website_news:2023200305

រដ្ឋាភិបាលបង្ការមិនឱ្យមានការប្រើប្រាស់ពលកម្មដោយបង្ខំក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា

https://www.kampucheathmey.com/local-news/481155 ថ្ងៃអាទិត្យ ១៩ មីនា ២០២៣ដោយ Sophal Tuon

មន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រាប់សមាគមសម្លៀកបំពាក់-ស្បែកជើងអាមេរិក និងក្រុមហ៊ុន VF Corporation ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបង្ការមិនឱ្យមានការប្រើ ប្រាស់ពលកម្ម ដោយបង្ខំនៅ កម្ពុជានោះទេ។ នៅក្នុងកិច្ចប្រជុំរវាងគណៈកម្មការគ្រប់គ្រងកិច្ចសន្យាជួលផលិតបន្ត ក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង ជាមួយសមាគមសម្លៀកបំពាក់-ស្បែកជើងអាម៉េរិក និងក្រុមហ៊ុន VF Corporation ដែលចេញផ្សាយ នៅរសៀលថ្ងៃទី ១៨ មីនា លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការគ្រប់ គ្រងកិច្ចសន្យាជួលផលិតបន្តក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបង្ការមិនឱ្យមានការប្រើប្រាស់ពលកម្ម ដោយបង្ខំនៅកម្ពុជា ហើយក៏បានយកចិត្តទុកដាក់ផងដែរ ចំពោះការព្រួយបារម្ភរបស់សមាគម AAFA និង VF Corporation ដែល សង្ស័យថា មានការប្រើប្រាស់ពលកម្ម ដោយបង្ខំនៅកម្ពុជា ដើម្បីផលិតទំនិញនាំចេញ តាមរយៈការរៀបចំឱ្យមាន គណៈកម្មការអន្តរក្រសួងតាំងពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១កន្លងទៅ ហើយបានកែសម្រួលសមាសភាពគណៈកម្មការ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដោយពង្រីកវិសាលភាពការងារ និងបន្ថែមសមាជិកជាន់ខ្ពស់ មកពីក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបើកការស៊ើបអង្កេតជាពិសេស លើករណីសង្ស័យថាមានការប្រើប្រាស់ពលកម្មដោយបង្ខំ ដែលផ្ទុយនឹងមាត្រាច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោកប្រធានគណៈកម្មការ ក៏បានគូសបញ្ជាក់ផងដែរអំពីកាតព្វកិច្ចដែលកម្ពុជាត្រូវអនុវត្តក្រោមច្បាប់របស់ជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងបានពន្យល់លម្អិតអំពីលទ្ធផលនៃការស៊ើបអង្កេត និងវិធានការដែលបានដាក់ចេញដោយគណៈកម្មការអន្តរក្រសួងលើក្រុមហ៊ុ នដែលមានការពាក់ព័ន្ធដោយយោងតាមប្រកាសអន្តរក្រសួងលេខ ពិសេសអន្តរស្ថាប័ន ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ ស្តីពីការហាមឃាត់ការប្រើប្រាស់ពលកម្មជនជាប់ឃុំក្នុងពន្ធនាគារដើម្បីផលិតទំនិញនាំចេញ។ ក្នុងនោះដែរ គណៈកម្មការបាន និងកំពុងបន្តធ្វើការផ្សព្វផ្សាយអំពីបទប្បញ្ញត្តិជាតិ និងអន្តរជាតិទាក់ទងនឹងការប្រើប្រាស់ពលកម្មដោយបង្ខំ ជូនដល់បណ្តារោងចក្រ-សហគ្រាស សំដៅដើម្បីជៀសវាងការអនុវត្តខុសគោលការច្បាប់ដោយវិស័យឯកជន ដែលជាហេតុនាំឱ្យមានការផាកពិន័យ, ការជាប់ទោសទណ្ឌ, ខូចខាតដល់ផលប្រយោជន៍រោងចក្រ-សហគ្រាស និងកិត្តិនាមកម្ពុជាផងដែរ។បន្ថែមលើនេះ លោកប្រធានគណៈកម្មការ បានបន្តទៀតថា កម្ពុជានឹងរៀបចំជាអនុក្រិត្យ ដើម្បីកែលម្អយន្តការដែលមានស្រាប់ ដោយបន្ថែមនូវនីតិវិធីលម្អិត យន្តការគ្រប់គ្រងជាអចិន្ត្រៃយ៍ ការទទួលខុសត្រូវរបស់ក្រុមហ៊ុនពាក់ព័ន្ធ ជាពិសេសអ្នកចុះកិច្ចសន្យាជួលផលិតបន្តច្រើនជាន់ថ្នាក់ (Sub and Sub-contract) ដោយកំណត់ឱ្យបានច្បាស់លាស់ និងញែកឱ្យដាច់រវាងកម្មវិធីស្តារនីតិសម្បទាទណ្ឌិត ជាមួយនឹងការចុះកិច្ចសន្យាជួលផលិតបន្តដើម្បីធ្វើពាណិជ្ជកម្ម ។

ជាការឆ្លើយតប សមាគម AAFA និង VF Corporation សម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្នើឱ្យគណៈកម្មការបន្តស៊ើបអង្កេតបន្ថែមទៀតលើក្រុមហ៊ុនពាក់ព័ន្ធ ជាបន្តទៀត ដោយ AAFA និង VF Corporation នឹងសហការផ្តល់ព័ត៌មានបន្ថែមក្នុងករណីចាំបាច់ ដើម្បីការពារដល់កេរ្តិ៍ឈ្មោះផលិតផលរបស់កម្ពុជា៕ អត្ថបទ៖ សំអឿន

website_news/2023200305.txt · Last modified: 2023/03/20 09:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki