website_news:2023200602

របាយការណ៍អាមេរិកស្តីពីការជួញដូរមនុស្សផ្តោតសំខាន់លើពលកម្មចាប់បង្ខំ និងការជួញដូរក្មេងប្រុស

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 16/06/2023 - 14:24

ក្រសួងការបរទេសអាមេរិកចេញផ្សាយរបាយការណ៍ស្តីពីការជួញដូរមនុស្ស ដោយផ្តោតទៅលើពលកម្មដោយចាប់បង្ខំ និងការជួញដូរក្មេងប្រុស ដែលបានកើនឡើងគួរឲ្យកត់សំគាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រសួងការបរទេសអាមេរិកបានបង្ហាញប្រទេសដែលឡើងចំណាត់ថ្នាក់ល្អ និងប្រទេសធ្លាក់ចំណាត់ថ្នាក់ ដោយសារមិនបានប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការជួញដូរ។ កម្ពុជា ស្ថិតក្នុងចំណោមប្រទេសចំនួន ២៤ ដែលជាប់ចំណាត់ថ្នាក់ កម្រិតទី៣ ដែលជាចំណាត់ថ្នាក់ដ៏អាក្រក់បំផុតរបស់ក្រសួងការបរទេសអាមេរិក។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីការជួញដូរមនុស្សចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៥ មិថុនា ក្រសួងការបរទេសអាមេរិកបានគូសបញ្ជាក់ពីការកើនឡើងគួរឲ្យកត់សំគាល់ នៃពលកម្មដោយបង្ខំ ដែលមានជាប់ទាក់ទងនឹងជំងឺរាតត្បាតកូវីដ។

តាមរដ្ឋមន្រ្តីការបរទេសអាមេរិក លោកអង់តូនី ប្លីងកិន ដែលបានឡើងនិយាយនៅក្នុងឱកាសបង្ហាញរបាយការណ៍ កាលពីថ្ងៃម្សិលមិញ ពលកម្មដោយបង្ខំ បានកើនឡើងលឿនស្លេវ នៅក្នុងពិភពលោក។ ជាក់ស្តែង ថៅកែរោងចក្រ ម្ចាស់ក្រុមហ៊ុនបានយកលេសវិបត្តិកូវីដ ដើម្បីកេងប្រវ័ញ្ចលើបុគ្គលិក កម្មករ តាមរយៈការទម្លាក់ កាត់បន្ថយប្រាក់ខែ និងចាប់បង្ខំឲ្យធ្វើការច្រើនម៉ោង។

លោកស្រី Cindy Dyer ប្រធានផ្នែកប្រយុទ្ធប្រឆាំងនឹងការជួញដូររបស់ក្រសួងការបទេសអាមេរិក បានបន្ថែមថា ពួកក្រុមឈ្មួញជួញដូរមនុស្សបានយកពាក្យដែលថា ពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ មនុស្សគ្មានការងារធ្វើច្រើន បូកផ្សំ ឬការរឹតត្បិតក្នុងការធ្វើដំណើរឆ្លងដែន ទៅឃោសនា ទាក់ទាញជនរងគ្រោះ។

តាមរបាយការណ៍របស់ក្រសួងការបរទេស មនុស្សប្រមាណ ២៧លាននាក់ រងគ្រោះដោយសារការជួញដូរមនុស្សនៅក្នុងពិភពលោក។ សម្រាប់រដ្ឋមន្រ្តីការបរទេសអាមេរិក នៅក្នុងចំណោមការជួញដូរមនុស្សជាទូទៅ អាមេរិកបានកត់សំគាល់ឃើញ ការជួញដូរមនុស្សក្នុងទម្រង់ថ្មី គឺការជួញដូរ បោកបញ្ឆោត តាមបច្ចេកវិទ្យា ប្រព័ន្ធអ៊ីនធ័រនែត ឬហៅថា SCAM។ ការជួញដូរមនុស្សទម្រង់ថ្មី កើនឡើងខ្លាំង នៅតាមបណ្តាប្រទេសមួយចំនួន មិនថា នៅអាស៊ី អាហ្វ្រិក ដូចជានៅភូមា កម្ពុជា តួកគី ម៉ាឡេស៊ី ហ្កាណាជាដើម។ ក្រៅពីការជួញដូរមនុស្សតាមរយៈ ការឆបោកតាមប្រព័ន្ធអ៊ីនធ័រនែត ក្រសួងការបរទេសអាមេរិកបានផ្តោតទៅលើករណីជួញដូរក្មេងប្រុស ដែលបានកើនឡើងប្រមាណ ៥០០% នៅប៉ុន្មានឆ្នាំមកនេះ។

ហេតុអ្វីរបាយការណ៍របស់អាមេរិកនិយាយពីការជួញដូរក្មេងប្រុស?

ដោយនិយាយយោងរបាយការណ៍របស់អង្គការសហប្រជាជាតិ ស្តីពីការជួញដូរមនុស្សនៅក្នុងពិភពលោក ប្រមុខការបរទេសអាមេរិក លោកអង់តូនី ប្លីងកិន បានសង្កត់ធ្ងន់លើករណីក្មេងប្រុស ដែលរងគ្រោះ ដោយសារការជួញដូចមនុស្ស។ តាមលោកប្លីងកិន ចន្លោះឆ្នាំ ២០០៤ ដល់ឆ្នាំ២០២០ ក្មេងប្រុសដែលត្រូវគេជួញដូរខុសច្បាប់ មានចំនួនច្រើនជាង ក្មេងស្រី ស្ត្រី ឬបុរស។ ប៉ុន្តែ គ្រាន់តែថា គេមិនសូវលើកនិយាយច្រើន។

តាមការពន្យល់របស់អ្នកជំនាញអាមេរិក ដូចស្រ្តី និងកុមារ ក្មេងប្រុសរងគ្រោះដោយសារការជួញដូរផ្លូវភេទ និងពលកម្មបង្ខំ។ ប៉ុន្តែ គេមិនសូវលឺគេនិយាយពីករណីក្មេងប្រុសជាជនរងគ្រោះ ដោយសារការជួញដូរមនុស្ស ដោយសារតែទី១ ក្មេងប្រុសមិនសូវចេញមុខប្រាប់ស្វែងរកសេវាជំនួយ ដោយសារតែពួកគេអាចខ្មាស់ មិនហ៊ាននិយាយថា ពួកគេចាញ់បោកពួកឈ្មួញជួញដូរមនុស្ស។ ហេតុផលទី២ ដែលធ្វើឲ្យក្មេងប្រុស មិនសូវមានរូបភាពនៅក្នុងបញ្ជីក្រុមជនរងគ្រោះដោយសារការជួញដូរផ្លូវភេទ និងពលកម្មចាប់បង្ខំ គឺ ការខ្វះអង្គការ ស្ថាប័នដែលធ្វើការសម្រាប់ជនរងគ្រោះដែលជាក្មេងប្រុស។ គេឃើញជាទូទៅ គេឃើញមានអង្គការច្រើនដែលធ្វើការផ្តល់ជំនួយដល់មនុស្សស្រី ឬកុមារដែលរងគ្រោះដោយសារការជួញដូរមនុស្ស ប៉ុន្តែ គេកម្រនឹងឃើញស្ថាប័ន អង្គការណាដែលធ្វើការផ្តោតពិសេសលើការជួញដូរក្មេងប្រុស។

ប្រទេស២៤ស្ថិតនៅក្នុងចំណាត់ថ្នាក់កម្រិតទី ៣ ចំណែក វៀតណាម ម៉ាឡេស៊ីត្រូវអាមេរិកដំឡើងចំណាត់ថ្នាក់ទៅកម្រិតទី២ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ មានប្រទេស២៤ដែលធ្លាក់ក្នុងចំណាត់ថ្នាក់កម្រិតទី ៣ ដែលជាកម្រិតអាក្រក់ជាងគេ ក្នុងនោះ មានចិន ភូមា រុស្ស៊ី កូរ៉េខាងជើង បេឡារុស អាល់ហ្សេរី ឆាត និងអាហ្វហ្កានីស្ថានជាដើម។ តាមការពន្យល់របស់លោកស្រី Cindy Dyer ចិនជាប់ចំណាត់កម្រិតទី៣ ដោយសារចិននៅតែបន្តអនុវត្តនយោបាយ ឬទម្រង់ជួញដូរមនុស្ស ជាពិសេសក្នុងរូបភាព ជាការងារចាប់បង្ខំដូចនៅខេត្តស៊ីនជាំងជាដើម។

របាយការណ៍របស់អាមេរិកបានដំឡើងចំណាត់ថ្នាក់របស់ប្រទេសដែលអាមេរិកកត់សំគាល់ឃើញថា បានធ្វើការប្រសើរឡើងនៅក្នុងរឿងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដូចករណីប្រទេសវៀតណាម ម៉ាឡេស៊ី និងព្រុយណេ ដែលត្រូវបានដកចេញពី កម្រិតទី៣ ទៅនៅកម្រិតទី២ វិញ។ប្រទេសដែលស្ថិតនៅក្នុងចំណាត់ថ្នាក់អាក្រក់ កម្រិតទី៣ នៅក្នុងរបាយការណ៍អាមេរិកស្តីពីរឿងជួញដូរមនុស្ស ត្រូវប្រឈមនឹងការជាប់ទណ្ឌកម្មរបស់អាមេរិក ការដាក់ពិន័យ មិនឲ្យចូលទឹកដីអាមេរិក ឬការកាត់បន្ថយជំនួយរបស់អាមេរិក។

កម្ពុជានៅតែជាប់ចំណាត់ថ្នាក់កម្រិតទី៣របស់អាមេរិក

នៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្ស កម្ពុជានៅតែបន្តជាប់ក្នុងចំណាត់ថ្នាក់ កម្រិតទី៣ ពោលគឺ២ឆ្នាំ ជាប់គ្នា បន្ទាប់ពីធ្លាក់ចំណាត់ថ្នាក់ ពីកម្រិតទី២ មកទី៣ កាលពីឆ្នាំ មុន។ បើតាមរបាយការណ៍របស់ក្រសួងការបរទេសអាមេរិក កម្ពុជានៅជាប់ក្នុងកម្រិតទី៣ ដោយសារតែកម្ពុជាមិនបានគោរពពេញលេញ តាមបទដ្ឋានអប្បបរមា ក្នុងការលុបបំបាត់ចោលការជួញដូរមនុស្ស ហើយមិនបានបង្កើនការប្រឹងប្រែង ច្រើនគួរឲ្យកត់សំគាល់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ អំពើពុករលួយ និងនិទណ្ឌភាពរបស់មន្រ្តីដែលអាចជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្សនៅកម្ពុជា ជាបញ្ហាសំខាន់ ដែលរបាយការណ៍រំលេចសរសេរច្រើន។ ជាថ្មីម្តងទៀត កម្ពុជា ត្រូវបានរបាយការណ៍អាមេរិកចាត់ទុកថា ត្រូវបានក្រុមជួញដូរមនុស្ស ប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធ័រនែត ឬហៅថា SCAM។ ជនបរទេស និងជនជាតិខ្មែរក្នុងស្រុកត្រូវបានក្រុមឈ្មួញជួញដូរមនុស្ស ដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនចិន បោកបញ្ឆោតឲ្យធ្វើការនៅតាមអគារក្នុងប្រទេសកម្ពុជា រហូតដល់មានសេចក្តីរាយការណ៍ពីការចាប់បង្ខាំងទុក មិនឲ្យមានសេរីភាព ការធ្វើទារុណកម្ម និងការជំរិតទារប្រាក់ជាដើម។ នៅត្រង់ចំណុចនេះ រដ្ឋមន្រ្តីការបរទេសអាមេរិកកាលពីថ្ងៃ ព្រហស្បតិ៍ ម្សិលមិញ បានផ្តល់រង្វាន់ដល់អ្នកកាសែតកម្ពុជាម្នាក់ គឺលោកម៉ិច ដារ៉ា ដែលយកចិត្តទុកដាក់ សរសេរអត្ថបទស៊ើបអង្កេតស្តីពីបណ្តាញជួញដូរមនុស្ស តាមរយៈ ប្រព័ន្ធអ៊ីនធ័រនែត។

website_news/2023200602.txt · Last modified: 2023/06/20 09:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki