website_news:2023191003

សង្គមស៊ីវិលបារម្ភអំពីការចែករំលែករូបភាពអាសអាភាស និងសេវាកម្មផ្លូវភេទ យ៉ាងអនាធិបតេយ្យ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម

2023.10.18 https://www.rfa.org/khmer/news/social-economy/civil-society-concerned-about-sharing-pornography-and-sexual-services-through-social-media-10182023063429.html ដោយសុជីវី

មន្ត្រីសង្គមស៊ីវិលបារម្ភថា ការចែកចាយរូបភាពអាសអាភាស និងសេវាកម្មផ្លូវភេទ យ៉ាងអនាធិបតេយ្យនៅលើបណ្ដាញទំនាក់ទំនងសង្គម នឹងធ្វើឱ្យករណីរំលោភសេពសន្ថវៈកាន់តែមានចំនួនច្រើនឡើង ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងសុវត្ថិភាពរបស់ស្ត្រី។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាល មានចំណាត់ការលើបញ្ហានេះ ដើម្បីការពារស្ត្រី និងលើកកម្ពស់តម្លៃសីលធម៌សង្គមឡើងវិញ។ ការចែកចាយរូបភាពអាសអាភាស និងការលក់សេវាកម្មផ្លូវភេទ ក្នុងពេលបច្ចុប្បន្ន កំពុងមានភាពសកម្មនៅលើបណ្ដាញទំនាក់ទំនងសង្គម ប្រៀបបានទៅនឹងការដាក់លក់ទំនិញ ឬសេវាកម្មដទៃទៀតដូច្នោះដែរ។

អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រ នៃអង្គការខុមហ្វ្រែល (Comfrel) អ្នកស្រី សឺនកេត សិរីលក្ខណ៍ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ តុលា ថា ក្មេងស្រី និងស្ត្រីជាច្រើន បានក្លាយជាជនរងគ្រោះ ដោយសារការរំលោភសេពសន្ថវៈមិនថានៅផ្ទះ នៅកន្លែងការងារ ឬទីសាធារណៈដទៃទៀត ដែលវាជាផលជះមួយផ្នែក បណ្ដាលមកពីការចែកចាយ មើលរូបភាពអាសអាភាស ដោយសេរីលើបណ្ដាញសង្គម។ អ្នកស្រីបន្តថា ភាពស្រើបស្រាលចេញពីរូបភាព ឬវីដេអូទាំងនោះ នឹងធ្វើឱ្យអ្នកមើល ជាពិសេសមនុស្សប្រុសមានចំណង់ផ្លូវភេទ ហើយចាប់ផ្ដើមប្រព្រឹត្តទង្វើមិនសមរម្យ ខណៈវាក៏បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និងការសិក្សារបស់យុវវ័យផងដែរ។

អ្នកស្រី សឺនកេត សិរីលក្ខណ៍៖ «វាប៉ះពាល់ក្មេង ជាពិសេសក្មេងចាប់ពីអាយុ ៧-៨ឆ្នាំរហូតដល់អាយុក្រោម ១៨ឆ្នាំ ប៉ះពាល់ខ្លាំងណាស់! ប៉ះពាល់ដល់សតិអារម្មណ៍គាត់ ហើយក្នុងនាមបងជាម្ដាយ បងក៏បារម្ភខ្លាំង ចំពោះកូនយើងដែលប្រើប្រាស់ទូរស័ព្ទ ជាពិសេសបងក៏ឃើញកូនស្រីបងគាត់មើលនៅក្នុងយូធូប ហើយអូស (Scroll) មក វាទាក់ទង (Related) ទៅចេញរូបអាសអាភាសអីហ្នឹង យើងមានអារម្មណ៍ថាអត់ស្រួលក្នុងចិត្តទេ»។

ក្ដីបារម្ភនេះ កើតឡើងបន្ទាប់ពីមានការចែកចាយរូបភាពអាសអាភាស ភាគច្រើនធ្វើឡើងនៅតាមបណ្ដាញទំនាក់ទំនងសង្គម រួមមាន តេឡេក្រាម ហ្វេសប៊ុក និងគេហទំព័រមួយចំនួនទៀត ដែលត្រូវបានគេបង្កើតឡើងលក្ខណៈជាក្រុមៗ ចែកចាយឱ្យមើលដោយសេរី ឬលក់រូបភាព ឬវីដេអូទាំងនោះ។ ចំណែកនារីរកស៊ីផ្លូវភេទមួយចំនួន ក៏បានប្រើប្រាស់បណ្ដាញទាំងនោះ ដើម្បីរកអតិថិជនផងដែរ ដោយថតរូបភាពរបស់ខ្លួនដាក់ចូលទៅក្នុងក្រុម ដោយមានភ្ជាប់ជាមួយលេខទូរស័ព្ទ និងពាក្យសម្ដីស្រើបស្រាលផ្សេងៗ។ រីឯសមាជិកនៅក្នុងក្រុមចែកចាយរូបអាសអាភាសទាំងនោះ ភាគច្រើនជាបុរស មិនថាចាស់ ជំទង់ ឬក្មេងនោះឡើយ។ ពួកគេចូលរួមធ្វើជាសមាជិកក្នុងក្រុមទាំងនោះដោយសេរី និងគ្មានលក្ខខណ្ឌ។

ទាក់ទិនរឿងនេះ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ យល់ឃើញថា ភាពអនាធិបតេយ្យ នៃការចែករំលែករូបភាព ឬវីដេអូអាសអាភាស គឺជាផ្នែកមួយដែលធ្វើឱ្យករណីរំលោភសេពសន្ថវៈមានចំនួនកើនឡើង។ លោកបន្តថា រដ្ឋាភិបាលគួរបង្កើនការរឹតបន្តឹងលើការរកស៊ីផ្លូវភេទ និងសីលធម៌នៃការប្រើប្រាស់បណ្ដាញសង្គម ដើម្បីកុំឱ្យមានរូបភាពស្រើបស្រាលទាំងនោះចែកចាយ ដោយសេរី ហើយលេចធ្លាយទៅដល់ភ្នែកយុវជន និងក្មេងជំទង់។

លោក កើត សារ៉ាយ៖ «ព្រោះយើងត្រូវការបណ្ដុះយុវជនធនធានមនុស្សល្អៗ ហើយដើម្បីធានាសុខសុវត្ថិភាព នៃសន្តិសុខសង្គមឱ្យល្អដែរ។ ដូច្នេះការដែលគ្រប់គ្រងឱ្យបាននូវការធ្វើឱ្យមានរូបភាពអាសអាភាស ជាសាធារណៈដែលអាចធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍យុវជនក្មេងៗអីជាដើមហ្នឹង ជារឿងមួយ ដែលត្រូវតែធ្វើការរឹតបន្តឹង។ ហើយរឹតបន្តឹងនោះ ខ្ញុំជឿជាក់ថា សាមីក្រសួងជំនាញ គឺគាត់មានការយល់ដឹងជាងយើងទៅទៀត»។ កាលពីឆ្នាំ២០២១ និយតករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) បានចាត់វិធានការបិទខ្ទប់គេហទំព័រ និងយូអអិល (URL) ចំនួន៩ បន្ទាប់ពីរកឃើញថាគេហទំព័រនិងយូអអិលទាំងនេះ បានបង្ហោះរូបភាពនិងវីដេអូអាសអាភាសកុមារ តាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។ តែទោះយ៉ាងណាក្ដី ការចាត់វិធានការនេះធ្វើឡើងតែមួយផ្នែកតូច ខណៈការចែកចាយរូបភាពអាសអាភាស និងការលក់សេវាកម្មផ្លូវភេទ កើតឡើងយ៉ាងគគ្រឹកគគ្រេង នៅក្នុងក្រុមតេឡេក្រាម។

វិទ្យុអាស៊ីសេរី មិនអាចទាក់ទង ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា លោក សុខ នីត្យា និងអគ្គស្នងការនគរបាលជាតិ លោក ស ថេត ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី ១៧ តុលា។

យោងតាមវេបសាយ ដាតា រីផតថល (Data Reportal) បង្ហាញថា នៅក្នុងឆ្នាំ២០២៣ នេះ កម្ពុជាមានអ្នកប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមចម្រុះចំនួនជិត ១១លាននាក់ (១០,៩៥) ឬស្មើនឹង ៦៥ភាគរយ នៃចំនួនប្រជាជនសរុប។ ក្នុងនោះអ្នកប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម (Telegram) ជាង ១០លាននាក់ ហ្វេសប៊ុក (Facebook) មានចំនួន ១០លាននាក់(១០,៤៥) អ៊ីនស្ដាក្រាម (Instagram) ជាង ១លាននាក់ (១,៧៥) និងតិកតុក (Tik Tok) ជាង ៧លាននាក់ (៧,០៦)។

ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា លើកឡើងថា ការចែកចាយរូបភាពអាសអាភាសនៅលើបណ្ដាញសង្គម គឺជាការប្រើប្រាស់សិទ្ធិហួសហេតុ ដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរ។ លោកជំរុញឱ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធមានវិធានការទប់ស្កាត់ទង្វើទាំងអស់នេះ ជាជាងការរាំងខ្ទប់ឬចាត់វិធានការលើសំឡេងលេងរិះគន់ និងការតស៊ូមតិផ្សេងៗ។ លោក នី សុខា៖ «ដូចខ្ញុំជម្រាប គឺថាវាមានផលប៉ះពាល់ធ្ងន់ធ្ងរណាស់ ហើយរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ក្នុងការមានវិធានការ។ ខ្ញុំគិតថា រដ្ឋាភិបាលមិនមែនអត់សមត្ថភាពក្នុងការចាត់វិធានការចំពោះបញ្ហាអ៊ីចឹងទេ ពីព្រោះថា ប្រសិនបើមានបុគ្គលណានិយាយប៉ះពាល់ដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល ឬក៏ប៉ះពាល់ដល់កិត្តិយស ឬក៏មានបញ្ហានិយាយរិះគន់រដ្ឋាភិបាលអី រដ្ឋាភិបាលមានចំណាត់ការលឿនណាស់ មិនអាចគេចរួចទេ»។

ការចែកចាយរូបភាពអាសអាភាស និងការលក់សេវាកម្មផ្លូវភេទ មិនមែនមានតែនៅក្នុងបណ្ដាញសង្គមប៉ុណ្ណោះទេ ដោយនៅតាមហាងកាហ្វេមួយចំនួន ក៏មានបង្កប់នូវសកម្មភាពទាំងនេះផងដែរ។ នៅក្នុងហាងកាហ្វេទាំងនោះមានសភាពងងឹតជាងហាងកាហ្វេធម្មតា ហើយតែងមានសិស្សនិស្សិត ឬមនុស្សវ័យកណ្ដាលចេញចូលហូរហែ ប្រៀបបានទៅនឹងទីស្នាក់ការនៃការចែកចាយរូបភាព ឬសេវាកម្មផ្លូវភេទ និងការប្រព្រឹត្តអំពើអបាយមុខដទៃទៀតដែរ។

ជាលទ្ធផលនៃទិដ្ឋភាពទាំងនេះ ការចុះផ្សាយរបស់សារព័ត៌មានកន្លងមក បានបង្ហាញនូវករណីរំលោភសេពសន្ថវៈបានកើតឡើងទៅលើទារក កុមារ ទៅដល់មនុស្សពេញវ័យ រហូតដល់មានអ្នកស្លាប់ ឬបាត់បង់សតិ ខណៈជនល្មើសមួយចំនួនជាអនីតិជន ខ្លះជាឪពុកបង្កើត ឪពុកចុង ជីតា ឬសាច់ញាតិដទៃទៀតជាមួយជនរងគ្រោះ។

មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ករណីទាំងនេះអាចនឹងកើតឡើងដោយសារជនល្មើសមើលរឿងអាសអាភាស ហើយមិនអាចគ្រប់គ្រងខ្លួនបាន។ ពួកគាត់បារម្ភថា ក្មេងស្រី និងស្ត្រី កាន់តែប្រឈមនឹងការរំលោភសេពសន្ថវៈកាន់តែខ្លាំងជាងនេះ ប្រសិនបើការចែកចាយរូបភាពអាសអាភាសនៅលើបណ្ដាញសង្គម នៅតែបន្តដោយអនាធិបតេយ្យ គ្មានចំណាត់ការពីរដ្ឋាភិបាល៕

website_news/2023191003.txt · Last modified: 2023/10/19 09:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki