website_news:2023190501

៣ ខែ ដើមឆ្នាំនេះ ក្រសួងមហាផ្ទៃទទួលសំណើពាក់ព័ន្ធបញ្ហាជួញដូរ មនុស្សជាង ១០០ ករណី ថយចុះ ៧៨ ភាគរយ ធៀបនឹងរយៈដូចគ្នានឹងឆ្នាំមុន

https://www.postkhmer.com/national/2023-05-18-1837-250182.html សំបាន ច័ន្ទដារ៉ា | Publication date 18 May 2023 | 18:37 ICT

ភ្នំពេញៈ ត្រីមាសទី១ ដើមឆ្នាំ ២០២៣ នេះ ក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធទទួលបានសំណើ និងសំណូមពរពីជនរងគ្រោះពាក់ព័ន្ធករណីជួញដូរមនុស្សបានចំនួន ១២៨ សំណើដែលចំនួននៃសំណើនេះមានការថមថយចុះ ៧៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២២។ សមត្ថកិច្ចពាក់ព័ន្ធបានសហការគ្នាធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្សជួញដូរកម្លាំងពលកម្មនិងអាជីវកម្មផ្លូវភេទក្នុងត្រីមាសដើមឆ្នាំនេះដែលធ្វើឱ្យសភាពការណ៍មានការថយចុះ។

នេះជាការលើកឡើងតាមរយៈសេចក្តីប្រកាសលើបណ្តាញសង្គមហ្វេសប៊ុក លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ លោកបានឱ្យដឹងដែរថា ការថយចុះនៃសំណើ និងសំណូមពរជុំវិញអំពើជួញដូរមនុស្ស ដែលនៅត្រីមាសទី១ នៃឆ្នាំ២០២៣នេះអាជ្ញាធរទទួលសំណើត្រឹម១៣១សំណើដែលមានមនុស្សចំនួន១៩៥នាក់ (ស្រី៣១នាក់) ក្នុងនោះមានស្ទួនចំនួន៣សំណើ។ ដូចនេះ សំណើជាក់ស្តែងមានសរុប ១២៨សំណើ បានថយចុះចំនួន ៧៨ភាគរយ បើធៀបនឹងនឹងឆ្នាំមុនដែលមានរហូត៦០៥សំណើ។ បើតាមលោក ស ខេង ក្នុងរយៈពេល៣ខែនេះ ខេត្តដែលមានសំណើច្រើនករណីជាងគេមាន ខេត្តឧត្តរមានជ័យ ខេត្តកោះកុងកណ្ដាល និងព្រះសីហនុ។ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញចំនួន៧៥សំណើ ស្មើនឹងមនុស្សចំនួន១៨៤នាក់ (ស្រី២០នាក់) ៧សញ្ជាតិ ដោយសមត្ថកិច្ចសង្គ្រោះបានជនរងគ្រោះចំនួន១០នាក់ ឃាត់ខ្លួន១៣នាក់។ ក្រៅពីនេះ មានសំណើចំនួន៦៧ទៀត ត្រូវបានរកឃើញថាគ្រាន់តែជាការស្នើសុំកិច្ចអន្តរាគមន៍ដើម្បីបានលាឈប់ពីការងារ និងចង់ត្រឡប់ទៅប្រទេសកំណើតវិញ។ ចំពោះសំណើចំនួន៣៣ ស្មើនឹងមនុស្សចំនួន៦៥នាក់ សមត្ថកិច្ចពុំរកឃើញក្នុងទីតាំងតាមសំណើសាមីជនទេ ខណៈសំណើដែលនៅសេសសល់ចំនួន២១ទៀត ស្មើនឹងមនុស្សចំនួន១២៦នាក់ សមត្ថកិច្ចយើងកំពុងស្រាវជ្រាវ។

លោកស ខេង សង្កត់ធ្ងន់ថា៖ «ក្នុងរយៈពេលត្រីមាសទី១ ឆ្នាំ២០២៣កន្លងទៅនេះ សមត្ថកិច្ចពាក់ព័ន្ធបានសហការគ្នាធ្វើការយ៉ាងសស្រោកសស្រាំដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទដែលបានធ្វើឱ្យសភាពការណ៍មានការថយចុះគួរឱ្យកត់សម្គាល់»។ លោកបានបន្ថែមថា អាជ្ញាធរនឹងនៅបន្តពិនិត្យសំណើស្នើសុំកិច្ចអន្តរាគមន៍ខណៈបានបិទជាបណ្តោះអាសន្ន ដើម្បីវាយតម្លៃ និងបន្តការងារស្រាវជ្រាវ ស្វែងរកតាមសំណើ ឬសំណូមពរ សំដៅធានាសុវត្ថិភាពឱ្យបានដាច់ខាតដល់ ជនបរទេសដែលស្នើសុំអន្តរាគមន៍ ព្រមទាំងស្រាវជ្រាវ ស៊ើបអង្កេតឱ្យបានហ្មត់ចត់។ យោងរបាយការណ៍ពីគណៈបញ្ជាការដឹកនាំប្រតិបត្តិការនៃក្រុមការងារអនុវត្តន៍ច្បាប់ ដឹកនាំដោយលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ក្នុងចំណោម១២៨សំណើនោះ មានជនបរទេស៣៧៥នាក់ (ស្រី៣១នាក់) ស្មើ១០សញ្ជាតិក្នុងនោះសញ្ជាតិបរទេសរួមមាន ចិន ថៃ បង់ក្លាដែស ប៉ាគីស្ថានម៉ាឡេស៊ី វៀតណាម ហ្វីលីពីន ឥណ្ឌា និងឥណ្ឌូនេស៊ី។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក បានប្រាប់ថាទោះបីមានការថមថយចុះនៃចំនួនស្នើសុំកិច្ចអន្តរាគមន៍នេះក្តី ប៉ុន្តែចំនួន ១២៨សំណើក្នុងរយៈពេល៣ខែ នៅតែជាចំនួនច្រើនដដែល ហើយដែលអាចកើនច្រើននៅត្រីមាសក្រោយៗ។ លោកបន្តថា រដ្ឋាភិបាលត្រូវតែផ្ទៀងផ្ទាត់វិធានការឱ្យមានម៉ឺងម៉ាត់បន្ថែមទៀត ដើម្បីអាចឆ្លើយតបបានសមស្របចំពោះបទល្មើសជួញដូរមនុស្សនៅកម្ពុជា ដែលសហគមន៍អន្តរជាតិ និងរដ្ឋាភិបាលផ្ទាល់បានសម្តែងការព្រួយបារម្ភ។ លោក ស៊ឹង សែនករុណា បានបញ្ជាក់ថា៖«យើងក៏បានទទួលករណីជូញដូរមនុស្សនេះច្រើនដែរ ក្នុងរយៈពេលកន្លងទៅនេះ ហើយខាងរដ្ឋាភិបាលក៏បង្ហាញពីករណីដែលនៅបន្តកើតមានឡើងផងដែរ ដែលនេះសបញ្ជាក់ថា ទោះបីយើងមានវិធានការពីសមត្ថកិច្ចបានមួយចំនួនផងដែរក៏វិធានការទាំងនោះ ដូចជាមិនទាន់បានទប់ស្កាត់និងបន្ថយបានច្រើននៅឡើយទេ»។

សូមជម្រាបថា កាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅ កម្ពុជាត្រូវបានដាក់ចូលក្នុងបញ្ជីក្រហម ឬចំណាត់ថ្នាក់កម្រិតទី៣ ក្នុងរបាយការណ៍ជួញដូរមនុស្សប្រចាំឆ្នាំ២០២២ របស់សហរដ្ឋអាមេរិក បន្ទាប់ពីការទប់ស្កាត់បទល្មើសជួញដូរមនុស្សមិនទាន់មានប្រសិទ្ធភាព៕

website_news/2023190501.txt · Last modified: 2023/05/19 13:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki