website_news:2023190902

ឯកឧត្តម នេត សាវឿន ប្រាប់អាជ្ញាធរនៅតាមព្រំដែនជួយដោះស្រាយរាល់បញ្ហាប្រឈមរបស់ពលករខ្មែរ

https://btv.com.kh/article/30583 2023/09/18 03:03:02 pm

ភ្នំពេញ ៖ ឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា បានណែនាំដល់អាជ្ញាធរនៅតាមបណ្តោយព្រំដែន ដែលជាប់នឹងប្រទេសថៃទាំងអស់ ត្រូវជួយដោះស្រាយរាល់បញ្ហាប្រឈមនានារបស់បងប្អូនពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ និងមួយវិញទៀតត្រូវលុបបំបាត់បាតុភាពអសកម្មផ្សេងៗ ដែលបង្កការលំបាកដល់ពួកគាត់ ពេលធ្វើដំណើរចេញ-ចូលជាដើម។នៅក្នុងកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចនាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានរំលឹកដល់ថ្នាក់ដឹកនាំបណ្ដាអង្គភាពផ្សេងៗ នៅក្នុងគណៈកម្មការចំពោះកិច្ចនេះ ពិសេសសមត្ថកិច្ចតាមច្រកទ្វារព្រំដែន ត្រូវតែកែប្រែឥរិយាបថក្នុងការបំពេញការងារ ដោយធ្វើយ៉ាងណាឲ្យពលករដែលត្រូវចំណាកស្រុកចេញទៅក្រៅប្រទេស មានភាពកក់ក្ដៅក្នុងការទទួលសេវា និងមិនត្រូវឲ្យពួកគាត់មានការថ្នាំងថ្នាក់អ្វីបន្តទៀតនោះទេ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ក៏បានជំរុញដល់ស្ថាប័នពាក់ព័ន្ធ ដោយក្នុងនោះសំខាន់គឺ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងអភិបាលខេត្តជាប់ព្រំដែន ត្រូវជួបធ្វើការជាមួយភាគីថៃ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលករចំណាកស្រុក ហើយដើម្បីជាយន្ដការមួយផ្ដល់ភាពងាយស្រួលដល់ពលករចំណាកស្រុកនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី គ្រោងបង្កើតយន្ដការពិនិត្យមួយពីថ្នាក់ជាតិ ដើម្បីចុះត្រួតពិនិត្យតាមច្រកទ្វារតែម្ដង សំដៅទទួលយកបញ្ហាកង្វល់ និងដាក់ចេញវិធានការដោះស្រាយរបស់ពលករ។ លើសពីនេះ ឯកឧត្តមក៏បានណែនាំឲ្យបង្កើតប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍មួយផងដែរ (Hotline) និងបណ្ដាញទំនាក់ទំនងសង្គម ដើម្បីពលករទាំងអស់អាចមានមធ្យោបាយរាយការណ៍មកថ្នាក់ជាតិ ទប់ស្កាត់រាល់បាតុភាពនានាដែលកើតឡើងចំពោះពួកគាត់។

សូមបញ្ជាក់ថាសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្កើតគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែនកាលពីសប្តាហ៍កន្លងទៅនេះ។ គោលបំ ណងដែលបង្កើតគណៈកម្មការនេះឡើង គឺដើម្បីតាមដាន និងត្រួតពិនិត្យការអនុវត្តវិធានការនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីលុបបំបាត់ភាពមិនប្រក្រតី និងបាតុភាពផ្សេងៗ ក៏ដូចជាបញ្ហាប្រឈមនានាចំពោះពលករខ្មែរ ក្នុងការចេញ-ចូល និងឆ្លងកាត់ព្រំដែន។ ជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែន ដើម្បីជួយសម្រួលដំណើរចេញ-ចូលរបស់ពលករខ្មែរឲ្យបានត្រឹមត្រូវ។ ទទួល និងដោះស្រាយបណ្ដឹងតវ៉ានានារបស់ពលករខ្មែរពាក់ព័ន្ធនឹងដំណើរឆ្លងកាត់ព្រំដែន។ និងបញ្ហាផ្សេងៗចំពោះ បងប្អូនកម្មករជាដើម៕ អត្ថបទ ៖ បាន ចក់

website_news/2023190902.txt · Last modified: 2023/09/19 10:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki