website_news:2023191205

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញកិច្ចការសំខាន់ ៦ចំណុច ក្នុងទិវាពលករទេសន្តរប្រវេសន៍អន្តរជាតិ

https://www.btv.com.kh/article/36832?fbclid=IwAR2onC_qJaZXPl_bXCYPSe-b4dKyXvRo9QUYjalmhSOZpL6X63WW1SiSHCI 2023/12/18 09:20:13 am

ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ គឺជាខួបលើកទី២៤ នៃទិវាពលករទេសន្តរប្រវេសន៍អន្តរជាតិដែលត្រូវបានបង្កើតឡើងក្នុងមូលបទការធ្វើចំណាកស្រុកដោយសុវត្ថិភាព។ ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ពីកិច្ចការសំខាន់ចំនួន៦ចំណុច ដែលក្រសួងបានធ្វើដើម្បីភាពកាន់តែប្រសើរឡើងដល់ពលរដ្ឋកម្ពុជាដែលកំពុងបម្រើការងារនៅនៅបរទេស។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ។

កិច្ចការសំខាន់ៗទាំង ៦នោះរួមមាន ទី១ ការពង្រឹងសេវាអនុព័ន្ធការងារអមស្ថានទូតកម្ពុជាព្រមទាំងសហការយ៉ាងជិតស្និទ្ធ ជាមួយជាមួយ មជ្ឈមណ្ឌលគាំពារពលករបរទេស តាមបណ្ដាប្រទេសគោលដៅ ដើម្បីជួយបង្ករភាពងាយស្រួលដល់ពលរដ្ឋកម្ពុជាក្នុងអំឡុងពេលបម្រើការងារ។ ន្ទឹមនឹងនេះ កិច្ចការសំខាន់ទី២ គឺការបន្តពង្រឹងយន្តការចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចការងារទីភ្នាក់ងារជ្រើសរើសឯកជន។

ចំណុចទី៣ គឺការផ្ដល់ការគាំទ្រ និងភាពងាយស្រួលជូនពលករពេលធ្វើការនៅក្រៅប្រទេស តាមរយៈការសម្របសម្រួលបែបបទ ឯកសារការគាំពារតាមផ្លូវច្បាប់អន្តរាគមន៍សង្គ្រោះពេលមានហានិភ័យ និងការជួបសួរសុខទុក្ខជាប្រចាំ។

ទី៤ ការជួយអន្តរាគមន៍សម្របសម្រួលពលករ និងដោះស្រាយបញ្ហាជាទូទៅរបស់ពលករជួបការលំបាកដែលមិនអនុញ្ញាតឱ្យពលរដ្ឋខ្មែរណាម្នាក់មានបញ្ហាទុកលំបាកដោយគ្មានការដឹងឮ ឬអន្តរាគមន៍ពីអាជ្ញាធរកម្ពុជាឡើយ។

ទី៥ ការចូលរួមសម្របសម្រួល និងផ្ដល់ជំនួយជាថ្នាំព្យាបាល និងស្បៀងអាហារដល់ពលករដែលជួបការលំបាកនូវប្រទេសថៃក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ ដែលជាការបង្ហាញពីសមាណចិត្ត និងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះពលរដ្ឋរបស់ខ្លួនមិនថានៅប្រទេសណា ឬក្នុងស្ថានភាពបែបណានោះទេ។

និងទី៦ ចុងក្រោយ ការផ្តួចផ្តើមឱ្យមានការធានាចល័តភាពរបបសន្តិសុខសង្គមក្នុងតំបន់អាស៊ាន។ នេះគឺជាចំណុចសំខាន់បំផុតមួយ ដើម្បីឱ្យពលរដ្ឋកម្ពុជា និងតំបន់អាស៊ានអាចទទួលបានអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គមក្នុងតំបន់បើទោះពលរដ្ឋម្នាក់នោះធ្វើការនៅប្រទេសណាក៏ដោយ។ ត្រង់ចំណុចនេះ កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ បានសម្រេចបានសេចក្តីថ្លែងការណ៍អាស៊ាន ស្ដីពីចល័តភាព នៃអត្ថប្រយោជន៍របបសន្តិសុខសង្គមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១។

ទាំងនេះ គឺជាចំណុចសំខាន់ៗដែលក្រសួងការងារក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងជួយប្រជាពលរដ្ឋរបស់ខ្លួន ដែលកំពុងធ្វើការនៅក្រៅប្រទេស ដើម្បីទទួលបានបទពិសោធន៍ការងារ និងជំនាញបន្ថែមទៀត។ គិតត្រឹមឆ្នាំ២០២៣ ពលករទេសន្តរប្រវេសន៍កម្ពុជាមានប្រមាណ ១.៣លាននាក់ដែលកំពុងធ្វើការនៅប្រទេសធំៗមួយចំនួនដូចជាថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី កោះហុងកុង សឹង្ហបូរី និងបណ្តាប្រទេសមួយចំនួនទៀត៕

website_news/2023191205.txt · Last modified: 2023/12/19 09:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki