website_news:2023171002

កម្ពុជា-ថៃបន្តបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ

https://www.kampucheathmey.com/local-news/595325 ថ្ងៃព្រហស្បតិ៍ ១២ តុលា ២០២៣ដោយ deth leng

លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានអនុញ្ញាតឱ្យអនុប្រធាននាយកដ្ឋានកណ្តាលអន្តោប្រវេសន៍ថៃ ឧត្តមសេនីយ៍ទោ PHANTHANA NUTCHANART ចូលជួប សម្តែងការគួសម និងបន្តបង្កើនកិច្ចសហប្រតិបត្តិរវាងគ្នាឱ្យកាន់តែល្អប្រសើរ ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ កិច្ចជំនួបនេះ ធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

ជាកិច្ចចាប់ផ្តើម អនុប្រធាននាយកដ្ឋានកណ្តាលអន្តោប្រវេសន៍ថៃ ឧត្តមសេនីយ៍ទោ PHANTHANA NUTCHANART បានអបអរសាទរចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេតដែលបានត្រូវព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាអគ្គស្នងការនគរបាលជាតិ និងស្នើសុំបន្តពង្រឹងកិច្ចសហប្រតិការរវាងភាគីទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ឧត្តមសេនីយ៍ទោ PHANTHANA NUTCHANART បានបន្តទៀតថា ក្រោយកិច្ចសហប្រតិបត្តិយ៉ាងល្អរយៈពេល២ឆ្នាំកន្លងទៅនេះ បទល្មើសឆ្លងដែនជាច្រើន ដូចជាបទល្មើសអនឡាញ បទល្មើសជួញដូរមនុស្ស បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗ ត្រូវបានទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលា។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ស ថេត ស្នើសុំឱ្យភាគីថៃបន្តផ្លាស់ប្តូព័ត៌មានទាក់ទងនឹងបទល្មើសឆ្លងដែនឱ្យទាន់ពេលវេលា និងមានភាពច្បាស់លាស់ ដើម្បីឈានទៅបង្រ្កាបបទល្មើសដែលកើតមានឡើងរវាងប្រទេសទាំងពីរឱ្យទទួលបានជោគជ័យបន្ថែមទៀត។ លោកអគ្គស្នងការនគរបាលជាតិ អរគុណភាគីថៃ ដែលបានសម្របសម្រួល និងផ្តល់កិច្ចសហការល្អនៅពេលមានការស្នើសុំតាមចាប់ខ្លួនជនល្មើស ដែលរត់ទៅលាក់ខ្លួននៅក្នុងប្រទេសថៃ ហើយបានចាប់បញ្ជូនមកកាត់ទោសនៅក្នុងព្រះរាជាណាចក្រកម្ពុជាវិញ។

លើសពីនេះ ភាគីកម្ពុជា ក៏ជំរុញឱ្យភាគីថៃបន្តយកចិត្តទុកដាក់ចំពោះពលករខ្មែរដែលធ្វើចំណាកស្រុកខុសច្បាប់ ដែលបញ្ជូនត្រឡប់មកកម្ពុជាវិញ សូមបញ្ជូនមកវិញជាដំណាក់កាលៗ ដោយមានការយោគយល់ និងគោរពសិទ្ធិមនុស្ស។ អគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយកដ្ឋាន កណ្តាលអន្តោប្រវេសន៍ថៃ ក៏បានឯកភាពគ្នា ក្នុងការពិនិត្យឡើងវិញទៅលើខ្លឹមសារពាក់ព័ន្ធដូចមានចែងក្នុងកំណត់ហេតុធ្វើការងារ នៃកិច្ចប្រជុំលើកទី៣ រវាងកម្ពុជាថៃ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំទ្វេរភាគីលើកទី៤៕

website_news/2023171002.txt · Last modified: 2023/10/17 09:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki