website_news:2023200205

លោក វ៉ាង វិនធាន៖ ឧក្រិដ្ឋជនចិន ដែលពាក់ព័ន្ធនឹងករណីជួញដូរមនុស្សនៅកម្ពុជា បានធ្លាក់ចុះ

http://freshnewsasia.com/index.php/en/localnews/278191-2023-02-15-12-27-07.html 2023-02-15 07:27pm

(ភ្នំពេញ)៖ លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានថ្លែងថា ឧក្រិដ្ឋជនចិន ដែលពាក់ព័ន្ធនឹងករណីជួញដូរមនុស្សនៅកម្ពុជា បានធ្លាក់ចុះ ក្រោយកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់ រវាងប្រទេសចិននិងកម្ពុជា ដាក់ចេញ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅស្ថានទូតចិន លោក វ៉ាង វិនធាន បានបញ្ជាក់យ៉ាងដូច្នេះ «ចាប់ពីឆមាសទី២ ឆ្នាំមុន ចិននិងកម្ពុជា បានសហការជាមួយគ្នា ដើម្បីឲ្យអ្នកពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មត្រលប់ទៅវិញ។ យើងអាចនិយាយបានទេ កិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា ធ្វើឲ្យឧក្រិដ្ឋកម្មដែលពាក់ព័ន្ធនឹងជនជាតិចិននៅកម្ពុជា ត្រូវបានកាត់បន្ថយ ដែលគួរឲ្យកត់សម្គាល់ ហើយបានផ្តល់អំណោយផលដល់បរិយាកាសសន្តិសុខ និងសុវត្ថិភាព ដល់សហប្រតិបត្តិការសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្ម»។

បើតាមលោកឯកអគ្គរដ្ឋទូត កិច្ចសហប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មជួញដូរមនុស្ស គឺជាកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់ ហើយកិច្ចសហប្រតិបត្តិការនេះ គឺជាផ្នែកសំខាន់សម្រាប់ប្រទេសទាំងពីរ កសាងសហគមន៍រួមវាសនាតែមួយ។ លោករំលឹកថា នៅឆ្នាំ២០១៩ ចិននិងកម្ពុជា បានបើកកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដោយផ្តោតសំខន់លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ហើយបានផ្តោតសំខាន់ទៅលើឧក្រិដ្ឋកម្មដូចជា ការលេងល្បែងស៉ីសងតាមអនឡាញជាដើម។ លោក វ៉ាង វិនធាន បានបន្ថែមថា ឥឡូវនេះ ភាគីទាំងពីរសប្បាយរីករាយ ដែលបានឃើញថា កិច្ចសហប្រតិបត្តិការនេះបានទទួលសមិទ្ធផល ដែលគួរឲ្យកត់សម្គាល់។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនជាតិចិន សរុបចំនួន១,៣០៨នាក់ ភាគច្រើនពាក់ព័ន្ធលួចឆ្លងដែនខុសច្បាប់ និងស្នាក់នៅធ្វើការងារខុសច្បាប់។ ដោយឡែក ខែមករា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋាន ក៏បានធ្វើការបណ្តេញជនជាតិចិន ចំនួន២២១នាក់ផងដែរ៕

website_news/2023200205.txt · Last modified: 2023/02/20 09:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki