website_news:2023201001

មន្រ្តីមហាផ្ទៃ ជំរុញឱ្យបន្តអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” នៅខេត្តកណ្តាល

https://www.kampucheathmey.com/local-news/597671 ថ្ងៃព្រហស្បតិ៍ ១៩ តុលា ២០២៣ដោយ អុន ស្រីមាន

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អង មង្គល បានជំរុញឱ្យអភិបាលក្រុង-ស្រុកទាំងអស់នៅក្នុងខេត្តកណ្ដាល បន្តចុះពង្រឹង និងអនុវត្តនូវគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដល់ឃុំ-សង្កាត់ របស់ខ្លួនឱ្យបានជាប់ជាប្រចាំដើម្បីផ្តល់សុខសុវត្ថិភាពបន្ថែមដល់ប្រជាជន។ លោកជំរុញបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ប្រចាំខែតុលា ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តរបស់រដ្ឋបាលខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា៖ “ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ធ្វើឱ្យរដ្ឋបាលខេត្ត ទប់ស្កាត់បាននូវបទល្មើសនានា ក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន ចោរកម្ម ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ ការជួញដូរមនុស្ស ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ បទល្មើសសេដ្ឋកិច្ច បទល្មើសនានាតាមច្រកព្រំដែន និងច្រករបៀងនានា ត្រូវបានបង្ក្រាប ទប់ស្កាត់ បានទាន់ពេលវេលា និងមានវិធានការចុះអប់រំផ្សព្វផ្សាយជាប្រចាំផងដែរ”។ លោកក៏បានបន្ថែមថា នៅពេលដែលប្រទេសមានស្ថេរភាពគ្រប់គ្រាន់ នោះក៏ធ្វើឱ្យគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនដូចគ្នា។

រីឯ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានលើកឡើងថា នៅខែតុលានេះ រដ្ឋបាលខេត្តកណ្តាលបានយកចិត្តទុកដាក់ និងអន្តរាគមន៍ជូនប្រជាពលរដ្ឋភ្លាមៗចំពោះមានបញ្ហាអ្វីកើតឡើង ជាពិសេស ត្រួតពិនិត្យយ៉ាងដិតដល់លើសកម្មភាពអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយសម្រេចបានលទ្ធផលជាច្រើនទាំងគុណភាព និងប្រសិទ្ធភាព។

នៅខេត្តកណ្តាល នៅក្នុងខែតុលានេះ បទល្មើព្រហ្មទណ្ឌ កើតឡើងចំនួន ១៨/២៥ករណី ថយ៧លើក បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ១៥ករណី ស្មើនឹង៨៣% ចាប់ជនល្មើស ៣២នាក់។ បានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៤៧ករណី ចាប់ជនល្មើស ១០៩នាក់។ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៤ / ៩លើក កើន ៥លើក បណ្តាលឱ្យស្លាប់ ៧នាក់, របួស២៦នាក់ កើតឡើងដោយសារ បើកបរក្នុងស្ថានភាពស្រវឹង មិនគោរពសិទ្ធិអាទិភាព ប្រជែងគ្រោះថ្នាក់ បើកហួសល្បឿនកំណត់ និងមិនប្រកាន់ស្តាំ។ នេះបើតាមការគូសបញ្ជាក់របស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល៕

website_news/2023201001.txt · Last modified: 2023/10/20 11:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki