website_news:2023171006

ខ្លួនក៏ឈឺ លុយត្រូវគេបោកទៀត! ពលរដ្ឋខ្មែរ១៨នាក់ ដេករង់ចាំការវះកាត់ដូរសរីរាង្គនៅឥណ្ឌារាប់ខែ ខណៈលុយជិត១លានដុល្លារ ត្រូវតំណាងមន្ទីរពហុព្យាបាលមេត្រូ ប្រមូលគេចខ្លួនបាត់

https://freshnewsasia.com/index.php/en/localnews/314107-2023-10-16-11-27-54.html?fbclid=IwAR3PvbQm6rar1w-hRvQXZjN2Qh7nUSsl95eo6WDAXXOR89ZET0F5BwER1Q4 2023-10-16 06:27pm

(ភ្នំពេញ)៖ ពិតជាគ្រោះជាន់លើគ្រោះមែន ខ្លួនក៏ឈឺ លុយបង់ថ្លៃសេវាព្យាបាលត្រូវគេប្រមូលគេចខ្លួនបាត់អស់ទៀត។ ប្រជាពលរដ្ឋខ្មែរ ១៨នាក់ ដែលមានបញ្ហាតម្រង់នោម ដែលហៅទូទៅថាក្រលៀននោះ កំពុងផុងខ្លួនដេករង់ចាំសេវាដូរតម្រង់នោមនៅប្រទេសឥណ្ឌាអស់រាប់ខែហើយ តែមិនទទួលបានសេវាដោយសារលុយបង់សម្រាប់ការព្យាបាលនោះ ត្រូវតំណាងមន្ទីរពហុព្យាបាលមេត្រូប្រមូលរត់គេចខ្លួនបាត់។

ពលរដ្ឋខ្មែរម្នាក់ក្នុងចំណោម១៨នាក់ កំពុងដេកទន្ទឹងរង់ចាំសេវាព្យាបាលនៅប្រទេសឥណ្ឌា បានប្រាប់បណ្តាញព័ត៌មាន Fresh News តាមបណ្តាញតេឡេក្រាម ពីប្រទេសឥណ្ឌានៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះថា រូបគាត់មានជំងឺខូចតម្រងនោម ហើយបានទាក់ទងរកសេវាព្យាបាលជាមួយមន្ទីរពហុព្យាបាល មេត្រូ អអ៉ិលវី (Metro RLV Polyclinic) ដែលជាតំណាងរបស់មន្ទីរពេទ្យមេត្រូ របស់ប្រទេសឥណ្ឌា កាលពីខែមីនា ឆ្នាំ២០២៣។ ដើម្បីទទួលបានសេវាព្យាបាលដោយការដូរតម្រងនោមនៅប្រទេសឥណ្ឌា អ្នកជំងឺមកពីខេត្តបន្ទាយមានជ័យ ដែលសូមលាក់អត្តសញ្ញាណរូបនេះ បានបង់ប្រាក់ប្រមាណ ៥ម៉ឺនដុល្លារអាមេរិក ឱ្យទៅលោក ង៉ែត សំអូន ជាអគ្គនាយកមន្ទីរពហុព្យាបាលមេត្រូ អអិលវី នៅក្នុងរាជធានីភ្នំពេញ។

អ្នកជំងឺរូបនេះ បានបន្តរៀបរាប់ថា បន្ទាប់ពីបានលុយហើយនោះ រូបលោកត្រូវបានបញ្ជូនទៅកាន់ប្រទេសឥណ្ឌា ដើម្បីទទួលសេវាព្យាបាល។ ក្រោយពេលទៅដល់ប្រទេសឥណ្ឌា រូបលោក មិនទទួលបានសេវាដូរតម្រងនោម ដូចអ្វីដែលមន្ទីរពហុព្យាបាលមេត្រូ បានសន្យានោះឡើយ។ អ្នកជំងឺរូបនេះ បានដេករង់ចាំសេវាដូរតម្រងនោមនៅប្រទេសឥណ្ឌាអស់រយៈពេល៧ខែមកហើយ។ បើតាមអ្នកជំងឺរូបនេះបានឱ្យដឹងថា ការដែលរូបលោក មិនទទួលបានសេវាដូរតម្រងនោមនេះ ដោយសារតែលោក ង៉ែត សំអូន ដែលជាអគ្គនាយកមន្ទីរពហុព្យាបាលមេត្រូ នៅក្នុងរាជធានីភ្នំពេញ មិនបានបង់ប្រាក់ឱ្យទៅមន្ទីរពេទ្យមេត្រូវនៅក្នុងប្រទេសឥណ្ឌា។

នៅពេលសួរទៅតំណាងមន្ទីរពហុព្យាបាលមេត្រូនៅភ្នំពេញ គេបានអះអាងថា ក្រុមហ៊ុននៅភ្នំពេញក្ស័យធន មិនមានលុយបង់សម្រាប់ការព្យាបាលនេះឡើយ។ ក្រៅតែពីអ្នកជំងឺដែលបានផ្តល់ព័ត៌មានខាងលើនេះ នៅមានអ្នកជំងឺជាពលរដ្ឋខ្មែរ ១៧នាក់ផ្សេងទៀត កំពុងដេករង់ចាំដំណោះស្រាយ និងទទួលបានសេវាដូរតម្រងនោម។ ប៉ុន្តែការរង់ចាំបានអូសបន្លាយអស់ជាច្រើនខែ ដោយគ្មានពន្លឺដំណោះស្រាយ ហើយលោក ង៉ែត សំអូន ដែលជាអ្នកទទួលលុយនោះ បានគេចខ្លួនបាត់ហើយ។

បើតាមអ្នកជំងឺខាងលើនេះ បានអះអាងថា ទាំងរូបលោក និងអ្នកជំងឺ ១៧នាក់ទៀត សុទ្ធតែជាអ្នកត្រូវដូរតម្រងនោម ហើយបានបង់ថ្លៃសេវាដូរនេះរួចរាល់ហើយ។ មកដល់ពេលនេះ អ្នកជំងឺខ្លះដេករង់ចាំការដូរតម្រងនោម រយៈពេល៤ ខ្លះ៥ ខ្លះ៧ខែ ខ្លះ៨ខែ និងខ្លះទៀត ៩ខែហើយ។ ខណៈពន្លឺនៃការទទួលបានសេវាដូរតម្រងនោមមិនដឹងថា លទ្ធផលយ៉ាងណានោះ ពួកគាត់ក៏ត្រូវចំណាយថ្លៃលាងឈាម និងថ្លៃអាហារហូបចុកអស់ជាច្រើនទៀត។

ពលរដ្ឋខ្មែរកំពុងមានជំងឺតម្រងនោមទាំង១៨រូបនេះ និងកំពុងទន្ទឹងរង់ចាំឱកាសបន្តដង្ហើមជីវិតតាមរយៈការដូរតម្រងនោមបានអំពាវនាវសូមការជួយអន្តរាគមន៍ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈពួកគេគ្មានក្តីសង្ឃឹមថា លោក ង៉ែត សំអូន អគ្គនាយកមន្ទីរពហុព្យាបាលមេត្រូ នៅរាជធានីភ្នំពេញ នឹងចេញមុខដោះស្រាយនោះឡើយ។

ពាក់ព័ន្ធនឹងករណីខាងលើ បណ្តាញព័ត៌មាន Fresh News មិនទាន់សុំការបំភ្លឺពីខាង ពហុព្យាបាលមេត្រូ នៅរាជធានីភ្នំពេញ បាននៅឡើយទេ,Fresh News រង់ចាំការបំភ្លឺពីខាងពហុព្យាបាលមេត្រូ ចំពោះការលើកឡើងខាងលើរបស់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅប្រទេសឥណ្ឌា៕

website_news/2023171006.txt · Last modified: 2023/10/17 10:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki