website_news:2023200202

ស្ថាប័នរដ្ឋ និងអង្គការដៃគូដាក់ចេញគម្រោង «ស្ក្រូល» ដើម្បីទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទកុមារ

https://www.postkhmer.com/national/2023-02-14-1057-246953.html រ៉ាន់ រើយ | Publication date 14 February 2023 | 10:57 ICT

ភ្នំពេញៈ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រួយបារម្ភខណៈមានការរីកចម្រើនបច្ចេកវិទ្យា ដែលអាចនាំទៅរកការរំលោភបំពានលើកុមារនិងយុវវ័យកាន់តែកើនឡើងស្របពេលដែលបច្ចេកវិទ្យាកាន់តែរីកចម្រើន និងការប្រើប្រាស់បច្ចេកវិទ្យាបណ្តាញសង្គមកាន់តែកើនឡើង។ អង្គការជាដៃគូជាច្រើនរួមជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៣ ខែកុម្ភៈឆ្នាំ ២០១៣ បានបើកយុទ្ធនាការផ្សព្វផ្សាយទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធឺណិត ក្រោមប្រធានបទ «នាំគ្នានិយាយអំពីការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាពសម្រាប់កុមារ» ហៅកាត់ថា «ស្ក្រូល» រយៈពេល ៣ ឆ្នាំ មានគោលបំណង ជួយទប់ស្កាត់ និងការពារការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។

ក្នុងពេលបើកយុទ្ធនាការនេះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ប្រព័ន្ធបច្ចេកវិទ្យានៅប្រទេសកម្ពុជា បាននិងកំពុងរីកចម្រើនឥតឈប់ឈរ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើន ក្នុងការជំរុញ និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយទន្ទឹមនឹងនេះ ក៏មានជនខិលខូចឆ្លៀតឱកាសយកប្រព័ន្ធអ៊ីនធឺណិតនេះ សម្រាប់បោកប្រាស់ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនផងដែរ។ លោកស្រី ជូ ប៊ុនអេង បញ្ជាក់ថា៖ «កុមារា កុមារី ត្រូវប្រុងប្រយ័ត្នចំពោះប្រព័ន្ធអ៊ីនធឺណិតនេះ និងកុំលង់លក់នឹងការឆាត [Chat] លួងលោមតាមហ្វេសប៊ុក ឬតាមបណ្តាញផ្សេងៗរបស់បុគ្គលមួយចំនួន។ ករណីខ្លះ គឺជាការឆបោក និងបញ្ឆោតឱ្យប្រព្រឹត្តនូវបទល្មើសផ្សេងៗ ដែលសង្គមស្អប់ខ្ពើម»។

បើយោងទៅតាមការសិក្សាស្រាវជ្រាវ គម្រោងបញ្ឈប់គ្រោះថ្នាក់ (Disrupting Harm) ដែលបានចេញផ្សាយនៅក្នុង ឆ្នាំ ២០២២ មានកុមារប្រហែលជា ១៦០ ០០០ នាក់ដែលមានអាយុចន្លោះពី ១២ ដល់ ១៧ ឆ្នាំធ្លាប់មានបទពិសោធន៍ជាមួយនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដែលរួមមាន៖ ការលួងលោមតាមអនឡាញ និងការបង្ខំឱ្យផលិត និងចែកចាយរូបភាព ព្រមទាំងសម្ភារអាសអាភាស។ លោកស្រីរដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរថា នាពេលបច្ចុប្បន្ន នេះប្រទេសកម្ពុជា ត្រូវបានជនខិលខូចយកធ្វើជាជម្រក សម្រាប់ធ្វើការជួញដូរមនុស្ស និងឆបោកមនុស្សតាមប្រព័ន្ធអ៊ីនធឺណិតនេះ ប៉ុន្តែជនរងគ្រោះគឺមិនមែនជាខ្មែរនោះទេ គឺសុទ្ធតែជនបរទេស ដែលត្រូវបានជនបរទេសដូចគ្នាធ្វើការបោកបញ្ឆោត។

លោក សំលៀង សិលា នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីកុមារ (APLE) បានលើកឡើងថា នាពេលបច្ចុប្បន្ន ពិភពលោក មានកុមារជាច្រើន កំពុងត្រូវបានរងគ្រោះ តាមរយៈប្រព័ន្អ៊ីនធឺណិត។ នៅក្នុងចន្លោះឆ្នាំ ២០១៧ និងឆ្នាំ ២០១៩ រូបភាពអាសអាភាសកុមារលើអ៊ីនធឺណិត ត្រូវបានកើនឡើងយ៉ាងច្រើន ហើយបន្តកើនឡើងយ៉ាងគំហុកនៅពេលពិភពលោក មានការរីករាលដាលជំងឺកូវីដ ១៩។ លោក សិលា និយាយថា៖ «ការរក្សាសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ និងការប្រើប្រាស់អ៊ីនធឺណិតដោយសុវត្ថិភាព ជារឿងសំខាន់បំផុតនៅសម័យឌីជីថលនេះ។ តាងនាមជាអង្គការដៃគូអនុវត្តន៍គម្រោង «ស្ក្រូល» យើងសង្ឃឹមថា គម្រោងនឹងជួយជំរុញបន្ថែមនូវការបង្កើតយន្តការថ្នាក់ជាតិដើម្បីទប់ស្កាត់ការរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញ ឱ្យកាន់តែមានប្រសិទ្ធភាព។

លោក គង់ វីឡា ប្រធានគ្រប់គ្រងកម្មវិធី អង្គការដែនដីមនុស្សហូឡង់ដ៍ប្រចាំកម្ពុជាថ្លែងថា៖ «គម្រោងស្ក្រូលមានមហិច្ឆតានាំយកសំឡេងកុមារកម្ពុជាទាំងអស់ឱ្យអ្នកអនុវត្តន៍ច្បាប់នៅថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងថ្នាក់តំបន់ បានដឹងពីបញ្ហាប្រឈមរបស់កុមារ និងចាត់វិធានការដោះស្រាយដើម្បីបង្កើនសុវត្ថិភាពដល់កុមារតាមប្រព័ន្ធអនឡាញ»។

យោងតាមសេចក្តីប្រកាសរបស់គម្រោង អង្គការដែនដីមនុស្សហូឡង់ដ៍ប្រចាំកម្ពុជា និងអង្គការដៃគូ បានអនុវត្តគម្រោងប្រឆាំង និងទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ តាំងពីឆ្នាំ ២០១៧ ប៉ុន្តែបញ្ហានេះ នៅតែបន្តកើតមានដោយការរីកចម្រើននៃបច្ចេកវិទ្យា កាន់តែងាយស្រួល និងតម្លៃថោក សម្រាប់ការប្រើប្រាស់របស់កុមារ នៅក្នុងបរិបទដែលមិនមានការផ្សព្វផ្សាយគ្រប់គ្រាន់ និងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង៕

website_news/2023200202.txt · Last modified: 2023/02/20 09:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki