website_news:2023180903

ពលរដ្ឋខ្មែរជិត ២ម៉ឺននាក់បន្ថែមទៀត នឹងទទួលបានការងារធ្វើនៅក្រៅប្រទេស

https://www.kampucheathmey.com/business-economic/579528 ថ្ងៃសៅរ៍ ១៦ កញ្ញា ២០២៣ដោយ Sophal Tuon

ពលករខ្មែរ ប្រមាណជិត២ម៉ឺននាក់បន្ថែមទៀត នឹងទទួលបានការងារធ្វើនៅតាមបណ្តាប្រទេសមួយចំនួន ដែលនឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

តាមការប៉ាន់ស្មាន ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៣ កម្ពុជា គ្រោងនឹងបញ្ជួនពលករទៅធ្វើការនៅបរទេស ចំនួនប្រមាណ ១៩ ០០០នាក់។ នេះជាការបញ្ជាក់របស់លោក កក្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៦ កញ្ញានេះ។ លោកបានបន្តថា ពលករទាំងនោះនឹងបញ្ជួនទៅធ្វើការនៅ៣ប្រទេសរួមមានប្រទេសថៃ សាធារណរដ្ឋកូរ៉េ និងប្រទេសជប៉ុន ដែលនឹងជួយលើកស្ទួយដល់ជីវភាពប្រជាពលរដ្ឋក៏ដូចជាសេដ្ឋកិច្ចជាតិ កាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។

លោក កត្តា អ៊ន បានបន្តថា គិតត្រឹមខែ សីហា ឆ្នាំ២០២៣នេះ កម្ពុជាមានពលករកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសចំនួន ១៣៤២៩៦៣នាក់ ស្រី ៥៤៦៩៨១នាក់ ក្នុងនោះប្រទេសថៃចំនួន១២៤៨២៤៥នាក់ ស្រី៥០២២៥០នាក់ ប្រទេសម៉ាឡេស៊ីចំនួន ២២៥៧២នាក់២១៦៥៤នាក់ប្រទេសអារ៉ាប៊ីសាអូឌីតមាន២៩នាក់ ប្រទេសជប៉ុន មាន២០៨១២នាក់ស្រី៩៦៧៦នាក់ ប្រទេសិង្ហបុរីមាន៨៦៤នាក់ ស្ត្រីទាំងអស់ កូរ៉េខាងត្បូងមាន ៥០២២៥នាក់និងតំបន់សេដ្ឋកិច្ចពិសេសហុងកុងមាន២១៦នាក់ ស្រីទាំងអស់។

លោកបានបន្តថា ក្នុងចំណោមពលករជាង១លាន៣សែននាក់ ក្នុងនឡទៅធ្វើការផ្នែកកសិកម្មមានចំនួន២៦២៤១៨នាក់ ផ្នែកឧស្សាហកម្មចំនួន៥៦៥៨១០នាក់ ផ្នែកសំណង់ចំនួន៣៧៨៦២១នាក់ ផ្នែកការងារផ្ទះចំនួន១៦៧០៩នាក់ និងការងារផ្សេងៗចំនួន១១៩៤០៥នាក់ដោយពួកគេផ្ញើប្រាក់ត្រឡប់មកប្រទេសកម្ពុជាវិញមានចំនួន២៩១៨៨៧៤១៩៩ដុល្លារ។

បើតាមលោក កក្តា អ៊ន ពលករទៅធ្វើការនៅប្រទេសថៃជាមធ្យមទទួលបានប្រាក់ខែ៤០០ដុល្លារក្នុង១ខែ ប្រទេសម៉ាឡេស៊ីទទួលបានប្រាក់ខែ៣៤០ដុល្លារ ប្រទេសអារ៉ាប៊ីសាអូឌីតទទួលបានប្រាក់ខែ៤០០ដុល្លារ ប្រទេសជប៉ុន ទទួលបានប្រាក់ខែ១៤០០ដុល្លារ ប្រទេសសិង្ហបុរីទទួលបានប្រាក់ខែ៥០០ដុល្លារកូរ៉េខាងត្បូងទទួលបានប្រាក់ខែ១៥០០ដុល្លារ និងតំបន់សេដ្ឋកិច្ចពិសេសហុងកុងទទួលបានប្រាក់ខែ៥៩១ដុល្លារ៕ អត្ថបទ៖ សំអឿន

website_news/2023180903.txt · Last modified: 2023/09/18 09:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki