website_news:2023180103

មន្រ្តីជាន់ខ្ពស់កម្ពុជា-ថៃ ប្រជុំរួមគ្នាលើការគ្រប់គ្រងជនរងគ្រោះដែលធ្វើមាតុភូមិនិវត្ត និងជនរងគ្រោះដោយអំពើជួញដូរមនុស្ស

http://freshnewsasia.com/index.php/en/localnews/274639-2023-01-17-13-38-04.html 2023-01-17 08:38pm

(សៀមរាប)៖ ភាគីកម្ពុជា-ភាគីថៃ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំទ្វេភាគីស្តីពីបញ្ចប់សេចក្តីព្រាងឧបសម្ពន្ធផែនការសកម្មភាព នៃនីតិវិធីប្រតិបត្តិបទដ្ឋានសម្រាប់ការគ្រប់គ្រងការធ្វើមាតុភូមិនិវត្ត និងសមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្ស។ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានឱ្យដឹងថា កិច្ចប្រជុំនេះពិតជាមានសារសំខាន់ក្នុងការទំនាក់ទំនងចំណងមិត្តភាពកម្ពុជា និងថៃ ក្នុងកិច្ចសហប្រតិបត្តិការលុបបំបាត់ កាត់បន្ថយ ផ្តល់សេវាស្តានីតិសម្បទា ការសម្របសម្រួលធ្វើមាតុភូមិនិវត្តន៍ និងការធ្វើសមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្ស ពីព្រោះប្រទេសទាំងពីរគឺជាប្រទេសជាប់របងនឹងគ្នា។ លោកបានបន្តថា អំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្សបានកើតឡើង និងកំពុងរីកសាយភាយគ្រប់ទីកន្លែង គ្រប់រូបភាពភាគច្រើនជាឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង ហើយឧក្រិដ្ឋកម្មនេះបានធ្វើឲ្យប៉ះពាល់ទាំងថ្នាក់ជាតិ តំបន់ និងលើពិភពលោក។ បញ្ហានេះប្រទេសកម្ពុជាបាននិងកំពុងបង្កើត រៀបចំ ចងក្រងផ្សព្វផ្សាយ អនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្ត កិច្ចព្រមព្រៀងទ្វេភាគី ពហុភាគី និងយន្តការនានាសំដៅប្រយុទ្ធប្រឆាំង និងចូលរួមកាត់បន្ថយឲ្យបានជាអតិបរិមានូវអំពើជួញដូរមនុស្សទាំងក្នុងក្របខ័ណ្ឌជាតិ តំបន់ និងលើពិភពលោក ពិសេសជាងនោះទៅទៀត ការសម្របសម្រួលក្នុងការកំណត់អត្តសញ្ញាណបឋម ការផ្តល់សេវាការរៀបចំធ្វើមាតុភូមិនិវត្តន៍ដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស គឺជាចំណុចដ៏សំខាន់ដែលប្រទេសជាម្ចាស់ហត្ថលេខីទាំងអស់នៃសន្ធិសញ្ញាស្តីពីការលុបបំបាត់ និងបង្រ្កាបអំពើជួញដូរមនុស្សត្រូវតែអនុវត្តឲ្យបានពេញលេញ និងផ្តល់សេវាដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្សដោយមិនប្រកាន់ និន្នាការ ជាតិពន្ធុនោះឡើយ។

«ហេតុដូច្នេះហើយទើបថ្ងៃនេះយើងជូបគ្នាដើម្បីប្រជុំបញ្ចប់សេចក្តីព្រាងឧបសម្ពន្ធផែនការសកម្មភាព នៃនីតិវិធីប្រតិបត្តិបទដ្ឋានសម្រាប់ការគ្រប់គ្រងករណីនៃការធ្វើមាតុភូមិនិវត្ត និងសមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្សរវាងកម្ពុជា និងថៃ»។ លោក ញ៉ឹក វណ្ណារ៉ា បន្ថែម។ ជាមួយគ្នានេះ លោករដ្ឋលេខាធិការសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំថ្ងៃនេះនឹងក្លាយជាយាន្តមួយដ៏មានសារសំខាន់ ក្នុងការអនុវត្តការងារជាក់ស្តែងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងជាជំនួយស្មារតីដល់អ្នកផ្តល់សេវាថែទាំជនរងគ្រោះ ពិសេសការកំណត់អត្តសញ្ញាណបឋម ការផ្តល់សេវា និងការសម្របសម្រួលក្នុងការធ្វើមាតុភូមិនិវត្តជនរងគ្រោះនៃជនជាតិទាំងពីរប្រទេស គឺកម្ពុជា និងថៃ៕

website_news/2023180103.txt · Last modified: 2023/01/18 10:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki