website_news:2023180503

ក្រសួងចំនួន ២ កំពុងដោះស្រាយបញ្ហាភាពមិនស្របច្បាប់របស់ពលករមួយចំនួននៅប្រទេសថៃ

https://www.postkhmer.com/national/2023-05-17-1449-250130.html ជា សុខនី | Publication date 17 May 2023 | 14:49 ICT

ភ្នំពេញៈ ក្រសួងមហាផ្ទៃកំពុងយកចិត្តទុកដាក់ ដោះស្រាយឱ្យមានភាពស្របច្បាប់សម្រាប់ពលករ ដែលកំពុងធ្វើការនៅប្រទេសថៃ ខណៈដែលក្រសួងការងារ និងអង្គការដៃគូក៏កំពុងពង្រឹងការណែនាំតម្រង់ទិសពលករ មុនពេលចេញដំណើរទៅធ្វើការនៅប្រទេសថៃ ផងដែរ។

លោកសក់ សេដ្ឋារដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយភាពស្របច្បាប់សម្រាប់ពលករទេសន្ដរប្រវេសន៍ក្នុងប្រទេសថៃដែលមានឯកសារផុតសុពលភាពជិតផុតសុពលភាព និងមិនមានឯកសារ។ នេះបើយោងតាមក្រសួងមហាផ្ទៃនាថ្ងៃទី១៦ខែឧសភា។ លោកសក់ សេដ្ឋាបានលើកឡើងនាថា៖«ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាពិនិត្យប្រព័ន្ធ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃក្នុងការគ្រប់គ្រងពលករដែលធ្វើការងារនៅប្រទេសថៃខណៈប្រទេសទាំង២ បានចុះអនុស្សរណៈយោគយល់គ្នានាពេលកន្លងមកហើយដែរ»។

ចំពោះវិធានការដោះស្រាយចំពោះមុខ លោកសក់ សេដ្ឋា បានស្នើគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវបន្ដធ្វើការងារជាមួយភាគីថៃដើម្បីផ្ដល់ភាពស្របច្បាប់ចំពោះពលករខ្មែរណាមិនទាន់មានភាពស្របច្បាប់ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់មានភាពស្របច្បាប់សម្រាប់បំពេញការងារនៅប្រទេសថៃ។

ក្នុងកិច្ចប្រជុំនោះដែរ លោកស្រី ជូប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក៏បានលើកឡើងដែរថាកម្ពុជាបានបង្កើតឱ្យមានមជ្ឈមណ្ឌលទទួលពលករចំនួន២កន្លែងក្នុងខេត្តបន្ទាយមានជ័យ។ មណ្ឌលនេះក៏ជាទីកន្លែងទទួលព័ត៌មានទិន្នន័យពីពលករដែលបានឆ្លងកាត់ពិសេសពលករដែលត្រូវបានបញ្ជូនត្រឡប់មកពីប្រទេសថៃវិញ។ លោកស្រីបានបញ្ជាក់ថា៖«គ.ជ.ប.ជ ចាត់ទុកការងារទេសន្ដរប្រវេសន៍ជាផ្នែកមួយនៃយុទ្ធសាស្ដ្របង្ការទប់ស្កាត់អំពើជួញដូរមនុស្សជាពិសេសក្នុងចំណោមជនទេសន្ដរប្រវេសន៍ផងដែរ»។

ទន្ទឹមគ្នានេះដែរកាលពីថ្ងៃទី១៦ ខែឧសភា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ អង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM)ក៏បានរៀបចំសិក្ខាសាលាស្តីពីការពិនិត្យលទ្ធផល នៃការសិក្សាលើការពង្រឹងការណែនាំតម្រង់ទិសពលករមុនពេលចេញដំណើរទៅធ្វើការនៅប្រទេសថៃផងដែរ។ យោងតាមក្រសួងការងារបានឱ្យដឹងថាសិក្ខាសាលានេះមានគោលបំណងបង្ហាញជូននូវលទ្ធផល នៃការសិក្សា ស្តីពីការពង្រឹងការណែនាំតម្រង់ទិសពលករមុនពេលចេញដំណើរទៅធ្វើការនៅប្រទេសថៃ និងពិនិត្យពិភាក្សា ផ្តល់ធាតុចូលឬអនុសាសន៍ពីដៃគូពាក់ព័ន្ធលើសេចក្តីព្រាងនៃការសិក្សានេះ។

ជុំវិញរឿងនេះលោកមឿនតុលាប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(សង់ត្រាល់)បានប្រាប់កាលពីថ្ងៃទី១៧ខែឧសភាថាមិនថាកាលពីមុនឬបច្ចុប្បន្ននេះទេពលករមួយចំនួននៅតែទៅធ្វើចំណាកស្រុកទៅប្រទេសថៃដោយគ្មានឯកសារស្របច្បាប់ដដែល។ លោកបានបន្តថា តាមការលើកឡើងរបស់ពលករការធ្វើ ឯកសារមានភាពស្មុគស្មាញនិងត្រូវចំណាយសេវាជាច្រើន។ លោកមឿនតុលាបានថ្លែងថា៖«ប្រសិនក្រសួងបានជជែកជាមួយភាគីថៃពីការផ្ដល់ និងពន្លឿនក្នុងការធ្វើឯកសារស្របច្បាប់ដល់ពលករ និងការបន្ថយភាពស្មុគស្មាញ មួយចំនួនដែលពលករជួបប្រទះនោះវាជាផលប្រយោជន៍យ៉ាងធំធេងសម្រាប់ពលករយើង ដោយសារពួកគាត់ត្រូវការភាពស្របច្បាប់នេះឯងដើម្បីអាចកាត់បន្ថយហានិភ័យនៃការកេងប្រវ័ញ្ចកម្លាំងពលកម្ម»។

យោងតាមការស្ទាបស្ទង់របស់អង្គការសង្គមស៊ីវិល និងសហជីពនៅប្រទេសថៃបានប៉ាន់ប្រមាណថា ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃមានប្រមាណជាង២លាននាក់ ហើយក្នុងចំណោមពលករទាំងនេះ មានប្រហែលជាង៤០% ជាពលករដែលធ្វើការដោយមិនទាន់មានឯកសារស្របច្បាប់ត្រឹមត្រូវ។នេះបើតាមបញ្ជាក់របស់លោកមឿនតុលា៕

website_news/2023180503.txt · Last modified: 2023/05/18 11:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki