website_news:2023181003

ក្រសួងសុខាភិបាល បិទគ្លីនិក មេត្រូ អអិលវី ក្រោយបោកអ្នកជំងឺរឿងវះកាត់ប្ដូរសរីរាង្គ

https://www.kampucheathmey.com/local-news/597024 ថ្ងៃអង្គារ ១៧ តុលា ២០២៣ដោយ Thoeun Vansong

ក្រសួងសុខាភិបាល បានសម្រេចបិទមន្ទីរពហុព្យាបាលឯកជនឈ្មោះ មេត្រូ អអិលវី ក្រោយមន្ទីរពហុព្យាបាលនេះ បានបោកអ្នកជំងឺ ដើម្បីរត់ការបញ្ជូនអ្នកជំងឺទៅវះកាត់ប្ដូរសរីរាង្គដោយខុសច្បាប់នៅក្រៅប្រទេស។

សេចក្ដីសម្រេចរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានសម្រេចបិទមន្ទីរពហុព្យាបាលឯកជនឈ្មោះ មេត្រូ អអិលវី ដែលមានទីតាំងនៅផ្ទះលេខ៦៨ ផ្លូវលេខ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមូលហេតុ មន្ទីរពហុព្យាបាលនេះបានប្រើប្រាស់សេវាពិគ្រោះបញ្ចូនអ្នកជំងឺទៅវះកាត់ប្តូរសរីរាង្គតម្រងនោមនៅប្រទេសឥណ្ឌា ដែលខុសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និង សរីរាង្គមនុស្ស។

គួរជម្រាបថា កន្លងទៅ មានពលរដ្ឋចំនួន១៨នាក់ បានអះអាងថា ពួកគាត់មានជំងឺខូចតម្រងនោម ហើយបានទាក់ទងរកសេវាព្យាបាលជាមួយមន្ទីរពហុព្យាបាល មេត្រូ អអិលវី (Metro RLV Polyclinic) ដែលជាតំណាងរបស់មន្ទីរពេទ្យមេត្រូ របស់ឥណ្ឌា កាលពីខែមីនា ឆ្នាំ២០២៣។ ប៉ុន្តែ លទ្ធផលចុងក្រោយ មិនទទួលបានសេវាឡើយ ដោយសារលុយ បង់សម្រាប់ការព្យាបាលនោះ ត្រូវតំណាងមន្ទីរពហុព្យាបាលមេត្រូប្រមូលរត់គេចខ្លួនបាត់៕

website_news/2023181003.txt · Last modified: 2023/10/18 10:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki