website_news:2023180403

តុលាការតៃវ៉ាន់ កាត់ទោសមនុស្ស៩នាក់ពីបទជួញដូរមនុស្សនៅកម្ពុជា

https://www.rfi.fr/km//20230413-?ref=tgi ចុះផ្សាយនៅថ្ងៃ៖ 13/04/2023 - 17:31

តុលាការមួយរបស់តៃវ៉ាន់ បានបើកសវនាការ កាលពីថ្ងៃព្រហស្បតិ៍ទី១៤ មេសា កាត់ទោសមនុស្សចំនួន៩នាក់ ដែលជាប់ចោទពីបទជួញដូរមនុស្ស នៅកម្ពុជា។ យោងតាមអាជ្ញាធរតៃវ៉ាន់ មានជងរងគ្រោះ ជាជនជាតិតៃវ៉ាន់ ជាច្រើននាក់ ដែលត្រូវបានក្រុមទុច្ចរិត បោកបញ្ឆោតមកប្រទេសកម្ពុជា ដើម្បីធ្វើការជាជនឆបោកមនុស្ស តាមប្រព័ន្ធអ៊ីនធ័រនិត។

ជនតៃវ៉ាន់៩នាក់ ជាប់ចោទពីបទជួញដូរមនុស្សនៅកម្ពុជា។ ជនទីមួយដែលជាក្បាលម៉ាស៊ីន នៃក្រុមទុច្ចរិតនេះ មានឈ្មោះ Lee Cheng-Hao ដែលយោងតាមអាជ្ញាធរតៃវ៉ាន់ គឺបានបង្ហោះផ្សាយសារតាមបណ្តាញសង្គម ដើម្បីអូសទាញមនុស្សជាច្រើននាក់ ឲ្យទៅធ្វើការនៅកម្ពុជា។ បណ្តាញទុច្ចរិតនេះ សន្យាខ្យល់ជាច្រើនចំណុច ដូចជាថា នឹងផ្តល់ប្រាក់ខែច្រើនៗ ឬផ្តល់ប្រាក់កំចីយ៉ាងងាយស្រួលជាដើម។ តែធាតុពិត ជនរងគ្រោះត្រូវគេលក់បន្ត ទៅឲ្យបណ្តាញទុច្ចរិតផ្សេងទៀត នៅពេលទៅដល់កម្ពុជា។ នេះបើផ្អែកតាមការអះអាងរបស់តុលាការតៃវ៉ាន់។ លិខិតឆ្លងដែនរបស់ជនរងគ្រោះដែលចាញ់បោកគេ ត្រូវក្រុមទុច្ចរិតដកហូតទុក ហើយពួកគេត្រូវបង្ខំឲ្យធ្វើការ ដើម្បីឆបោកមនុស្សតាមបណ្តាញអ៊ីនធ័រនិត។ តុលាការតៃវ៉ាន់អះអាងថាទៀតថា ជនរងគ្រោះ ត្រូវគេធ្វើទារុណកម្ម ហើយបើចង់ត្រលប់មកតៃវ៉ាន់វិញ គឺត្រូវសងប្រាក់ដ៏សន្ធឹកសន្ធាប់ ឬអាចត្រូវបានគេលក់បន្តទៅក្រុមបណ្តាញទុច្ចរិតផ្សេងទៀត។

Lee Cheng-Hao ត្រូវតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារ១៨ឆ្នាំ ខណៈជនសមគំនិតក្នុងបណ្តាញចំនួន៨នាក់ទៀត ត្រូវជាប់ទោសពន្ធនាគារ ពី ១១ និង ១៦ឆ្នាំ។ ជនជាប់ចោទទាំងអស់ បានអះអាងថា នឹងប្តឹងឧទ្ធរណ៍។

គួរបញ្ជាក់ថា យោងតាមអាជ្ញាធរតៃវ៉ាន់ គឺមានជនរងគ្រោះ ជាជនជាតិតៃវ៉ាន់ កាន់តែច្រើននាក់ បានចេញមករៀបរាប់ ពីដំណើរផ្សងព្រេងដ៏ឈឺចាប់របស់ខ្លួន ដែលបានធ្លាក់ខ្លួនចាញ់ការឆបោករបស់បណ្តាញទុច្ចរិត មកធ្វើការនៅកម្ពុជា។ ជនរងគ្រោះអះអាងថា បានរងនូងការវាយដំ ទារុណកម្ម បង្ឃាំងទុក និងធ្វើការមួយថ្ងៃ១៦ម៉ោងយ៉ាងតិច ដើម្បីឆបោកមនុស្សឲ្យបានច្រើននៅតាមអ៊ីនធ័រនិត។

អ្នកនាំពាក្យពិសេសនៃអង្គការសហប្រជាជាតិ ស្តីពីសិទ្ធមនុស្សនៅកម្ពុជា បានលើកឡើងកាលពីឆ្នាំ២០២២ ថាជនរងគ្រោះដោយការជួញដូរមនុស្សនៅកម្ពុជា រស់នៅក្នុងស្ថាននរក រងអំពើទារុណកម្ម និងអាចមានករណីស្លាប់ថែមទៀត។ រដ្ឋាភិបាលតៃវ៉ាន់អះអាងថា ក្នុងឆ្នាំ២០២១ មានជនជាតិតៃវ៉ាន់ជាច្រើនពាន់នាកឮ ដែលបានមកដល់កម្ពុជា ហើយបានបាត់ដំណឹងសូន្យ មិនត្រលប់ទៅតៃវ៉ាន់វិញ៕

website_news/2023180403.txt · Last modified: 2023/04/18 18:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki