website_news:2023190502

សូមប្រុងប្រយ័ត្នកូនចៅ! មកស្តាប់ក្មេងៗដែលរត់រួចពីក្រញ៉ាំស្ត្រីម្នាក់ប៉ងចាប់ពង្រត់ចេញពីភូមិ

https://kohsantepheapdaily.com.kh/article/1739651.html? utm_source=telegram&utm_medium=click&utm_campaign=channeltelgram បាត់ដំបង១៩ ខែ ឧសភា ឆ្នាំ ២០២៣ ម៉ោង ០៩:២២

ខេត្តបាត់ដំបង ៖ មន្ត្រីរដ្ឋបាលស្រុកមោងប្ញស្សី រួមទាំងមន្ត្រីមូលដ្ឋានផង កាលពីថ្ងៃទី១៧ ឧសភា បានចុះទៅសួរនាំ និងសួរសុខទុក្ខក្មេងប្រុសម្នាក់ និងក្មេងស្រីចំនួន០២នាក់ នៅភូមិរុណ ឃុំគារ ស្រុកមោងប្ញស្សី ដែលត្រូវស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ចាប់ពង្រត់ចេញពីភូមិដឹកតាមម៉ូតូយកទៅរហូតដល់ទឹកដីខេត្តពោធិ៍សាត់ ទើបពួកគេប្រើល្បិចរត់រួចត្រឡប់មកផ្ទះវិញ ។

លោក បឿន សុវណ្ណ អភិបាលរងស្រុកមោងប្ញស្សីបានឲ្យដឹងថា តាមពិត រឿងរ៉ាវស្ត្រីម្នាក់ចាប់ពង្រត់កុមារា-កុមារី ទាំង០៣នាក់ខាងលើនេះ បានកើតឡើងតាំងពីសប្ដាហ៍មុន តែអាជ្ញាធរស្រុកទើបទទួលបានរបាយការណ៍នេះពីមូលដ្ឋាននៅថ្ងៃទី១៧ ឧសភា ទើបលោកអភិបាលស្រុកបញ្ជាឲ្យសហការីចុះទៅសួរនាំអំពីរឿងរ៉ាវនេះ ដល់លំនៅឋានកុមាររងគ្រោះតែម្ដង ។ លោកអភិបាលរងបានបញ្ជាក់ដែរថា កុមាររងគ្រោះដែលមានអាយុត្រឹម១០ឆ្នាំទាំង០៣នាក់ នោះត្រូវបានស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ចាប់ពង្រត់ចេញពីក្នុងមូលដ្ឋានដឹកតាមម៉ូតូរហូតដល់ស្រុកបាកាន ខេត្តពោធិ៍សាត់ ទើបស្ត្រីនោះទម្លាក់ពួកគេទាំង០៣នាក់ ដោយសារតែក្មេងៗស្រែកនៅលើម៉ូតូឲ្យអ្នកភូមិជួយអន្តរាគមន៍ ហើយស្ត្រីនោះក៏ជិះម៉ូតូគេចខ្លួនបាត់ស្រមិលទៅ ។

យោងតាមរបាយការណ៍មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៏នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១១ ឧសភា នៅចំណុចវាលស្រែមួយកន្លែង ក្នុងភូមិព្រៃតាពៅ ឃុំគារ ស្រុកមោងប្ញស្សី បង្កឡើងដោយស្ត្រីម្នាក់ដែលគេមិនស្គាល់ភិនភាគ ឬអត្តសញ្ញាណ ។ ស្ត្រីនោះ បានជិះម៉ូតូទៅឈប់លួងលោមពួកក្មេងៗមួយក្រុមដែលកំពុងអង្គុយជុំគ្នា។ ប៉ុន្តែល្បូងបានប្រុសម្នាក់ និងក្មេងស្រី០២នាក់ឲ្យឡើងជិះម៉ូតូទៅជាមួយខ្លួន ។ ស្ត្រីនោះបានដឹកពួកគេចេញពីមូលដ្ឋាន ឆ្ពោះទៅទិសខាងកើត ឆ្លងព្រំប្រទល់ខេត្តបាត់ដំបង រហូតដល់ទឹកដី ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ឃើញសភាពមិនស្រួល ដោយសារក្មេងរងគ្រោះទាំង០៣នាក់ ចេះតែស្រែកពេក ពេលជិះនៅលើម៉ូតូឲ្យអ្នកភូមិជួយ ទើបស្ត្រីម្នាក់នោះឈប់ម៉ូតូទម្លាក់ពួកគេទាំង០៣នាក់នោះចោល ហើយជិះគេចខ្លួនបាត់ស្រមោលភ្លាមៗតែម្ដង។ កុមាររងគ្រោះទាំង០៣នាក់នោះមាន ១-ឈ្មោះ រ៉េន លៀងអេង ស្រីអាយុ៨ឆ្នាំ ២-ឈ្មោះ ឌឿន សុផាន់ណា ស្រីអាយុ៩ឆ្នាំ និង៣-ឈ្មោះ សំ សុភីន ប្រុសអាយុ១០ឆ្នាំ ពួកគេរស់នៅភូមិរុណ ឃុំគារ ស្រុកមោងឬស្សី។

បើតាមមន្ត្រីមូលដ្ឋាន ដែលបានស្រង់សំដីកុមារទាំង០៣នាក់បានរៀបរាប់ថា ពួកគេមិនធ្លាប់ស្គាល់ស្ត្រីបិសាចម្នាក់នោះទេ។ ដំបូងពួកខ្លួនមានគ្នា០៥នាក់នៅអង្គុយលេងជុំគ្នា ហើយពេលនោះក៏ឃើញស្ត្រីម្នាក់នោះជិះម៉ូតូមកដល់ ក៏សួរនាំ និងពឹងពាក់សុំឲ្យពួកខ្លួនជូនទៅបេះស្តៅព្រោះគាត់ប្រាប់ថា គាត់មិនស្គាល់ដើមស្ដៅទេ ។ មន្ត្រីបានស្រង់សំដីក្មេងរងគ្រោះទៀតថា ក្រោយសួរនាំចប់ ស្ត្រីរូបនោះក៏ឲ្យពួកគេឡើងជិះម៉ូតូដើម្បីនាំទៅរកដើមស្ដៅ តែដោយសារម៉ូតូជិះបានត្រឹម០៣នាក់ ទើបដឹកពួកខ្លួន០៣នាក់ចេញទៅ តែស្ត្រីបិសាចនោះគិតតែជិះរហូតមិនព្រមឈប់ បើទោះជាពួកគេប្រាប់ឲ្យឈប់ក្ដី ។ ប៉ុន្តែក្រោយពីជិះចេញឆ្ងាយពីភូមិ ស្ត្រីនោះបានឈប់ រួចសុំដោះកងដៃ និងក្រវិលពីពួកគេ តែដោះកងដៃបានម្នាក់ដែរ ហើយក៏ឡើងជិះម៉ូតូបន្តទៅទៀត ។ រហូតដល់ទឹកដីខេត្តពោធិ៍សាត់ ពួកនាងគិតថា សភាពមិនល្អ ក៏ជិះបណ្ដើរស្រែកហៅឲ្យអ្នកភូមិជួយបណ្ដើរ រហូតដល់ចំណុចទឹកដី ឃុំបឹងខ្នា ស្រុកបាកាន។

ដោយឃើញពួកក្មេងៗទាំងនោះស្រែកខ្លាំងពេក ស្ត្រីទុច្ចរិតនោះក៏ឈប់ម៉ូតូទម្លាក់ពួកក្មេងៗទាំង០៣នាក់ចោលទៅនោះតែម្ដងទៅ ។ ក្មេងស្រីម្នាក់បាននិយាយថា ពេលត្រូវស្ត្រីបិសាចទម្លាក់ពួកនាងចោលតាមផ្លូវ ពួកនាងក៏ដើរតាមផ្លូវរថភ្លើង ក្នុងគោលបំណងត្រឡប់មករកផ្ទះនៅស្រុកមោងប្ញស្សីវិញ ដែលមានចម្ងាយរាប់សិបគីឡូម៉ែត្រ ។ នាងនិយាយថា ពេលនាំគ្នាដើរក៏ជួបអ្នកភូមិ ហើយពួកនាងបានរៀបរាប់ប្រាប់ពីដំណើររឿងមានគេចាប់ពង្រត់ពួកនាងដឹកតាមម៉ូតូ ទើបអ្នកភូមិទូរស័ព្ទទំនាក់ទំនង តាមលេខដែលនាងប្រាប់ ដើម្បីហៅជីតានាងឲ្យទៅទទូលយកពួកនាង នៅចំណុចខាងលើ ។ គេមិនដឹងថា តើស្ត្រីមិនស្គាល់អត្តសញ្ញាណ ដែលចាប់ពង្រត់កុមាររងគ្រោះទាំង០៣នាក់នោះ ក្នុងគោលបំណងអ្វីឲ្យប្រាកដទេ? ឬក៏ស្ត្រីបិសាចនោះចាប់កុមារទាំងនោះយកទៅលក់ក៏គេមិនដឹងដែរ ? ឬក្នុងគោលបំណង់ទុច្ចរិតអ្វីផ្សេង? ឬស្ត្រីម្នាក់នេះ ចង់ដោះយកគ្រឿងអលង្ការដែលពួកនាងមានបន្តិចបន្តួចពាក់ជាប់ខ្លួន? រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ នៃការចាប់ពង្រត់ក្មេងប្រុស ស្រីទាំង០៣នាក់ខាងលើនេះនៅឡើយទេ។ ហើយក៏មិនដឹងថា តើសមត្ថកិច្ចបានធ្វើការស៊ើបអង្កេតលើសំណុំរឿងនេះដែរ ឬ យ៉ាងណានោះទេ ? បើតាមព័ត៌មាន ទំនងគ្មានសមត្ថកិច្ចក្នុងស្ថាប័នណាមួយខ្វល់ខ្វាយពីរឿងនេះឡើយ។

កោះសន្តិភាព បានព្យាយាមសុំការបំភ្លឺចំពោះករណី «ចាប់ពង្រត់ក្មេងប្រុស ស្រី០៣នាក់» ខាងលើនេះពីលោក ស គឹមឡុង អធិការស្រុកមោងប្ញស្សី តាមទូរស័ព្ទច្រើនលើកច្រើនសារ នៅថ្ងៃទី១៨ ឧសភា តែលោកអធិការរូបនេះមិនលើកទូរស័ព្ទឡើយ ហើយរហូតមកដល់ត្រឹមម៉ោង៤រសៀលថ្ងៃដដែលនេះ ក៏គ្មានការឆ្លើយតបពីលោកអធិការូបនេះដែរ ។ ដោយឡែក លោក បឿន សុវណ្ណ អភិបាលរងស្រុកមោងប្ញស្សីបានបញ្ជាក់ថា ក្រុមការងារនៃរដ្ឋបាលស្រុកមោង ប្ញស្សី រួមជាមួយមន្ត្រីមូលដ្ឋានផង បានចុះទៅជួបសួរនាំផ្ទាល់ជាមួយអាណាព្យាបាលកុមាររងគ្រោះទាំងអស់ រួមទាំងក្មេងប្រុសស្រីដែលរងគ្រោះទាំង០៣នាក់នោះផង។ លោកបានបញ្ជាក់បន្ថែមថា នៅពេលចុះជួបសួរសុខទុក្ខ រដ្ឋបាលស្រុកក៏បានផ្ដល់ជូននូវថវិកា និងអំណោយបន្តិចបន្តួចជួយដល់កុមាររងគ្រោះទាំង០៣នាក់ផងដែរ ជាមួយនឹងការការអំពាវនាវរបស់លោកអភិបាលស្រុក សូមឲ្យអាណាព្យាបាលនានា ឬកុមារតូចៗនៅគ្រប់ទីកន្លែងក្នុងមូលដ្ឋាន ត្រូវមានប្រុងប្រយ័ត្នចំពោះកូនៗតូចៗរបស់ខ្លួន។ ប្រសិនជាជួបនូវមនុស្សដែលគួរឲ្យសង្ស័យ ត្រូវរាយការណ៏ភ្លាមៗ ទៅកាន់សមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីសុំឲ្យជួយពិនិត្យនិងអន្តរាគមន៏ទៅលើមុខសញ្ញានោះ ។

website_news/2023190502.txt · Last modified: 2023/05/19 13:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki