website_news:2023191002

ពលករថៃត្រូវថៅកែអ៊ីស្រាអែលបង្ខំឱ្យបន្តធ្វើការក្នុងតំបន់សង្គ្រាម

https://kohsantepheapdaily.com.kh/article/1820724.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ១៨ ខែ តុលា ឆ្នាំ ២០២៣ ម៉ោង ១៦:៥៤

អ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ ពលករថៃអះអាងថា ថៅកែអ៊ីស្រាអែលរបស់ពួកគេបានបង្ខំឲ្យពួកគេធ្វើការក្នុងបណ្ដាតំបន់គ្រោះថ្នាក់នៅអ៊ីស្រាអែល ។ ខណៈចំនួនអ្នកស្លាប់ជាជនជាតិថៃនៅអ៊ីស្រាអែល ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស់ ពេលនេះកើនដល់៣០នាក់ បណ្ដាថៅកែអ៊ីស្រា អែល កំពុងត្រូវការកម្លាំងពលកម្មបរទេសច្រើន ហើយបង្ខំពលករថៃឲ្យធ្វើការក្នុងបណ្ដាតំបន់គ្រោះថ្នាក់ ។ ពលករថៃ២៨នាក់នៅអ៊ីស្រាអែលកំពុងស្នើដល់រដ្ឋាភិបាលឲ្យជួយធ្វើមាតុភូមិនិវត្តន៍ពួកគេ ក្រោយពីត្រូវថៅការបញ្ជូនទៅធ្វើការក្នុងតំបន់ក្រហម ។

ក្នុងការអំពាវនាវតាមវីដេអូមួយលើបណ្ដាញសង្គម ពលករថៃម្នាក់លោកពង្សសាកនអ៊ីនតាវន អាយុ៣១ឆ្នាំ មានដើមកំណើតនៅអ៊ូដុមថានី អះអាងថា រូបគេនិងពលករថៃ២៧នាក់ទៀត ត្រូវបានគេបង្ខំឲ្យទៅធ្វើការក្នុងចម្ការប៉េងប៉ោះមួយដែលបោះបង់ចោលនៅ YATED ជាទីក្រុងតូចមួយនាភាគខាងត្បូងអ៊ីស្រាអែល ចម្ងាយត្រឹមតែ១០គីឡូម៉ែត្រពីជ្រោយហ្គាហ្សា ។ មុននេះនិយោជកអ៊ីស្រាអែលរបស់ពួកគេបានជម្លៀសពលករថៃមកកាន់ទីក្រុងដាច់ស្រយាលមួយ ស្ថិតនៅចម្ងាយ២០០គីឡូម៉ែត្រពី YATED កាលពីថ្ងៃទី១០ តុលា ។ ប៉ុន្តែនាថ្ងៃទី១៥តុលាថៅកែបាននាំពួកគេមកកាន់កសិដ្ឋាន ហើយទុកពួកគេចោលនៅទីនោះ ។ ពលករថៃនៅទីនោះពិតជាមានការបារម្ភខ្លាំងណាស់ចំពោះសន្តិសុខ ។

មានពលករថៃប្រមាណជា ៣០.០០០នាក់ នៅអ៊ីស្រាអែលពេលជម្លោះផ្ទុះឡើងនាថ្ងៃទី៧ តុលា ។ មកទល់ពេលនេះតាមក្រសួងការងារថៃថា ពលករថៃប្រមាណជា៨១៦០នាក់នៅអ៊ីស្រាអែល បានបង្ហាញពីបំណងពួកគេវិលត្រឡប់មកស្រុកវិញ ៕

website_news/2023191002.txt · Last modified: 2023/10/19 09:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki