website_news:2023181203

ហ្វីលីពីនបណ្តេញជនជាតិចិន១៨០នាក់ពាក់ព័ន្ធអំពើជួញដូរផ្លូវភេទនិងឆបោកតាមអនឡាញ

https://www.rfi.fr/km//20231214-?utm_medium=social&utm_campaign=telegram&utm_source=shorty ចុះផ្សាយនៅថ្ងៃ៖ 14/12/2023 - 17:52

អាជ្ញាធរហ្វីលីពីន បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ទី១៤ខែធ្នូ នេះថា ហ្វីលីពីនបានបណ្តេញ ជនជាតិចិន ចំនួន១៨០នាក់ ពីប្រទេសហ្វីលីពីន ដែលគេបានឃាត់ខ្លួន នៅក្នុងក្រុមហ៊ុនមួយ នៃទីក្រុងម៉ានីល កាលពីខែតុលាកន្លងទៅ។ អាជ្ញាធរហ្វីលីពីន សង្ស័យថា ក្រុមហ៊ុនមួយនេះ មានជាប់ពាក់ព័ន្ធនឹងអំពើជួញដូរផ្លូវភេទ និងបោកបញ្ឆោតតាមប្រព័ន្ធអ៊ិនធឺណែត។

នៅក្នុងប្រតិបត្តិការចុះបង្រ្កាបក្រុមហ៊ុនខាងលើនេះ ប៉ូលីសហ្វីលីពីន បានឃាត់ខ្លួនជនបរទេស ប្រមាណ ៦០០នាក់ រួមមាន ជនជាតិចិន កូរ៉េ វៀតណាម និងហ្វីលីពីន។ ជាមួយគ្នានេះ ប៉ូលីសក៏បានរកឃើញឧបករណ៍ជំនួយផ្លូវភេទ កន្លែងម៉ាស្សា បន្ទប់ការ៉ាអូខេ ភោជនីយដ្ឋាន ហើយប៉ូលីសក៏បានរំដោះស្រី្តជនរងគ្រោះ ជាច្រើនអ្នកផងដែរ។ អាជ្ញាធរហ្វីលីពីន បានបញ្ជាក់ដែរថា ក្រុមហ៊ុននេះមានតែ អាជ្ញាបណ្ណរកស៊ីល្បែងតាមប្រព័ន្ធអ៊ិនធឺណែតប៉ុណ្ណោះ។

លោក Gilberto Cruz លេខារង នៃគណកម្មាធិការប្រធានាធិបតីប្រឆាំងនឹង បទឧក្រិដ្ឋកម្មរៀបចំ បានថ្លែងប្រាប់អ្នកសារព័ត៌មាន AFP ថា ជនជាតិចិន ដែលត្រូវបណ្តេញចេញទាំងនោះ គឺពុំមានលិខិតអនុញ្ញាតិការងារ និងរកស៊ី បោកបញ្ឆោតតាមប្រព័ន្ធអ៊ិនធឺណែត។ ចំណែកឯ ជនបរទេសដទៃទៀត នឹងត្រូវ បណ្តេញចេញ ជាបន្តបន្ទាប់ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

កន្លងមក លោកស្រី Risa Hontiveros សមាជិកព្រឹទ្ធសភាហ្វីលីពីន ធ្លាប់បានទាញសញ្ញាអាសន្ន អំពីបណ្តាទីតាំងទូរស័ព្ទបោកប្រាស់ នៅហ្វីលីពីន ដែលបានជួលអ្នកធ្វើការជាជនជាតិបរទេស ដែលជាជនរងគ្រោះដោយសារ អំពើជួញដូរមនុស្សនេះ។

ដោយឡែក សហគមន៍អន្តរជាតិ ព្រួយបារម្មណ៍ អំពីការកើនឡើងនៃអំពើបោកបញ្ឆោត តាមប្រព័ន្ធអ៊ិនធឺណែត នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាក់ស្តែង ជនរងគ្រោះដោយសារ អំពើជួញដូរមនុស្សទាំងនោះ ត្រូវបានគេបង្ខំឲ្យជួយផ្សព្វផ្សាយ អំពីការបណ្តាក់ទុនខ្លែងក្លាយ ក្រោមរូបភាពរកស៊ីរូបិយបណ្ណ Crypto។

យោងតាមរបាយការណ៍ឆ្នាំ២០២៣ ស្តីអំពីការជួញដូរមនុស្ស ក្រសួងការបរទេសអាមារិក យល់ឃើញថា ហ្វីលីពីន មិនបានធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់លើអំពើជួញដូរមនុស្ស នៅក្នុងប្រទេសរបស់ខ្លួនឡើយ។ ក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ថា អាមេរិក នៅតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំង អំពីអំពើពុករលួយ និង ការឃុបឃិតរបស់អាជ្ញាធរហ្វីលីពីន នៅក្នុងអំពើជួញដូរមនុស្សនេះ។

website_news/2023181203.txt · Last modified: 2023/12/18 10:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki