website_news:2023171102

រដ្ឋមន្ត្រីក្រសួងការងារ ស្នើឱ្យរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ពង្រីកទីផ្សារការងារ

https://freshnewsasia.com/index.php/en/localnews/317995-2023-11-16-11-55-01.html 2023-11-16 06:55pm

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានស្នើឱ្យព្រះរាជាណាចក្រអារាប៊ីសាអូឌីត ពង្រីកវិសាលភាពទីផ្សារការងារជាមួយកម្ពុជា។ នេះ គឺជាការលើកឡើងរបស់ លោករដ្ឋមន្ត្រីក្នុងជំនួបផ្លូវការជាមួយនឹង លោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារាប៊ីសាអូឌីតនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបប្រកបដោយភាពរីករាយ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពង្រីកទីផ្សារការងារពីវិស័យអតិពលកម្មទៅវិស័យដែលប្រើប្រាស់កម្លាំងជំនាញ នឹងមានភាពទាក់ទាញសម្រាប់ពលរដ្ឋកម្ពុជាជាង។

ជាការឆ្លើយតប ឯកអគ្គរាជទូតអារាប៊ីសាអូឌីត បានទទួលយកសំណើររបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយថានឹងបញ្ជូនសំណើរនេះទៅកាន់រដ្ឋាភិបាលរបស់ខ្លួនដើម្បីពិចារណា និងសម្រេច។

សូមបញ្ជាក់ថា ក្រៅពីបញ្ហាសំខាន់ខាងលើ ភាគីទាំងពីរ ក៏បានពិភាក្សាពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលកាន់តែស្អិតរមួត និងរីកចម្រើនធំធាត់ចាំបន្តទៀត បន្ទាប់ពីព្រះរាជាណាចក្រទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នា លើការបញ្ជូនពលករបម្រើការងារតាមផ្ទះកាលពីឆ្នាំ២០១៦។ ក្នុងជំនួបពិភាក្សាប្រកបដោយភាពរីករាយ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រាជ រដ្ឋាភិបាលអារាប៊ីសាអូឌីត ដែលបានមើលថែរក្សាពលរដ្ឋកម្ពុជាដែលកំពុងបម្រើការងារនៅទឹកដីអារ៉ាប៊ីសាអូឌីតផងដែរ។

យ៉ាងណាក៏ដោយមុននឹងបញ្ចប់ភាគីទាំងពីរ បានប្តេជ្ញាជំរុញទំនាក់ទំនងប្រទេសទាំងពីរលើវិស័យការងារឱ្យកាន់តែស្អិតរមួតបន្ថែមទៀតតាមរយៈទំនាក់ទំនងរវាងប្រជាជននិងប្រជាជន៕

website_news/2023171102.txt · Last modified: 2023/11/17 10:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki