website_news:2023200103

សមាជិកព្រឹទ្ធសភាហ្វីលីពីនចោទប្រកាន់ក្រុមជួញដូរមនុស្សកំពុងជ្រើសរើសជនជាតិហ្វីលីពីនអោយធ្វើការងារខុសច្បាប់នៅកម្ពុជា

https://www.khmertimeskh.com/501222446// Khmer Times January 19, 2023

ស្រដៀងគ្នាទៅនឹងករណីជួញដូរមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែរ សមាជិកព្រឹទ្ធសភា Risa Hontiveros នៅថ្ងៃពុធ ទី១៨ ខែមករា បាននិយាយថា ជនជាតិហ្វីលីពីនមួយចំនួនកំពុងត្រូវបានជ្រើសរើសដោយខុសច្បាប់ ដើម្បីធ្វើការជាអ្នកបោកប្រាស់ក្នុងប្រទេសកម្ពុជា។ Hontiveros បាននិយាយថា ប្រជាជនហ្វីលីពីនកំពុងត្រូវបានជ្រើសរើសដោយខុសច្បាប់ ដើម្បីធ្វើការនៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានបង្ខំឱ្យបោកប្រាស់ ដោយទាក់ទាញពលរដ្ឋមកពីប្រទេសដូចជាសហរដ្ឋអាមេរិក និងកាណាដា ឱ្យវិនិយោគលើរូបិយប័ណ្ណគ្រីបតូ។ លោកស្រីបានបន្តថា ពលករហ្វីលីពីននៅក្រៅប្រទេសក៏ត្រូវបានក្រុមជនពាលចិននៅកម្ពុជាបង្ខំឲ្យធ្វើការងារខុសច្បាប់ផងដែរ។

“ប្រជាជនហ្វីលីពីនកំពុងក្លាយជាគោលដៅចម្បងនៃក្រុមជួញដូរមនុស្ស។ បន្ទាប់ពីយើងបានជួយប្រជាជនហ្វីលីពីនមួយចំនួនក្នុងប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានគេរំលោភបំពាន និងបង្ខំឱ្យធ្វើការជាអ្នកបោកប្រាស់រូបិយប័ណ្ណនោះ ឥឡូវនេះ រឿងរ៉ាវបែបនេះក៏មានកើតឡើងនៅកម្ពុជាផងដែរ»។ លោកស្រីបានបន្តថា “ទីតាំងខុសច្បាប់ទាំងនេះត្រូវតែលុបបំបាត់” ។ លោកស្រីបាននិយាយថា ជនរងគ្រោះម្នាក់ឈ្មោះ Miles បានទាក់ទងទៅលោកស្រីដើម្បីស្វែងរកជំនួយ ខណៈដែលមានជនជាតិហ្វីលីពីនផ្សេងទៀតត្រូវការសង្គ្រោះនៅក្នុងប្រទេសកម្ពុជា។

តាមការនិយាយរបស់ Miles ពួកគេត្រូវបានសន្យាថានឹងផ្តល់ការងារបម្រើសេវាកម្មអតិថិជន ឬការងារនៅមជ្ឈមណ្ឌលហៅទូរសព្ទ។ ប៉ុន្តែដូចដែលបានដឹងពីជនរងគ្រោះមកពីប្រទេសមីយ៉ាន់ម៉ា ជនជាតិហ្វីលីពីននៅកម្ពុជាក៏ត្រូវបានបង្ខំឱ្យបោកប្រាស់ពលរដ្ឋមកពីប្រទេសដូចជាសហរដ្ឋអាមេរិក និងកាណាដា។ Miles បានរៀបរាប់ជាភាសាហ្វីលីពីននៅក្នុងវីដេអូដែលចែករំលែកដោយការិយាល័យសមាជិកព្រឹទ្ធសភាថា “នៅពេលដែលយើងមិនអាចបំពេញតាមគោលដៅបាន (យើង) ត្រូវបានបង្ខំឱ្យធ្វើការលើសពី១៦ ម៉ោងក្នុងមួយសប្តាហ៍ដោយមិនបានដេក” ។

ស្រដៀងនឹងជនរងគ្រោះក្នុងប្រទេសមីយ៉ាន់ម៉ា Miles បាននិយាយថា នាងត្រូវបានគេជួញដូរចេញពី NAIA ចូលទៅក្នុងប្រទេសថៃ ហើយត្រូវជិះរថយន្តបន្តទៅប្រទេសកម្ពុជា។ ជនរងគ្រោះផ្សេងទៀត បានហោះចេញពីអាកាសយានដ្ឋាន Clark ក្នុងទីក្រុង Pampanga ហើយចូលប្រទេសកម្ពុជា ឬពី Zamboanga ចូលប្រទេសម៉ាឡេស៊ី ឬប្រទេសអាស៊ានផ្សេងទៀត មុនពេលធ្វើដំណើរមកកម្ពុជា។ Miles គឺជាជនរងគ្រោះក្នុងចំណោមជនជាតិហ្វីលីពីនដែលត្រូវបានជួយសង្គ្រោះកាលពីយប់ថ្ងៃច័ន្ទដោយអាជ្ញាធរកម្ពុជា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូតហ្វីលីពីនក្នុងទីក្រុងភ្នំពេញ។

Hontiveros បានស្នើសុំឱ្យក្រសួងការបរទេសធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះអោយបានឆាប់ចាប់តាំងពីយប់ថ្ងៃអង្គារ ពួកគេត្រូវបានឃុំខ្លួននៅបុស្តិ៍នគរបាលដោយគ្មានគ្រែដេក និងសម្ភារៈចាំបាច់នានា។ សមាជិកព្រឹទ្ធសភាបានបន្ថែមថា “ខ្ញុំជឿជាក់ថាក្រសួងការបរទេសរបស់យើងអាចនាំប្រជាពលរដ្ឋយើងមកផ្ទះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ខ្ញុំក៏រំពឹងដែរថា យើងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ដើម្បីកម្ចាត់សកម្មភាពឧក្រិដ្ឋកម្មទាំងនេះ។ វាមិនអាចទទួលយកបានទេដែលបញ្ហានេះនៅតែបន្តកើតមានចំពោះជនរួមជាតិរបស់យើង”

លោកស្រីបានលើកឡើងថា“ច្បាស់ណាស់ នេះជាឧស្សាហកម្មដែលមានការចូលរួមពីមនុស្សជាច្រើនមកពីជុំវិញអាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត។ ប្រហែលជាឧក្រិដ្ឋជនដែលរំលោភបំពាន និងកេងចំណេញពីប្រជាជនហ្វីលីពីនដែលគ្រាន់តែចង់ស្វែងរកការងារសមរម្យគឺមានទំនាក់ទំនងជាមួយគ្នា»។ ខ្មែរថាមស៍បានដឹងថា អាជ្ញាធរហ្វីលីពីនប្រហែលមិនបានដឹងថា មានជនជាតិហ្វីលីពីនមួយចំនួនធំដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមិនមានឯកសារធ្វើការងារត្រឹមត្រូវ៕ Manila Bulletin/Khmer Times

website_news/2023200103.txt · Last modified: 2023/01/20 10:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki