website_news:2023200606

បាគីស្ថានចាប់ខ្លួនមេខ្លោងជួញដូរមនុស្ស សង្ស័យពាក់ព័ន្ធករណីលិចទូកជនភៀសខ្លួននៅក្រិក

https://www.rfi.fr/km/ref=tgi ចុះផ្សាយនៅថ្ងៃ៖ 18/06/2023 - 17:13

នៅថ្ងៃអាទិត្យ ទី១៨មិថុនា រដ្ឋាភិបាលបាគីស្ថាន បានប្រកាសពីការចាប់ឃុំខ្លួន មនុស្ស ១០ នាក់ ដែលសង្ស័យមានជាប់ពាក់ព័ន្ធករណីជួញដូរមនុស្ស ហើយនិងករណីលិចទូកជនភៀសខ្លួន ស្លាប់មនុស្សនិងបាត់ខ្លួនរាប់សិបនាក់ នៅប្រទេសក្រិក។ ក្នុងចំណោមជនភៀសខ្លួនស្លាប់បាត់បង់ជីវិត ជិត៨០ ដែលរកឃើញសាកសព គឺ យ៉ាងហោច មានជនជាតិបាគីស្ថាន ជាង១០នាក់។ ការចាប់ខ្លួនមេខ្លោងជួញដូរមនុស្សនៅពេលនេះ គឺបន្ទាប់ពី នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានចេញបញ្ជាឲ្យវែកមុខជនល្មើសពាក់ព័ន្ធ ក្នុងការឆបោកជនអន្តោប្រវេសន៍ ហើយនិងត្រូវអូស ក ពួកគេ ទៅផ្តន្ទាទោសឲ្យធ្ងន់ធ្ងរ។ នេះបើតាមខុទ្ទកាល័យនាយករដ្ឋមន្ត្រីប៉ាគីស្ថាន។

ទូកដឹកជនភៀសខ្លួន លិចនៅសមុទ្រ ប្រទេសក្រិក មានផ្ទុះមនុស្ស យ៉ាងហោច ចន្លោះពី៤០០ ទៅ៧៥០នាក់។ គេរកឃើញសាកសព ជិត ៨០ នាក់ ហើយមនុស្សផ្សេងទៀត កំពុងបន្តបាត់ខ្លួន។ អាជ្ញាធរក្រិក ក៏គ្មានសង្ឃឹមថានឹងរកឃើញមនុស្សនៅមានជីវិតនោះឡើយ។ នៅកន្លែងសមុទ្រកើតហេតុ មានជនភៀសខ្លួន ជាង១២០នាក់ រស់រានមានជីវិត ដែលក្នុងនោះ ស្ថានទូតប៉ាគីស្ថានប្រចាំប្រទេសក្រិច បានបញ្ជាក់ថា ពលរដ្ឋរបស់ខ្លួន ជាង១០នាក់ បានរួចផុតពីចង្កូមមច្ចុរាជ។ អាជ្ញាធរប៉ាគីស្ថាន ពុំបានបញ្ជាក់ពីចំនួនជនភៀសខ្លួន ថាមានប្រហែលប៉ុន្មាននាក់ នៅលើទូកលិចនោះឡើយ។ ក៏ប៉ុន្តែ ប្រភពពីអ្នកគ្រប់ជនអន្តោប្រវេសន៍ដែលសុំលាក់ឈ្មោះ បានទម្លាយឲ្យដឹងថា យ៉ាងហោច ក៏មានជនជាតិប៉ាគីស្ថាន ប្រមាណជា ២០០ នាក់ដែរ នៅលើទូកលិចកាលពីថ្ងៃពុធ ពីថ្ងៃទី១៤មិថុនា ។

តាមតម្រុយពីអ្នករួចជីវិតពីស្លាប់នៅហេតុការណ៍លិចទូកនៅក្រិក ទើប អាជ្ញាធរប៉ាគីស្ថាន ធ្វើប្រតិបត្តិការចាប់ខ្លួនមេខ្យល់និងមេខ្លោងជួញដូរមនុស្ស ចំនួន ១០ នាក់។ ៩នាក់ ត្រូវចាប់ខ្លួន នៅតំបន់កាស្មៀរ ហើយម្នាក់ទៀត ចាប់ខ្លួនបាន នៅក្រុង Gujrat ប៉ែកខាងជើងនៃប្រទេស។ នាយរដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បានចាត់ទុកថា អំពើជួញដូរមនុស្ស ជាឧក្រិដ្ឋកម្មគួរឲ្យស្អប់ខ្ពើម និងត្រូវដាក់ទោសទណ្ឌកម្មឲ្យធ្ងន់បំផុត។

នៅបាគីស្ថាន ជនភៀសខ្លួនភាគច្រើន ធ្វើចំណាកស្រុកចេញពីប៉ែកខាងកើត និងខាងជើងនៃផ្ទៃប្រទេស។ ពួកគេធ្វើដំណើរ ខុសច្បាប់ក្តី និងស្របច្បាប់ក្តី ចាកចេញទៅ អ៊ីរ៉ង់ លីប៊ី តួកគី ក្រិក និងប្រទេសគោលដៅផ្សេងទៀតនៅអឺរ៉ុប។ ក្នុងមួយឆ្នាំៗ មានយុវជនរាប់សិបពាន់នាក់ បង្ខំចិត្តចាកចោលស្រុកកំណើតដើម្បីស្វែងរកលំនឹងជីវិតថ្មី បើទោះបីជាដឹងពីការប្រឈមមុខប្រថុយប្រថាននឹងគ្រោះថ្នាក់ស្លាប់ជីវិត។

ពីបុរីវ៉ាទីកង់ នៅក្នុងពិធីសាសនាកាតូលិក ថ្ងៃអាទិត្យ សម្តេចប៉ាបមានបន្ទូលសោកស្តាយចំពោះព្រឹត្តិការណ៍លិចទូកជនភៀសខ្លួននៅក្រិច និងថ្លែងក្តីឈឺចាប់ ហើយទ្រង់អំពាវនាវឲ្យរកចំណាត់ការទប់ស្កាត់សោកនាដកម្មបែបនេះ កុំឲ្យកើតជាថ្មី។ នៅប្រទេសបារាំង រដ្ឋមន្ត្រីក្រសួងការងារ Olivier Dussopt ក្រៅពីថ្លែងក្តីសោកស្តាយ គឺបានលើកឡើងគាំទ្រគម្រោងព្រាងច្បាប់អន្តោប្រវេសន៍របស់ខ្លួន ថា ប្រទេសបារាំង បើគ្មានជនភៀសខ្លួនបរទេស ធ្វើការទេ ក៏បារាំង មិនអាចដើរទៅមុខដែរ ពិសេសវិស័យភោជនីយដ្ឋាននិងកិច្ចការងារតាមផ្ទះ ដែលមានជនបរទេសធ្វើការ ដល់ទៅ ២៥% ឯណោះ ៕

website_news/2023200606.txt · Last modified: 2023/06/20 10:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki