website_news:2023180102

មន្ត្រី៖ ការសាងសង់មជ្ឈមណ្ឌលសំចតសម្រាប់ពលករនៅប៉ោយប៉ែត សម្រេចបានជាង ៣៣ ភាគរយ

https://www.postkhmer.com/national/2023-01-16-1722-245967.html សែម ពិសី | Publication date 16 January 2023 | 17:22 ICT

បន្ទាយមានជ័យៈ មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា ដំណើរការសាងសង់មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីទុកបម្រើផលប្រយោជន៍ដល់ពលករចំណាកស្រុកពិសេសជនរងគ្រោះដោយអំពើជួញដូរមនុស្សព្រមទាំងបណ្ដុះបណ្ដាលជំនាញដល់ពលកររហូតមកទល់ពេលនេះសម្រេចបានជាង៣៣ភាគរយហើយ។ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ញ៉ឹក វណ្ណារ៉ា បានថ្លែងប្រាប់អ្នកកាសែតនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ថា រូបលោកនិងមន្ត្រីជំនាញរបស់ក្រសួងព្រមទាំងឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងសហការីបានចុះទៅពិនិត្យការដ្ឋានសាងសង់មជ្ឈមណ្ឌលសំចតស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត កាលពីសប្ដាហ៍មុន។ លោកបានថ្លែងថា៖«បច្ចុប្បន្នសម្រេចការសាងសង់បានជាង៣៣ភាគរយហើយ។មជ្ឈមណ្ឌលសំចតប៉ោយប៉ែតនេះ គឺមានអត្ថប្រយោជន៍ដើម្បីសម្រួលដល់ពលករចំណាកស្រុក ជាពិសេសបង្កើនផាសុកភាព និងសុវត្ថិភាពបន្ថែមទៀត។ម្យ៉ាងទៀតក្រុមការងារបានចុះពិនិត្យទីតាំងសាងសង់ និងពិនិត្យកន្លែងផលប៉ះពាល់ ដើម្បីសម្របសម្រួលរកដំណោះស្រាយផងដែរ ធ្វើយ៉ាងណាពន្លឿនគម្រោងនេះឱ្យបញ្ចប់តាមផែនការគ្រោងទុក»។ លោករដ្ឋលេខាធិការបានបញ្ជាក់ថា នៅក្នុងដំណើរចុះពិនិត្យការដ្ឋានសាងសង់នោះភាគីថៃក៏បានទទួលយកសំណើសុំការបណ្ដុះបណ្ដាលមន្ត្រីជំនាញកម្ពុជាសម្រាប់បម្រើការងារ ដែលនឹងអនុវត្តនៅក្នុងមជ្ឈមណ្ឌលនេះ រយៈពេល៦ខែ ដោយគិតចាប់ពីខែមីនា រហូតដល់ខែសីហា ឆ្នាំ២០២៣។

ពាក់ព័ន្ធនឹងការសាងសង់មជ្ឈមណ្ឌលសំចតប៉ោយប៉ែតនេះ លោក ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាបានលើកឡើងថា ការសាងសង់មណ្ឌលនេះនឹងរួមចំណែកជួយដល់ជនរងគ្រោះឱ្យមានសង្ឃឹមក្នុងជីវិតសាជាថ្មី ដោយមានការផ្ដល់ជំនាញបណ្ដុះបណ្ដាលផ្សេងៗ។ ទន្ទឹមគ្នានេះ លោកក៏បានគាំទ្រនិងជំរុញការសាងសង់មជ្ឈមណ្ឌលឱ្យសម្រេចជោគជ័យ ដោយលោករំពឹងថា នៅពេលមជ្ឈមណ្ឌលនេះសាងសង់រួចនឹងបម្រើផលប្រយោជន៍ដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្សទៀតផង។

តាមរបាយការណ៍របស់ក្រសួងសង្គមកិច្ចបានបង្ហាញថា មជ្ឈមណ្ឌលសំចតប៉ោយប៉ែតនេះបានចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលថ្ងៃទី១៥ សីហា ឆ្នាំ២០២២ ដែលគិតមកទល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ សម្រេចបានលទ្ធផលចំនួន៣៣,១៨ភាគរយនៃគម្រោងទាំងមូល។ មជ្ឈមណ្ឌលនេះគ្រោងនឹងបញ្ចប់ការសាងសង់ឱ្យរួចជាស្ថាពរនៅអំឡុងដើមខែសីហា ឆ្នាំ២០២៣ ដោយគ្រោងចំណាយថវិកាសរុបជាង២,៣លានដុល្លារអាមេរិក។

លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ធ្លាប់បានលើកឡើងដែរថា ការបង្កើតមណ្ឌលសំចត សម្រាប់ជួយជនរងគ្រោះពីការជួញដូរឆ្លងដែននៅតាមច្រកព្រំដែនពិតជាមានសារៈសំខាន់ណាស់និងបានចូលរួមចំណែកការងារសង្គមកិច្ចក្នុងការទទួលមើលការខុសត្រូវលើជនងាយរគ្រោះ។ ទន្ទឹមគ្នានេះ មជ្ឈមណ្ឌលនេះ ក៏នឹងរួមចំណែកជួយប្រជាពលរដ្ឋ ពិសេសអ្នកឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃចាប់បញ្ជូន ត្រឡប់មកវិញ ឱ្យមានកន្លែងស្នាក់នៅបានល្អប្រសើរ សមរម្យ និងមានសុខសុវត្ថិភាពជាងមុន៕

website_news/2023180102.txt · Last modified: 2023/01/18 10:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki