website_news:2023190905

អាជ្ញាធរគួរតែទទួលស្គាល់ និងចាត់វិធានការលើការ «ជួញដូរ និងចាប់ជំរិត» មនុស្សនៅកម្ពុជា

https://www.rfa.org/khmer/news/human-rights/youth-and-civil-society-say-authorities-should-recognize-and-take-actions-on-trafficking-and-kidnapping-in-cambodia-09182023052302.html ដោយ យ៉ង ចាន់តារា 2023.09.18

យុវជន និងសង្គមស៊ីវិលថា អាជ្ញាធរគួរតែទទួលស្គាល់ និងចាត់វិធានការចំពោះអំពើជួញដូរមនុស្ស និងចាប់ជំរិតមនុស្សនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការរកឃើញរបស់ក្រសួងការ បរទេសសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ។ ការលើកឡើងនេះ ក្រាយពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចេញសេចក្ដីបំភ្លឺថា អាជ្ញាធរគ្រប់គ្រងច្រកព្រំដែនអន្តរជាតិកម្ពុជានោះ បានធ្វើការងារយ៉ាងហ្មត់ចត់ និងការខិតខំរឹតបន្តឹងការអនុវត្តច្បាប់អន្តោប្រវេសន៍។ យុវជន និងមន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា ប្រសិនបើអាជ្ញាធរ នៅតែមិនស្រាវជ្រាវរកជនសង្ស័យ ដែលប្រព្រឹត្តអំពើជួញដូរ និងចាប់ជំរិតមនុស្សនៅកម្ពុជាទេ នោះកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ នៅតែបន្តជាប់ឈ្មោះជាប្រទេសអាក្រក់បំផុត នៃអំពើជួញដូរ និងចាប់ជំរិតមនុស្ស។

ពលរដ្ឋខ្មែរនៅជប៉ុនលោកស្រី មាស ភារ៉ា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៧ កញ្ញា ថា លោកស្រីមានការព្រួយបារម្ភថា នៅពេលកម្ពុជា ជាប់ឈ្មោះអាក្រក់បំផុតនៃអំពើជួញដូរមនុស្ស នោះនឹងធ្វើឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេស នឹងពិបាកស្វែងរកការងារធ្វើ។ លោកស្រី មាស ភារ៉ា៖ «គាត់គួរតែងាកមករកផ្លូវត្រូវវិញបានល្អ បើមិនអ៊ីចឹងវាដូចកាន់តែធ្លាក់ចុះដុនដាបកេរ្តិ៍ប្រទេសយើងក៏ដុនដាបចុះ អត់មានស្ដារបានទេបើគាត់អត់ព្រមដើរផ្លូវត្រូវ»។

ការលើកឡើងនេះគឺ ក្រោយពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានចេញសេចក្ដីបំភ្លឺមួយ កាលពីថ្ងៃទី១៤ កញ្ញា ថា អាជ្ញាធរបានប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព្រំដែនតាមគ្រប់បណ្ដាប៉ុស្តិ៍ត្រួតពិនិត្យទាំង ២៧ប៉ុស្តិ៍ ដើម្បីគ្រប់គ្រងការចេញចូលច្រកទ្វារអន្តរជាតិឲ្យបានហ្មត់ចត់ និងទប់ស្កាត់រាល់មុខសញ្ញាឧក្រិដ្ឋកម្មឆ្លងដែនមកកម្ពុជា។ សេចក្ដីបំភ្លឺដដែលឲ្យដឹងទៀតថា នៅក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ អាជ្ញាធរ បានបដិសេធជនបរទេសជិត ៣ពាន់នាក់(២.៩៧៣) ចូលមកកម្ពុជា ដោយរកឃើញភាពមិនប្រក្រតីមួយចំនួនដូចជា មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌកំណត់ជាដើម។ រយៈពេល ៨ខែ នៃឆ្នាំ២០២៣ អាជ្ញាធរបានបណ្ដេញជនបរទេសជាង ១ពាន់ ៣រយនាក់(១ ៣៦៦)ចេញពីកម្ពុជា ក្រោយពីអាជ្ញាធររឹតបន្តឹងការគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា។

បើទោះជាយ៉ាងនេះក្ដី កាលពីចុងខែសីហាកន្លងទៅ អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានចេញផ្សាយរបាយការណ៍មួយរកឃើញថា មានមនុស្សរាប់សែននាក់ត្រូវបានក្រុមឧក្រិដ្ឋជនបង្ខំឱ្យធ្វើការងារតាមប្រព័ន្ធអ៊ីនធឺណិតនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះនៅកម្ពុជាមានជាង១០ម៉ឺននាក់។ ប៉ុន្តែរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការលើកឡើងរបស់អង្គការសហប្រជាជាតិនេះ មិនឆ្លុះបញ្ចាំងការពិតនោះទេ ហើយអ្នកស្រីថា រឿងនេះជាការធ្វើឱ្យកម្ពុជាបាក់មុខមាត់នៅលើឆាកអន្តរជាតិ។ ការឆបោកតាមអ៊ីនធឺណិតនេះ គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀត ដែលរបាយការណ៍ឆ្នាំ២០២២ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដាក់ចំណាត់ថ្នាក់កម្ពុជាអាក្រក់បំផុត នៃអំពើជួញដូរមនុស្ស។

វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងអគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ វាសនា និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ដើម្បីសុំការឆ្លើយតបចំពោះបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី១៧ កញ្ញា។

ជុំវិញរឿងនេះ ប្រធានផ្នែកប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងវេស្សន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា អាជ្ញាធរគួរតែទទួលស្គាល់ការពិត នៃការរកឃើញរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ។ លោកបន្ថែមថា ប្រសិនបើរដ្ឋាភិបាលចង់ដោះស្រាយបញ្ហានេះ អាជ្ញាធរគួរតែស្នើសុំកិច្ចសហប្រតិបត្តិការជាមួយអ្នកដែលចេញផ្សាយរបាយការណ៍ទាំងនោះ ដើម្បីសហការគ្នាស្រាវជ្រាវ និងបង្ក្រាបបទល្មើសទាំងនោះ។

លោក ឌី ថេហូយ៉ា៖ «អ៊ីចឹងដើម្បីអាចធ្វើកិច្ចការងារទាំងអស់នេះបាន វាទាល់តែទី១យើងត្រូវទទួលស្គាល់ថា វាមានបញ្ហាហ្នឹងកើតឡើង បើកាលណាយើងឈឺហើយយើងអត់ទទួលស្គាល់ថាខ្លួនឯងឈឺទេ ហើយយើងទៅព្យាបាលម៉េចកើត ខ្លួនយើងមិនគិតខ្លួនឯង។ ដើម្បីព្យាបាលដើម្បីដោះស្រាយបញ្ហានេះបាន វាទាល់តែមានការចូលរួមពីស្ថាប័នពាក់ព័ន្ធជាពិសេសគឺ អង្គការសង្គមស៊ីវិល ដែលធ្វើការលើវិស័យហ្នឹង ធ្វើដោយតម្លាភាព ទី១ចង់ដឹងថាអ្នកណា ដែលជាមេបណ្ដាញនៃអំពើជួញដូរ»។

កាលពីថ្ងៃទី១១ កញ្ញា កន្លងទៅ អាជ្ញាធរកម្ពុជា និងថៃ បានសហការគ្នាបង្ក្រាបជនសង្ស័យឆបោកតាមអ៊ីនធឺណិតចំនួន ៤នាក់ នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលរត់គេចខ្លួនពីការតាមចាប់ក្រោមអំណាចដីការបស់តុលាការប្រទេសថៃ។ ពួកគេទាំង ៤នាក់នេះ គឺស្ថិតនៅក្នុងចំណោមជនសង្ស័យចំនួន ៣០នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមអ៊ីនធឺណិត ដែលមានមេក្លោងជាជនជាតិចិន ហើយមានមូលដ្ឋាននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ពួកគេ បានឆបោកជនជាតិថៃមួយគ្រួសារ ក្នុងទំហំទឹកប្រាក់ចំនួន ១លាន ៧សែនបាត រហូតបង្កឲ្យមានឃាតកម្មក្នុងគ្រួសារមួយកើតឡើង ដែលប្ដីបានសម្លាប់ប្រពន្ធ និងកូនចំនួនពីរនាក់៕

website_news/2023190905.txt · Last modified: 2023/09/19 10:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki