទេសថៃដោយខុសច្បាប់មានចំនួនច្រើន។ របាយការណ៍សង់ត្រាល់ក៏បានឱ្យដឹងទៀតថា ពលករខ្មែរកំពុងធ្វើការងារនៅក្នុងប្រទេសថៃ មានប្រមាណ ២លាននាក់ ក្នុងនោះពាក់កណ្តាលជាពលករខុសច្បាប់ដែលប្រឈមសមត្ថកិច្ចថៃចាប់ខ្លួន និងប្រឈមការកេងប្រវ័ញ្ចពីថៅកែដែរ។ នៅចុងខែមេសា កន្លងទៅ ក៏មានពលករខ្មែរជាង ៨រយនាក់ត្រូវយោធាថៃចាប់ខ្លួនដោយសារមិនមានឯកសារស្នាក់នៅស្របច្បាប់ នៅក្នុងនោះមួយចំនួនត្រូវយោធាថៃ ចងដោយច្រវាក់ជាក្រុមៗ៕

website_news/2023170502.txt · Last modified: 2023/05/17 10:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki