website_news:2023200603

សមត្ថកិច្ចថៃចាប់ពលករខ្មែរ០៩នាក់ចោទប្រកាន់ពីការលួចធ្វើការខុសច្បាប់

https://www.rfa.org/khmer/news/human-rights/11-cambodian-workers-arrested-by-thai-police-06162023043945.html ដោយ សេក បណ្ឌិត2023.06.16

សមត្ថកិច្ចថៃចាប់ពលករខ្មែរ៩នាក់ និងកុមារតាមឪពុកម្ដាយពីរនាក់នៅការដ្ឋានសំណង់មួយនៅទីក្រុងបាងកក(Bangkok) ប្រទេសថៃ (Thailand) ដោយចោទប្រកាន់ថា ធ្វើការខុសច្បាប់នៅប្រទេសនេះ។ សាច់ញាតិអ្នកជាប់ឃុំស្នើទៅស្ថានទូតខ្មែរប្រចាំប្រទេសថៃ ជួយអន្តរាគមន៍ ដើម្បីអាចឱ្យពលករទាំងនោះបាននៅក្រៅឃុំ។ សមត្ថកិច្ចថៃកំពុងឃុំពលករធ្វើការងារផ្នែកសំណង់ទាំង៩នាក់ និងកុមារតាមម្ដាយពីរនាក់ នៅមន្ទីរឃុំខ្លួនមួយកន្លែងនៅទីក្រុងបាងកក ប្រទេសថៃ។ សាច់ញាតិពលករជាប់ឃុំឱ្យដឹងថា សមត្ថកិច្ចថៃ តម្រូវក្រុមពលករបង់ប្រាក់ក្នុងម្នាក់ៗជិត៥០០ដុល្លារ ទើបអាចនៅក្រៅឃុំបាន តែក្រុមពលរដ្ឋគ្មានប្រាក់បង់ឱ្យសមត្ថកិច្ចថៃឡើយ។

លោកស្រី រី ស្រីយ័ន្ត ជាពលករធ្វើសំណង់នៅប្រទេសថៃ ដែលសាច់ញាតិរបស់លោកស្រីត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី១៥ ខែមិថុនា ថា សមត្ថកិច្ចថៃ បានចុះទៅត្រួតពិនិត្យនៅការដ្ឋានសំណង់មួយកន្លែង និងរកបានរកឃើញមានពលករខ្មែរ៩នាក់ ក្នុងនោះស្រី៥នាក់ និងប្រុស ៤គ្មានឯកសារគ្រប់គ្រាន់។ លោកស្រីឱ្យដឹងទៀតថា សមត្ថកិច្ចថៃក្រៅពីចាប់ពលករខ្មែរទាំង៩នាក់នោះ ក៏មានកុមារតាមម្ដាយពីរនាក់ម្នាក់អាយុ៤ឆ្នាំ និងម្នាក់ទៀតអាយុជាង១ឆ្នាំក៏ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅជាមួយម្ដាយយកទៅឃុំខ្លួនដែរ។ លោកស្រីបញ្ជាក់ថា ក្រុមពលករដែលសមត្ថកិច្ចចាប់ខ្លួនទាំងនោះត្រូវបានសមត្ថកិច្ចចោទប្រកាន់ថា ឯកសារពួកគាត់ផុតសុពលភាព និងធ្វើការខុសកន្លែង។ លោកស្រី រី ស្រីយ័ន្ត ប្រាប់ថា លោកស្រីត្រឹមបានទាក់ទងទៅប្អូនតាមទូរស័ព្ទ ដោយមិនហ៊ានទៅសួរសុខទុក្ខដល់កន្លែងឃុំខ្លួនទេ ព្រោះលោកស្រីពេលនេះក៏មិនទាន់មានឯកសារការងារគ្រប់គ្រាន់ផងដែរ។

លោកស្រី រី ស្រីយ័ន្ត៖ «អ្នកដែលប័ណ្ណមានប៉ាស្ទ័រ(លិខិតឆ្លងដែន) មានថៅកែ ត្រឹមត្រូវគេហៅចេញ តែមិនទាន់ហៅឈ្មោះនោះគេសួរថា តើស្អីៗអត់ដល់ពេលយើងអត់ហើយ ថៅកែទៅអត់ទាន់ ដូចថា និយាយកន្លែងចាប់អត់ទាន់ គេ(សមត្ថកិច្ចថៃ) ក៏ហៅឡើងឡានយកទៅឃុំនៅ (ប៉ូលិសអន្តោប្រវេសន៍ថៃ) ចង់ឱ្យស្រណោះក្មេង ក្មេងហ្នឹងអាតូចទើបមួយខួបបីខែ ដែលគេចាប់ទាំងម៉ែទាំងកូននោះគ្នាមិនស្រូលបួលទៀតគ្នាគ្រុនទៀត»។ ពលករទាំង៩នាក់ និងកុមារតាមម្ដាយពីរនាក់ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួននៅក្នុងទីក្រុងបាងកក ពេលពួកគាត់កំពុងធ្វើការ កាលពីថ្ងៃទី១២ ខែមិថុនា។

លោកស្រី រី ស្រីយ័ន្ត ឱ្យដឹងដែរថា កាលពីថ្ងៃទី១៣ ខែមិថុនា ប្អូនស្រីរបស់លោកស្រីបានទូរស័ព្ទពីពន្ធនាគារមកថា សមត្ថកិច្ចថៃបង្គាប់ឱ្យក្រុមពលករ បង់ប្រាក់ម្នាក់ៗចំនួន១ម៉ឺន៤ពាន់ឬជិត៥០០ដុល្លារ ទើបអនុញ្ញាតឱ្យមានសេរីភាពវិញ ប៉ុន្តែ ភ្លាមៗនោះលោកស្រីរកប្រាក់មិនបានទេ។ លោកស្រីបន្តទៀតថា នៅពេលគ្មានប្រាក់បង់ឱ្យសមត្ថកិច្ចថៃ ដូច្នេះ សមត្ថកិច្ចថៃបានបញ្ជូនក្រុមពលករទាំងនោះទៅតុលាការ ហើយពេលនេះតុលាការសម្រេចឃុំខ្លួនក្រុមពលករឱ្យជាប់ឃុំម្នាក់ៗចំនួន២៨ថ្ងៃ។ លោកស្រីក៏ព្យាយាមទាក់ទងទៅថៅកែជនជាតិថៃដែលគ្រប់គ្រងក្រុមពលករដែរ តែថៅកែថៃ ប្រាប់លោកស្រីវិញ ពេលនេះគេមិនអាចជួយអ្វីបានទេ ព្រោះសំណុំរឿងនេះបានចូលតុលាការទៅហើយ។ ស្ត្រីពលកររូបនេះ ស្នើទៅមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ ជួយអន្តរាគមន៍ដល់ពលករឬក៏ជួយអន្តរាគមន៍ជួយឱ្យក្មេងៗពីរនាក់ដែលកំពុងជាប់ឃុំជាមួយម្ដាយអាចនៅក្រៅ។

លោកស្រី រី ស្រីយ័ន្ត៖ «មានម៉ូតូដែលគាត់ទិញឱ្យឪគាត់ជិះនេះ ឱ្យយកទៅលក់សិន យកលុយមកលោះប្រពន្ធគាត់គាត់ស្រណោះប្រពន្ធកូន ចង់ឱ្យប្រពន្ធកូនចេញទៅមុន បើចំពោះរូបគាត់បើមិនមានលុយហើយ ក៏ជាប់ប៉ុណ្ណាក៏ជាប់ទៅតាមដំណើរ ដល់ពេលខ្ញុំទទួលទៅហើយ ខ្ញុំក៏បានម៉ែគាត់ តែគាត់ថា ឱ្យទៅរកលុយឯណា ព្រោះយើងមិនមានលុយជាប់ខ្លួនម៉ូតូក៏មិនលក់ថ្ងៃនេះបានថ្ងៃនេះទេបង ហើយគេពេលតែម្សិលមិញគេចាំយកលុយយើងបើថា ម្សិលមិញឱ្យមិនលុយគេទេ គេបញ្ជូនចូលគុកហើយ»។ ទាក់ទងរឿងរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីមន្ត្រីអនុព័ន្ធការងារនៃស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ លោក ឈឹម វិបុល អ្នកនាំពាក្យក្រសួងការបរទេស លោក អាន សុខខឿន និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេនៅថ្ងៃទី១៥ ខែមិថុនា។

មន្ត្រីផ្នែកការពារសិទ្ធិពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន ដែលតាមដានដំណើររឿងនេះ យល់ថា ប្រសិនមន្ត្រីស្ថានទូត ឬថៅកែរបស់ពលករទាំងនោះចេញមុខធានាទាន់ពេល គឺសមត្ថកិច្ចមិនបញ្ជូនសំណុំរឿងនេះទៅតុលាការទេ។ លោក លឹង សុផុន លើកឡើងទៀតថា ពលករដែលធ្វើការខុសច្បាប់ នៅប្រទេសថៃ គឺប្រឈមនឹងត្រូវសមត្ថកិច្ចចាប់ខ្លួនគ្រប់ពេល ព្រោះនៅរយៈពេលចុងក្រោយនេះ អាជ្ញាធរថៃ កំពុងរឹតបន្តឹងច្បាប់លើពលករបរទេស។ អ្នកការពារសិទ្ធិពលកររូបនេះ ប្រាប់មូលហេតុដែលពលករមួយចំនួនបង្ខំចិត្តធ្វើការខុសច្បាប់នៅប្រទេសថៃ ព្រោះការបំពេញឯកសារមានការយឺតយ៉ាវ និងថ្លៃធ្វើឯកសារមានតម្លៃខ្ពស់ដែលមានតម្លៃចាប់ពី ៣០០ដុល្លារ ទៅ៥០០ដុល្លារ ឬជិត១ពាន់ដុល្លារ។

លោក លឹង សុផុន៖ «បងប្អូនពលករគាត់ត្អូញអំពីវីសា(ទិដ្ឋាការ)ថ្លៃ ហើយគាត់មិនទាន់មានលុយគ្រប់គ្រាន់ ដើម្បីឱ្យថៅកែដំណើរការឯកសារ ហើយកន្លែងខ្លះថៅកែជួយចេញថ្លៃឯកសារមុនទៅ គាត់ក៏ឆាប់បានឯកសារត្រឹមត្រូវតាមច្បាប់ទៅ តែកន្លែងខ្លះគេរង់ចាំកាត់លុយពីពលករឱ្យគ្រប់ចំនួនសិន បើគេធ្វើឯកសារឱ្យ ហើយកន្លែងខ្លះដល់ទៅ៤០ថ្ងៃជាង ពីរខែជាងអីអ៊ីចឹងទៅ ហើយពេលកំពុងរង់ចាំ ដែលមានបញ្ហាប្រឈមក្នុងការចាប់»។ អង្គការសង់ត្រាល់ រកឃើញថា គិតត្រឹមខែមីនា មកដល់រយៈពេលចុងក្រោយនេះ ពលករខ្មែរជិត១ពាន់នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនដោយអ្នកខ្លះលួចឆ្លងដែនខុសច្បាប់មកធ្វើការនៅប្រទេសថៃ និងពលករផ្សេងទៀត ធ្វើការគ្មានឯកសារគ្រប់គ្រាន់៕

website_news/2023200603.txt · Last modified: 2023/06/20 09:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki