website_news:2023200604

ឯកឧត្តម ជា សុផារ៉ា ណែនាំឲ្យក្រុមការងារជួយសម្រួលមធ្យោបាយធ្វើដំណើរដល់ពលរដ្ឋចំណាកស្រុកពេលមកបោះឆ្នោត

https://www.btv.com.kh/article/24907 2023/06/18 09:37:23 am

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានណែនាំដល់ក្រុមការងារគណបក្សមូលដ្ឋានទាំងអស់ជួយសម្រួលមធ្យោបាយធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋខ្មែរធ្វើចំណាកស្រុក ពេលដែលពួកគាត់មកធ្វើការបោះឆ្នោតនាពេលខាងមុខនេះ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ជាសមាជិកគណបក្សប្រជាជន កម្ពុជាមកពី ឃុំប៉ឺសចំនួន ៤១២០នាក់ និងឃុំរកាខ្នុរ៥៥២៣នាក់ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ជា សុផារ៉ា បានលើកឡើងថា «ដើម្បីឲ្យកាន់តែមានជំនឿជឿជាក់ និងភាពកក់ក្តៅនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ សូមក្រុមការងារគ្រប់លំដាប់ថ្នាក់ទាំងអស់ក្នុងស្រុកក្រូចឆ្មារ ក៏ដូចជាមូលដ្ឋានឃុំប៉ឺស១ និងឃុំរកាខ្នុរត្រូវពិនិត្យមើលអ្នកដែលអវត្តមាននៅក្នុងការបោះឆ្នោតកន្លងមកតាមរយៈការធ្វើចំណាកស្រុករកការងារធ្វើនៅក្នុងប្រទេស ដោយត្រូវទំនាក់ទំនងទៅពួកគាត់ដោយផ្ទាល់ ដើម្បីជំរុញឲ្យពួកគាត់បានមកចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ដោយក្រុមការងារត្រូវជួយសម្រួលមធ្យោបាយធ្វើដំណើរ និងរាល់ការចំណាយផ្សេងៗដល់ពួកគាត់ ដើម្បីឲ្យពួកគាត់បានមកដល់ទីតាំងការិយាល័យបោះឆ្នោត និងនៅពេលពួកគាត់ត្រឡប់ទៅវិញផងដែរ»។

ជាមួយនិងការជួបសំណេះសំណាលក្នុងឱកាសនោះដែរ ឯកឧត្តម ជា សុផារ៉ា ក៏បានសំណូមពរបន្ថែមទៀត ដល់ប្រជាពលរដ្ឋជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលមានមូលដ្ឋានក្នុងឃុំប៉ឺស១ និងឃុំរកាខ្នុរ ក្នុងស្រុកក្រូចឆ្មារ ធ្វើយ៉ាងណាក្នុងសមាជិកម្នាក់ត្រូវឱ្យបានសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាមួយសន្លឹកនៅក្នុងការបោះឆ្នោតនាពេលខាងមុខ ពីព្រោះកត្តាដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះ គឺពិតជាមិនអាចកាត់ផ្ដាច់ពីការចូលរួមចំណែកដ៏ធំធេងពីសំណាក់ក្រុមការងារគ្រប់លំដាប់ថ្នាក់របស់គណបក្ស ក៏ដូចជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយចិត្តមិនខ្លាចនឿយហត់ ទើបអាចទទួលបានលទ្ធផលដ៏គាប់ប្រសើរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ និងស្នើដល់អ្នកដែលធ្លាប់វង្វេងផ្លូវយល់ខុសហើយបោះឆ្នោតគាំទ្រគណបក្សផ្សេងនៅក្នុងឃុំប៉ឺស១ និងឃុំរកាខ្នុរនោះ ឱ្យវិលត្រឡប់ងាកមកដើរលើផ្លូវត្រឹមត្រូវវិញ ដោយចូលរួមបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជន កម្ពុជាឱ្យបានគ្រប់ៗគ្នានៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ និងគូសឲ្យចំគណបក្សប្រជាជនកម្ពុជាដែលមានលំដាប់លេខរៀងទី១៨ លើសន្លឹកឆ្នោត។ យ៉ាងណាក៏ដោយនៅក្នុងពិធីសំណេះសំណាលនោះឯកឧត្តម ជា សុផារ៉ា ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងខ្មែរ និងឥស្លាមនៅឃុំប៉ឺស១ និងឃុំរកាខ្នុរ ដែលបានផ្ដល់ការគាំទ្រដល់គណបក្សប្រជាជនកម្ពុជាចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះផងដែរ៕ អត្ថបទ៖ បាន ចក់

website_news/2023200604.txt · Last modified: 2023/06/20 09:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki