website_news:2023181001

អ.ស.បសង្កត់ធ្ងន់ពីទំហំនៃវិស័យជួញដូរមនុស្សឱ្យប្រព្រឹត្តបទល្មើសអនឡាញនៅកម្ពុជា

https://khmer.voanews.com/a/un-spotlights-scale-of-cambodia-s-cyber-trafficking-industry/7308515.html ១៣ តុលា ២០២៣

វ៉ាស៊ីនតោន៖ អង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើវិស័យជួញដូរមនុស្ស ឱ្យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ដែលបានរីកដុះដាលពាសពេញតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយប៉ាន់ប្រមាណថា សកម្មភាពឧក្រិដ្ឋកម្មជួញដូរមនុស្សនេះ បានបណ្តាលឱ្យមានជនរងគ្រោះរហូតដល់ប្រមាណ ១០០.០០០នាក់ គ្រាន់តែនៅកម្ពុជាមួយ។

នៅក្នុងរបាយការណ៍ថ្មីមួយ ស្តីពីប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ឬហៅថា scam នៅក្នុងតំបន់ ការិយាល័យឧត្តមស្នងការជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្វះស្វែងផ្សព្វផ្សាយបញ្ហាបណ្តាញក្រុមឧក្រិដ្ឋជនជួញដូរមនុស្ស ឱ្យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិតនេះថាជាការគំរាមកំហែងសិទ្ធិមនុស្សអន្តរជាតិបន្ទាន់មួយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាល និងអង្គការគាំពារសិទ្ធិលើសាកលលោក។

របាយការណ៍អះអាងថា ពីព្រោះមនុស្ស ដែលត្រូវបានជួញដូរឱ្យពាក់ព័ន្ធនឹងប្រតិបត្តិការប្រព្រឹត្តឧក្រិដ្ឋកម្ម ដោយប្រើប្រាស់អ៊ីនធឺណិត និងបណ្តាញសង្គមជាមធ្យោបាយ ដើម្បីប្រព្រឹត្តអំពើឆបោកប្រាក់ពីជនរងគ្រោះ ដែលមិនដឹងខ្លួននៅតាមបណ្តាប្រទេសដទៃទៀត ជារឿយៗ ពួកគេត្រូវបានចាត់ទុកទាំងនៅប្រទេសកំណើត និងនៅប្រទេស ដែលពួកគេស្ថិតនៅនោះថា បានឃុបឃិតជាមួយបណ្តាញក្រុមឧក្រិដ្ឋជនផងដែរ។ ប៉ុន្តែរបាយការណ៍ជំរុញឱ្យក្រុមមន្រ្តីចាត់ទុកពួកគេជា ជនរងគ្រោះផងដែរ។

របាយការណ៍អង្គការសហប្រជាជាតិរៀបរាប់ថា៖ «មនុស្សដែលត្រូវបានជួញដូរឱ្យប្រព្រឹត្តបទល្មើសតាមអ៊ីនធឺណិតប្រឈមនឹងការគំរាមកំហែងសិទ្ធិរស់រាន សេរីភាព និងសន្តិសុខបុគ្គល។ ពួកគេត្រូវរងការធ្វើទារុណកម្ម និងការប្រព្រឹត្តដាក់យ៉ាងឃោរឃៅ ហិង្សា និងអមនុស្សធម៌ ការឃុំខ្លួនដោយបំពាន អំពើហិង្សាផ្លូវភេទ ការបង្ខំឱ្យធ្វើការ និងការកេងប្រវ័ញ្ចពលកម្ម ក៏ដូចជា ការរំលោភបំពានសិទ្ធិមនុស្សក្នុងទម្រង់ដទៃទៀត»។ រដ្ឋាភិបាលនាយករដ្ឋមន្រ្តីលោក ហ៊ុន ម៉ាណែត បានធ្វើការការពារភ្លាមៗប្រឆាំងនឹងរបាយការណ៍ខាងលើនេះ ដោយបន្ទាបទំហំបញ្ហា។ ទាំងរបាយការណ៍ និងអ្នកជំនាញលើបញ្ហានេះនិយាយថា កម្ពុជាមិនទាន់បង្ហាញការប្តេជ្ញាណាមួយនៅក្នុងការដោះស្រាយវិបត្តិ និងបង្រ្កាបបណ្តាញក្រុមជួញដូរមនុស្សនោះទេ។

យោងតាមរបាយការណ៍ ហេតុផលមួយគឺថា មន្រ្តី និងអ្នកមានអំណាចនៅកម្ពុជាប្រហែលជាបែងចែកផលចំណេញយ៉ាងច្រើនពាក់ព័ន្ធនឹងបញ្ហានេះ។ មានការប៉ាន់ប្រមាណថា កន្លែងឆបោកដែលមានប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍បានផ្តល់ជាប្រាក់ចំណូលរាប់ពាន់លានដុល្លារ។ របាយការណ៍ ដែលផ្តោតលើការជួញដូរនៅមីយ៉ាន់ម៉ានិងឡាវ និងកន្លែងឆបោកដែលកំពុងដំណើរការនៅតាមបណ្តាប្រទេសទាំងនេះ លើកឡើងថា៖ «អំពើពុករលួយបានធ្វើឱ្យប៉ះពាល់គណនេយ្យភាព និងគំរាមកំហែងនីតិរដ្ឋ។

ជារឿយៗ អំពើពុករលួយកើតឡើងនៅមុនពេលមានការរំលោភបំពានសិទ្ធិមនុស្ស ធ្វើឱ្យផលវិបាកអាក្រក់ជាងមុន និងជាឧបសគ្គចំពោះការទទួលបានយុត្តិធម៌ និងសំណង»។ របាយការណ៍បានបន្តថា៖ «របាយការណ៍នានាបានបង្ហាញថា មានកង្វះការស៊ើបអង្កេតពាក់ព័ន្ធនឹងការអះអាងអំពីការឃុបឃិតរវាងក្រុមឧក្រិដ្ឋជន ពីក្រោយប្រតិបត្តិការឆបោក និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល អ្នកនយោបាយ អាជ្ញាធរពង្រឹងច្បាប់ និងអ្នកជំនួញមានឥទ្ធិពល»។

សារព័ត៌មាន Al Jazeera ដែលបានបញ្ចេញរបាយការណ៍ព័ត៌មានស៊ើបអង្កេតមិនធ្លាប់មានពីមុនមួយពី «ទាសករតាមប្រព័ន្ធអ៊ីនធឺណិត» នៅកម្ពុជា កាលពីឆ្នាំ ២០២២ បានរកឃើញថា អ្នកជំនួញ ដែលជាម្ចាស់អគារដែលមានប្រតិបត្តិការឆបោក មានទំនាក់ទំនងជិតដិតជាមួយនឹងអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ដែលបានផ្ទេរអំណាចដល់កូនប្រុសរបស់លោក បន្ទាប់ពីការបោះឆ្នោតកាលពីខែកក្កដា។

របាយការណ៍ដដែល បានពណ៌នាពីការណ៍ដែលវិបត្តិជំងឺកូវីដ១៩ បានជំរុញការកើនឡើងប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា។ ពលរដ្ឋវ័យក្មេងមួយចំនួននៅក្នុងតំបន់ពេលនោះជួបការលំបាកខ្លាំងក្នុងការស្វែងរកការងារ ហើយបានក្លាយជាគោលដៅចម្បងសម្រាប់ក្រុមឧក្រិដ្ឋជននាំចូលឱ្យធ្វើការងារក្លែងក្លាយតាមប្រព័ន្ធអ៊ីនធឺណិត ខណៈមនុស្សជុំវិញពិភពលោកពេលនោះតែងមានភាពអផ្សុក និងចំណាយពេលរាប់ម៉ោងប្រើប្រាស់អ៊ីនធឺណិតនៅលើទូរសព្ទ កុំព្យូទ័រ ឬឧបករណ៍ដទៃទៀត។ របាយការណ៍បកស្រាយថា វិបត្តិជំងឺកូវីដ១៩ បានបង្ខំឱ្យកាស៊ីណូទូទាំងទ្វីបអាស៊ីបិទទ្វារ ដោយជំរុញឱ្យអ្នកវិនិយោគចិនស្វែងរកឱកាសអាជីវកម្មថ្មីតាមប្រព័ន្ធអ៊ីនធឺណិត ដែលជារឿយៗខុសច្បាប់ និងនៅតាមបណ្តាប្រទេស ដែលមានច្បាប់មិនតឹងរ៉ឹង និងហានិភ័យរងការចោទប្រកាន់តាមផ្លូវច្បាប់មានកម្រិត ដូចជា កម្ពុជា មីយ៉ាន់ម៉ា និងឡាវ។

របាយការណ៍និយាយថា៖ «ដោយប្រឈមស្ថានភាពប្រតិបត្តិការថ្មី ក្រុមឧក្រិដ្ឋជនផ្តោតគោលដៅទាក់ទាញអ្នកធ្វើការចំណាកស្រុក ដែលជាប់នៅតាមបណ្តាប្រទេសទាំងនេះ ហើយបានបាត់បង់ការងារដោយសារការបិទព្រំដែន និងអាជីវកម្ម ឱ្យមកធ្វើការនៅកន្លែងឆបោក»។

ក្រសួងមហាផ្ទៃបានប្រកាសយុទ្ធនាការគំហុកមួយដើម្បីទប់ទល់នឹងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត កាលពីខែសីហា ឆ្នាំ២០២២។ អ្នកស្រី ជូ ប៊ុនអេង បានបន្ថែមថា រដ្ឋាភិបាលបានរៀបចំការប្រជុំមួយរវាងក្រុមអ្នកជំនាញ ដើម្បីបញ្ជាក់ពីចំនួនប៉ាន់ប្រមាណប្រាកដប្រជាជាងមុន ហើយបញ្ជូនរបាយការណ៍ត្រឡប់ទៅកាន់អង្គការសហប្រជាជាតិវិញ។

បញ្ហាការជួញដូរឱ្យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិត ត្រូវបានលើកឡើងអំឡុងពេលកិច្ចប្រជុំនៅក្រុងភ្នំពេញកាលពីខែកញ្ញារវាងនាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin និងលោក ហ៊ុន ម៉ាណែត។ សារបង្ហោះលើបណ្តាញសង្គមមួយ ពីសំណាក់ក្រសួងការបរទេសថៃ បានលើកឡើងថា មេដឹកនាំទាំងពីរបានពិភាក្សាពីបញ្ហាសន្តិសុខមួយចំនួន រួមមាន កិច្ចប្រតិបត្តិការជារួមដើម្បី «បង្រ្កាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិត»។

លោក Jason Tower នាយកប្រចាំប្រទេសភូមានៃអង្គការវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក (United States Institute of Peace) ដែលតាមដានការជួញដូរឱ្យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងតំបន់ បាននិយាយថា លោកមានមន្ទិលខ្លះចំពោះចំនួនមនុស្ស ១០០.០០០នាក់ត្រូវបានជួញដូរឱ្យធ្វើការដោយបង្ខំនៅក្នុងបណ្តាញក្រុមឆបោកនៅកម្ពុជា។ ប៉ុន្តែលោកលើកឡើងថា តួលេខនេះអាចឆ្លុះបញ្ចាំងពីចំនួនសរុបនៃអ្នកពាក់ព័ន្ធនៅក្នុងវិស័យនេះក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។

យ៉ាងណាក្តីលោក Tower បាននិយាយថា៖«ការច្រានចោលដ៏ខ្លាំងក្លា» ពីសំណាក់រដ្ឋាភិបាលកម្ពុជាចំពោះរបាយការណ៍ខាងលើគឺជា «រឿងអកុសល» ទាំងសម្រាប់ក្រុមគាំពារសិទ្ធិ និងបណ្តាប្រទេសអាស៊ីដទៃទៀត ដែលចង់បានការការពារប្រសើរជាងមុនចំពោះពលរដ្ឋរបស់ខ្លួននៅកម្ពុជា ក៏ដូចជា ការប្តេជ្ញាប្រសើរជាងមុន ដើម្បីដោះលែងអ្នករងការជាប់ឃុំដោយក្រុមឧក្រិដ្ឋជនជួញដូរមនុស្ស។លោក Tower បានថ្លែងប្រាប់វីអូអេថា៖ «តាមការយល់ឃើញរបស់ខ្ញុំ គឺនៅមានជនរងគ្រោះច្រើន ហើយអាជ្ញាធរនៅតាមបណ្តាប្រទេសជិតខាង កំពុងបន្តដាក់សម្ពាធមកលើអាជ្ញាធរកម្ពុជាពាក់ព័ន្ធនឹងជនរងគ្រោះ ដែលពួកគេព្យាយាមជួយសង្រ្គោះ និងថា មានការអូសបន្លាយពេល និងថា អ្វីៗនៅមិនទាន់សភាពការណ៍គ្រប់គ្រាន់នោះទេ»។ លោកបានបន្តថា៖ «ដូច្នេះអ្នកដឹងហើយថា បញ្ហាច្បាស់មិនទៅណានោះទេ ហើយខ្ញុំគិតថា កិច្ចការច្រើនទៀតអាចត្រូវធ្វើឡើង ដើម្បីបង្ហាញជាសារសំខាន់មួយថា គឺមិនមានការទ្រាំទ្រណាមួយនោះទេនៅក្នុងប្រទេសនេះ ហើយខ្ញុំគិតថា យើងមិនទាន់ឈានដល់កម្រិតជោគជ័យនោះទេ»។ របាយការណ៍អង្គការសហប្រជាជាតិលើកឡើងថា មកទល់ខែកក្កដា ឆ្នាំ២០២៣ កន្លែងឆបោកតាមប្រព័ន្ធអ៊ីនធឺណិតត្រូវបានរាយការណ៍ថា កំពុងមានដំណើរការនៅតាមបណ្តាខេត្ត និងក្រុងយ៉ាងហោចណាស់ចំនួនប្រាំបីនៅកម្ពុជារួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តពោធិ៍សាត់ ខេត្តកោះកុង ក្រុងបាវិត ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ និងខេត្តស្វាយរៀង។

របាយការណ៍បានកំណត់ឈ្មោះតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរ ដែលត្រូវបានជឿថា ផ្តល់ទីតាំងសម្រាប់កន្លែងឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលមានដូចជា តំបន់សេដ្ឋកិច្ចពិសេសតារាសាគរ និងតំបន់សេដ្ឋកិច្ចពិសេស Henge Thmorda។ ក្រុមហ៊ុនអភិវឌ្ឍន៍ចម្បងនៅតំបន់សេដ្ឋកិច្ចពិសេសតារាសាគរគឺ ក្រុមហ៊ុន Union Development Group ដែលស្ថិតក្រោមការគ្រប់គ្រងដោយជនជាតិចិន។ តំបន់សេដ្ឋកិច្ចពិសេស Henge Thmorda ដែលតែងត្រូវបានហៅថា តំបន់សេដ្ឋកិច្ចពិសេស MDS Thmor Da ដែលពីមុនមក ត្រូវបានផ្សារភ្ជាប់នឹងការជួញដូរមនុស្ស និងស្ថិតក្រោមកម្មសិទ្ធិរបស់លោកឧកញ្ញ៉ា ទ្រី ភាព។

លោក Jacob Sims នាយកប្រចាំតំបន់នៃអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិយាយថា អង្គការបានឃើញមានការបោះជំហានទៅមុខ «គួរឱ្យកត់សម្គាល់» ពីសំណាក់រដ្ឋាភិបាលកម្ពុជានៅក្នុងការឆ្លើយតបទៅនឹងការជួញដូរឱ្យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិត។ លោកបានលើកឡើងថា នៅក្នុងចំណោមសញ្ញាបង្ហាញពីការបោះជំហានទៅមុខគឺ ការបើកឱ្យមានលេខទូរសព្ទទំនាក់ទំនងជាបន្ទាន់ ដើម្បីជួយជនរងគ្រោះដែលស្វែងរកជំនួយ ហើយធ្វើកិច្ចប្រឹងប្រែងប្រសើរជាងមុន ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ។ ហើយកន្លែងជំរំឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតនៅខេត្តព្រះសីហនុ និងក្រុងភ្នំពេញ ត្រូវបានបង្រ្កាប នៅក្នុងកម្រិតមួយ។

លោក Jacob Sims បានថ្លែងថា៖ «ប៉ុន្តែក៏មានភស្តុតាងសំខាន់បង្ហាញថា ទីតាំងទាំងនេះត្រូវបានរើផ្លាស់ទៅកាន់តំបន់ថ្មីនៅកម្ពុជាផងដែរ»។ លោកបន្តថា៖ «នៅកម្រិតខ្ពស់ ការទទួលខុសត្រូវពីសំណាក់ម្ចាស់ទីតាំង និងមេក្លោងក្រុមឧក្រិដ្ឋជនគឺជា កត្តាសំខាន់។ ទីតាំងមួយប្រហែលបិទទ្វារ ប៉ុន្តែទីតាំងមួយទៀតទំនងនឹងបើកទ្វារ ដរាបណាហានិភ័យចំពោះប្រតិបត្តិការ និងការសម្របសម្រួលលើផ្នែកឧក្រិដ្ឋកម្មនេះនៅមានទាប»។ លោក Sims បានលើកឡើងថា លោកគិតថា តួលេខជនរងគ្រោះ ១០០.០០០នាក់ «ហាក់ដូចជា គួរឱ្យជឿជាក់បាន» ដោយសាររបាយការណ៍សាធារណៈ សក្ខីកម្មពីសាក្សី និងទំហំនៃវិស័យល្បែងអនឡាញដ៏ទូលំទូលាយ»។

លោក Tower បានកត់សម្គាល់់ថា ក៏មានការកើនឡើងនូវសម្ពាធផ្នែកហិរញ្ញវត្ថុមកលើកម្ពុជាដើម្បីដោះស្រាយបញ្ហានេះផងដែរ។ ចិនបានពង្រឹងកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការព្រមានដល់ពលរដ្ឋអំពីហានិភ័យ នៃការជួញដូរមនុស្សនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបាននាំឱ្យមានជាការផ្តល់ដំបូន្មានព្រមានហានិភ័យចំពោះការធ្វើដំណើរជាដើម និងថែមទាំងមានភាពយន្តល្បីឈ្មោះមួយអំពីជនជាតិចិន ដែលត្រូវបានបញ្ចុះបញ្ចូលឱ្យប្រព្រឹត្តអំពើឆបោកតាមរយៈការសន្យាផ្តល់ប្រាក់ខែខ្ពស់ផងដែរ។

លោក Sims បាននិយាយថា៖ «ផ្នែកនៃយុទ្ធសាស្ត្រនេះគឺ គ្រាន់តែបន្លាចជនជាតិចិន ដើម្បីកុំឱ្យអ្នកណាម្នាក់ចង់ទៅតំបន់អាស៊ីអាគ្នេយ៍តែប៉ុណ្ណោះ»។ ការណ៍នេះបានបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់វិស័យទេសចរណ៍នៅកម្ពុជា ដែលផ្តោតភាគច្រើនលើអ្នកទេសចរណ៍ចិន ខណៈមិនទាន់បានងើបរើពេញលេញចេញពីវិបត្តិជំងឺកូវីដ១៩ នៅឡើយ។

លោក Tower បាននិយាយថា បណ្តាប្រទេសបស្ចិមលោកក៏បានយកចិត្តទុកដាក់លើបញ្ហានេះផងដែរ ដូចជា សហរដ្ឋអាមេរិក ដែលបានខាតបង់ប្រាក់រាប់ពាន់លានដុល្លារដោយសារការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ក៏ដូចជាមានពលរដ្ឋត្រូវបាននាំចូលឱ្យធ្វើការឱ្យក្រុមបណ្តាញឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិត។ ទាំងលោក Sims និងលោក Tower សង្ឃឹមថា របាយការណ៍របស់អង្គការសហប្រជាជាតិនឹងជំរុញឱ្យមានការយកចិត្តទុកដាក់ខ្លាំងជាងមុន និងនាំយកធនធានផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងបណ្តាញក្រុមជួញដូរមនុស្ស។ លោក Tower បាននិយាយថា៖ «ខ្ញុំគិតថា ការដាក់បញ្ចូលការផ្តោតលើសិទ្ធិមនុស្សនឹងនាំឱ្យបណ្តាប្រទេសលោកខាងលិច កាន់តែច្រើនងាកមកមើលបញ្ហានេះ។ ហើយខ្ញុំគិតថា ការណ៍នេះនឹងផ្តល់ផ្នែកមួយបន្ថែមទៀតទៅដល់ការឆ្លើយតប»៕

website_news/2023181001.txt · Last modified: 2023/10/18 10:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki