website_news:2023191202

លោក ហ៊ុន ម៉ាណែត ជំរុញការបង្កើតអគ្គកុងស៊ុលនៅខេត្តអូសាកាដើម្បីសម្រួលសេវាដល់ពលករខ្មែរចំណាកស្រុក

https://www.khmertimeskh.com/501408607/-32/ December 18, 2023 តន វិបុល/ Khmer Times

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញការបង្កើតអគ្គកុងស៊ុលមួយទៀតនៅខេត្តអូសាកា ប្រទេសជប៉ុន ដើម្បីងាយស្រួលផ្តល់សេវាដល់ពលរដ្ឋ និងកម្មសិក្សាការី ក៏ដូចជាកាត់បន្ថយការចំណាយផ្សេងៗ។

នៅក្នុងជំនួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅប្រទេសជប៉ុនកាលពីថ្ងៃសៅរ៍ក្នុងកំលុងពេលទៅចូលរួមកិច្ចប្រជុំកំពូលជប៉ុនអាស៊ាន លោកនាយករដ្ឋាមន្ត្រី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិសិក្សាពិនិត្យលទ្ធភាពបង្កើតអគ្គកុងស៊ុលនៅខេត្តអូសាកា ប្រទេសជប៉ុន នាពេលខាងមុខ បន្ទាប់ពីលោកកត់សម្គាល់ឃើញថា កត្តាភូមិសាស្ត្រនៅប្រទេសជប៉ុនមានលក្ខណៈវែង ដែលធ្វើឱ្យពលរដ្ឋខ្មែរនៅទីនោះត្រូវធ្វើដំណើរដោយចំណាយពេលយូរនិងថវិកាច្រើន ដើម្បីទៅទទួលសេវាផ្សេងនៅឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនដែលមានមូលដ្ឋាននៅក្រុងតូក្យូ។

លោកថា ការជំរុញការពិនិត្យលទ្ធភាពបង្កើតអគ្គកុងស៊ុលនេះ ព្រោះនាពេលខាងមុខអាចនឹងមានពលរដ្ឋខ្មែរកាន់តែច្រើនមកបំពេញការងារ ក៏ដូចជាមកសិក្សានៅប្រទេសជប៉ុន។ ជាងនេះទៅទៀត ការចុះសួរសុខទុក្ខនិងដោះស្រាយបញ្ហាជូនកម្មសិក្សាការីនិងពលករជំនាញរបស់អនុព័ន្ធការងារមិនទាន់ពេលវេលានិងចំណាយថវិកាច្រើនក្នុងការធ្វើដំណើរ។ លោក ហ៊ុន ម៉ាណែត បាននិយាយថា៖ «ឥឡូវខ្ញុំសុំឱ្យពិនិត្យលទ្ធភាពសិក្សាមើល។ ក្រសួងកាបរទេសពិនិត្យមើលតើយើងអាចនៅថ្ងៃអនាគតបង្កើតអគ្គកុងស៊ុលមួយទៀតបានដែរទេ ដើម្បីជួយពលរដ្ឋយើងនៅ(ភូមិសាស្ត្រ)ខាងក្រោម»។

ទន្ទឹមនឹងការជំរុញការបង្កើតអគ្គកុងស៊ុលនៅខេត្តអូសាកាប្រទេសជប៉ុន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងរយៈពេលបីខែមកនេះ លោកបានបញ្ជាឱ្យបង្កើនអគ្គកុងស៊ុលមួយទៀតនៅខេត្តសុងខ្លាភាគខាងត្បូងប្រទេសថៃ ដោយសារពលរដ្ឋខ្មែរច្រើនបំពេញការងារនៅទីនោះ ហើយពួកគេត្រូវធ្វើដំណើរមកទទួលសេវាផ្សេងៗក្នុងចម្ងាយឆ្ងាយនិងចំណាយថវិកាច្រើន។ជាមួយនឹងគ្នានោះ លោកបានណែនាំបន្ថែមដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈពិនិត្យនិងការរៀបចំបន្ថែមអនុព័ន្ធការងារមួយទៀត ដើម្បីងាយស្រួលចុះជួយនិងសួរសុខទុក្ខដល់ពលរដ្ឋនៅទីនោះ ជាពិសេសពេលមានបញ្ហាគ្រោះថ្នាក់ការងារជាដើម។

លោកបន្ថែមថា កិច្ចការងារទាំងនេះ ជាការជួយដល់ប្រជាពលរដ្ឋដែលចំណាកស្រុកមកកាន់ប្រទេសទាំងនេះ។ ជាស្ដែងដូចនៅប្រទេសកូរ៉េខាងត្បូង មន្ត្រីកម្ពុជានៅទីនោះជួយសម្រួលដល់ពលរដ្ឋបានច្រើន ដូចជាការជួយរកមេធាវីដើម្បីចរចាអត្ថប្រយោជន៍ផ្សេងជូនពលករខ្មែរ ជាពិសេសនៅពេលពលរដ្ឋមានបញ្ហាផ្សេងៗ។

លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានបង្ហាញការគំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់រដ្ឋាភិបាលក្នុងការបង្កើតអគ្គកុងស៊ុលនៅទីក្រុងណាមួយក្នុងប្រទេសជប៉ុន។ នេះជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោកយល់ឃើញថា ការបង្កើតអគ្គកុងស៊ុលរបស់ប្រទេសមួយនៅប្រទេសមួយទៀត គឺអាស្រ័យលើតម្រូវការជាក់ស្ដែងសម្រាប់ការងារពារខាងផ្នែកផ្លូវច្បាប់។ ដូច្នេះប្រសិនបើពលរដ្ឋកម្ពុជាមានចំនួនច្រើនដែលកំពុងធ្វើការនិងរស់នៅប្រទេសជប៉ុន គឺជាតម្រូវការមួយដែលអាចបង្កើតអគ្គកុងស៊ុលកម្ពុជានៅទីក្រុងណានៃប្រទេសជប៉ុន៕

website_news/2023191202.txt · Last modified: 2023/12/19 09:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki