website_news:2023171001

ភាគីថៃ ឯកភាពជួយសម្រួលការធ្វើដំណើររបស់ពលរដ្ឋខ្មែរតាមច្រកព្រំដែន នាឱកាសភ្ជុំបិណ្ឌ

https://www.kampucheathmey.com/local-news/595265 ថ្ងៃព្រហស្បតិ៍ ១២ តុលា ២០២៣ដោយ Thoeun Vansong

អគ្គនាយកស្ដីទីការិយាល័យអន្តោប្រវេសន៍ថៃ បានទទួលយកសំណើរបស់កម្ពុជា ដោយបានបញ្ជាឱ្យមន្ត្រីរបស់ខ្លួន ជួយសម្របសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋកម្ពុជានៅតាមច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា និងថៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ការឯកភាពរបស់ភាគីថៃនេះ បានធ្វើឡើងក្រោយពេលឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានស្នើសុំកិច្ចសម្របសម្រួលពីការិយាល័យអន្តោប្រវេសន៍ថៃចំពោះការសម្របសម្រួលដល់ប្រជាពលរដ្ឋកម្ពុជា សម្រាប់ការធ្វើដំណើរចូល-ចេញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ក្នុងជំនួបកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានប្រាប់លោកឧត្តមសេនីយ៍ត្រី ផាន់ថានៈ នុជ្ជនាថ អគ្គនាយកស្តីទីការិយាល័យអន្តោប្រវេសន៍ នៃអគ្គស្នងការនគរបាលថៃ ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហការ និងសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ។ ក្នុងនោះ លោកអគ្គនាយកអន្តោប្រវេសន៍ បានស្នើសុំកិច្ចសម្របសម្រួលពីការិយាល័យអន្តោប្រវេសន៍ថៃចំពោះការសម្របសម្រួលដល់ប្រជាពលរដ្ឋកម្ពុជា ដែលស្នាក់នៅប្រទេសថៃ ពេលធ្វើដំណើរចូល-ចេញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។ បើតាមអគ្គនាយកអន្តោប្រវេសន៍រូបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងបម្រើការងារនៅប្រទេសថៃ ដើម្បីអាចធ្វើដំណើរទៅមកដោយមានសុខសុវត្ថិភាព និងមានភាពងាយស្រួល។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ត្រី ផាន់ថានៈ នុជ្ជនាថ អគ្គនាយកស្តីទីការិយាល័យអន្តោប្រវេសន៍ថៃ បានឯកភាពចំពោះសំណើនេះ និងសន្យាដាក់បញ្ជាទៅតាមច្រកទ្វារព្រំដែនអន្តរជាតិរបស់ខ្លួនជាមួយភាគីកម្ពុជា ឱ្យសម្របសម្រួលចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ឧត្តមសេនីយ៍ត្រីថៃរូបនេះ ក៏បានសម្ដែងការអំណរគុណចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ដែលបានបន្តកិច្ចសហប្រតិបត្តិការដ៏ល្អ កន្លងមក តាមរយៈការសម្របសម្រួលការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការឆ្លើយតបចំពោះសភាពការណ៍ជាទូទៅនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ។

ទន្ទឹមនឹងការអរគុណនេះ លោកអគ្គនាយកស្តីទីការិយាល័យអន្តោប្រវេសន៍ថៃ បានស្នើសុំដល់លោកឧត្តមសេនីយ៍ឯក សុខ វាសនា ចំពោះការសម្របសម្រួលកិច្ចសហការផ្លាស់ប្តូរព័ត៌មានអន្តោប្រវេសន៍ ក្នុងរូបភាពទប់ស្កាត់បទល្មើសផ្សេងៗ ជាអាទិ៍ ការជួញដូរមនុស្ស ការក្លែងបន្លំឯកសារធ្វើដំណើរ និងការធ្វើដំណើររបស់ជនសង្ស័យដែលពាក់ព័ន្ធនឹងបទល្មើសផ្សេងៗចូលមកកាន់កម្ពុជា ឬក្នុងប្រទេសថៃ។

តាមរយៈសំណើនេះ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានឯកភាព និងទទួលសំណើលើការផ្លាស់ប្តូរព័ត៌មាន ដើម្បីជាការធានាឱ្យបានក្នុងការរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់របស់ប្រទេសកម្ពុជា ក៏ដូចជាសម្រាប់ប្រទេសក្នុងតំបន់។ លោកអគ្គនាយក សង្ឃឹមថា អង្គភាពទាំងពីរ នឹងបន្តរឹតចំណងកិច្ចសហប្រតិបត្តិការឱ្យកាន់ តែប្រសើរឡើងថែមទៀត ក្នុងនាមជាអ្នកជិតខាងល្អ៕

website_news/2023171001.txt · Last modified: 2023/10/17 09:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki