website_news:2023171101

ឯកអគ្គរដ្ឋទូតគោចរអាមេរិកនឹងពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធការជួញដូរមនុស្សនិងអំពើឆបោកតាមអ៊ិនធឺណិត

https://khmer.voanews.com/a/us-ambassador-at-large-to-discuss-with-cambodian-government-on-human-trafficking-and-cyber-scams/7357712.html ១៦ វិច្ឆិកា ២០២៣ស៊ឹម ចាន់សំណាង

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតគោចរសហរដ្ឋអាមេរិកទទួលបន្ទុកតាមដាន និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស អ្នកស្រី Cindy Dyer កំពុងធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា និងក្នុងតំបន់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ ការមកបំពេញទស្សកិច្ចរបស់មន្ត្រីការទូតអាមេ រិកជាន់ខ្ពស់រូបនេះ កើតមានឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយ និងរបាយការណ៍នានា បង្ហាញអំពីអំពើឆបោកតាមអនឡាញ និងការបង្ខាំងមនុស្សដែលបានកើតឡើងនៅកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសអាមេរិក ចេញផ្សាយកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកស្រី Cindy Dyer នឹងស្នាក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិកចេញផ្សាយកាលពីថ្ងៃពុធ មន្ត្រីការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិករូបនោះ គ្រោងជួបពិភាក្សាជាមួយមន្រ្តីរដ្ឋាភិបាលកម្ពុជាជាច្រើនរូប រួមមានក្រសួងយុត្តិធម៌ ក្រសួងការងារ ក្រសួងសង្គមកិច្ច នគរបាលជាតិ និង គណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស (NCCT) និងភាគីពាក់ព័ន្ធផ្សេងទៀត ក្នុងគោលបំណងកសាងទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មីសម្រាប់ការសម្របសម្រួលនាពេលអនាគត និងការតស៊ូមតិសម្រាប់វឌ្ឍនភាពក្នុងវិស័យសំខាន់ៗ រួមទាំងការបង្កើនការស៊ើបអង្កេត និងការផ្តន្ទាទោសលើប្រតិបត្តិការបោកប្រាស់តាមបណ្តាញអ៊ីនធឺណិតជាដើម។ អ្នកស្រី Cindy Dyer ក៏នឹងចូលរួមកិច្ចពិភាក្សាជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើការលើការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិកបានលើកឡើងថា៖ «កិច្ចពិភាក្សានឹងផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារជនរងគ្រោះពីការជួញដូរ រួមទាំងការ ផ្តល់សេវាជំនួយការពារដល់ជនរងគ្រោះនៃការជួញដូរ និងជនចំណាកស្រុក ដែលងាយរងគ្រោះ ការកសាងសមត្ថភាពសម្រាប់អ្នកផ្តល់សេវា និងមន្ត្រីរដ្ឋាភិបាល ដើម្បីកែលម្អអត្តសញ្ញាណជនរងគ្រោះ និងការបញ្ជូនបន្ត និងការដោះស្រាយនិន្នាការដែលកំពុងលេចឡើងនៃឧក្រិដ្ឋកម្មដោយបង្ខំ»។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា ទស្សនកិច្ចរបស់អ្នកស្រី Cindy Dyer នៅប្រទេសកម្ពុជា នឹងរួមចំណែកដល់ការដោះស្រាយបញ្ហានៃការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ ក្រោយសហរដ្ឋអាមេរិកបានដាក់កម្ពុជានៅចំណាត់ថ្នាក់លេខ៣ក្នុងបញ្ជីខ្មៅ ស្តីពីការជួញដូរមនុស្សដ៏សម្បើមមួយ។ ការណ៍នេះបានជះឥទ្ធិពលជាអវិជ្ជមានមកលើមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ លោកថ្លែងថា៖ «យើងឃើញហើយថា សហរដ្ឋអាមេរិកដែលដាក់ចំណាត់ថ្នាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ ៣ ដែលក្នុងបញ្ជីខ្មៅ នៃការជួញដូរមនុស្សហ្នឹង វាធ្វើឲ្យមានការប៉ះពាល់ច្រើនដែរសម្រាប់កម្ពុជាយើង ហើយប្រសិនជាកម្ពុជាយើងមិនបានខិតខំបន្ថែមទៀត នៅក្នុងការទប់ស្កាត់ការជួញដូរមនុស្ស ឬការឆបោកតាមប្រព័ន្ធអនឡាញទេ ហ្នឹងវាមិនអាចឡើងចំណាត់ថា្នក់បាន»។

បើតាមលោក អំ សំអាត ស្ថានភាពនៃការជួញដូរមនុស្ស និងករណីឆបោកតាមប្រព័ន្ធអនឡាញនៅតែបន្តកើតមានក្នុងប្រទេសកម្ពុជា ដោយមានរបាយការណ៍ជាច្រើនរួមមានរបាយការណ៍របស់អង្គការសហប្រជាជាតិផងដែរ។ លោកស្នើឲ្យរដ្ឋាភិបាលពង្រឹងសមត្ថភាពរបស់មន្ត្រី និងអាជ្ញាធរទទួលបន្ទុកបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ ដោយសារតែករណីនៃការឆបោកផ្សេងៗបានកំពុងលេចឡើងជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ លោកថ្លែងថា៖ «បញ្ហាបទល្មើសនេះវាទំនើបកម្មតាមប្រព័ន្ធបចេ្ចកវិទ្យា អ៊ីចឹងអាជ្ញាធរដែលពាក់ព័ន្ធនៅក្នុងរឿងហ្នឹងគឺត្រូវតែទទួលបានការបណ្តុះបណ្តាលបន្ថែម ដើម្បីឲ្យរត់តាមសភាពការណ៍ ក៏ដូចជាការកំណត់នៃបទល្មើសឲ្យទាន់ពេលវេលា»។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន និងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បដិសេធផ្តល់ការអត្ថាធិប្បាយ ដោយបានបង្វែរសំណួរទៅអនុប្រធាន អចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង។ វីអូអេមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយពីអ្នកស្រី ជូ ប៊ុនអេង បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។

អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា អ្នកស្រី Katherine M. Diop ប្រាប់វីអូអេតាមសារអ៊ីមែលថា ការមកបំពេញការងារការទូតរបស់អ្នកស្រី Cindy Dyer ក្នុងប្រទេសកម្ពុជា បានបង្ហាញពីផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់អាមេរិកក្នុងភាពជា ដៃគូជាមួយអ្នកពាក់ព័ន្ធនានាក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក ដើម្បីលើកទឹកចិត្តរដ្ឋាភិបាលឲ្យទទួលខុសត្រូវលើការទប់ស្កាត់អំពើអ្នកជួញដូរមនុស្ស និងការពារជនរងគ្រោះ។ អ្នកស្រីបន្តថា អ្នកស្រីឯកអគ្គរដ្ឋទូតគោចរ Dyer កំពុងតែជួបពិភាក្សាផ្ទាល់ជាមួយមន្ត្រីជាន់ខ្ពស់មកពីក្រសួង ស្ថាប័ននានា រួមទាំងគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស (NCCT) ផងដែរ។ អ្នកស្រី Katherine M.Diop លើកឡើងតាមសារអ៊ីមែលជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាខេមរភាសាថា៖ «សហរដ្ឋអាមេរិកនៅជាមួយប្រជាជនកម្ពុជាក្នុងការកំណត់អត្តសញ្ញាណ គាំទ្រ និងស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះដោយការជួញដូរមនុស្ស»។

របាយការណ៍របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNHCHR) ដែលចេញផ្សាយកាលពីចុងខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជាមនុស្សប្រមាណជា ១០ ម៉ឺននាក់ ត្រូវបានបង្ខំឲ្យធ្វើការងារឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។ ហើយករណីឆបោកតាមប្រព័ន្ធអនឡាញនេះ ក៏បានកើតឡើងនៅក្នុងប្រទេសចំនួន៥ ក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមានកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា និងហ្វីលីពីន ដោយករណីជនរងគ្រោះនៃការឆបោកតាមប្រព័ន្ធអនឡាញទាំងនោះ បានប្រឈមនឹងការគំរាមកំហែង និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដោយពួកគេទទួលរងការធ្វើទារុណកម្មយ៉ាងឃោរឃៅ អំពើអមនុស្សធម៌ ថោកទាប ការឃុំខ្លួនដោយបំពាន អំពើហិង្សាផ្លូវភេទ ពលកម្មដោយបង្ខំ និងការរំលោភសិទ្ធិមនុស្សផ្សេងៗទៀត។

ដោយឡែក របាយការណ៍ប្រចាំឆ្នាំ ពីការជួញដូរមនុស្សនៅទូទាំងពិភពលោក របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកគិតត្រឹមខែមិថុនា ឆ្នាំ២០២៣ បានបង្ហាញថា កម្ពុជាកំពុងស្ថិតនៅក្នុងកម្រិតបី (Tier 3) ដែលជាចំណាត់ថ្នាក់ទាបបំផុតមួយ និងមានន័យថា រដ្ឋាភិបាលកម្ពុជាមិនបានខិតខំធ្វើការកែលម្អលើបញ្ហាការជួញដូរមនុស្ស ហើយមិនបានបំពេញតាមបទដ្ឋានអប្បបរមាដូចដែលបានកំណត់៕

website_news/2023171101.txt · Last modified: 2023/11/17 10:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki