website_news:2023180902

នគរបាលកម្ពុជា-វៀតណាម ប្ដេជ្ញារួមគ្នាប្រយុទ្ធប្រឆាំង និងបង្រ្កាបបទល្មើសតាមព្រំដែន

https://www.kampucheathmey.com/local-news/579433 ថ្ងៃសៅរ៍ ១៦ កញ្ញា ២០២៣ដោយ Thoeun Vansong

នគរបាលជាតិកម្ពជា និងនគរបាលវៀតណាម ប្ដេជ្ញាបន្តសហការរួមគ្នាលើការប្រយុទ្ធប្រឆាំង និងបង្រ្កាបបទល្មើសតាមព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាការស្វែងរកចាប់មុខសញ្ញាដែលបានរត់គេចខ្លួន។ ការប្ដេជ្ញារបស់នគរបាលទាំងពីរ ធ្វើឡើងដោយលោកនាយឧត្តមសេនីយ៍ ស ថេត និងលោកប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាមប្រចាំកម្ពុជា។

ក្នុងជំនួបសម្ដែងការគួរសម កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា លោក LE VAN PHUONG ប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាមប្រចាំកម្ពុជា បានពាំនាំនូវពាក្យពេចន៍ជូនពររបស់ក្រសួងនគរបាលវៀតណាម ជូនលោកនាយឧត្តមសេនីយ៍ ស ថេត ដែលត្រូវតែងតាំងជា អគ្គស្នងការនគរបាលជាតិ។ ក្នុងឱកាសនោះ លោក LE VAN PHUONG បានបង្ហាញការប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការរវាងនគរបាលវៀតណាម និងនគរបាលជាតិកម្ពុជា លើវិស័យសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសការប្រយុទ្ធប្រឆាំងបង្រ្កាបបទល្មើសតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ដ៏ដូចជាការស្វែងរកចាប់មុខសញ្ញាដែលរត់គេចខ្លួន។

ជាការឆ្លើយតប លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា បានឯកភាពចំពោះ ការលើកឡើងរបស់លោកប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាម។ តែយ៉ាងណា លោក ស ថេត បានសង្កត់ធ្ងន់លើការអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាពស្របតាមផែនការនៃសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ជាពិសេសបន្តជំរុញយន្តការដែលមានស្រាប់ក្នុងការផ្តល់កិច្ចសហប្រតិបត្តិរវាងកម្ពុជា-វៀតណាមឱ្យកាន់តែស្អិតរមួតបន្ថែមទៀតដើម្បីបម្រើឱ្យវិស័យសន្តិសុខ សណ្តាប់ធ្នាប់នៃប្រទេសទាំងពីរ។

ជាងនេះទៅទៀត លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ជូនលោកប្រធានស្ថានតំណាង អំពីគោលជំហររក្សាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការជាប្រពៃណី ដែលថ្នាក់ដឹកនាំនគរបាលជាតិ នៃប្រទេសទាំងពីរសម្រេចបាន និងប្តេជ្ញាបន្តពូនជ្រុំកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធជារៀងរហូត៕

website_news/2023180902.txt · Last modified: 2023/09/18 09:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki