website_news:2023201003

គណ:កម្មការចំពោះកិច្ចពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរព្រំដែនកម្ពុជាបើកកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយ និងពិភាក្សាពីរបៀបរបបការងាររបស់ក្រុមលេខាធិការដ្ឋានចែករំលែក

https://www.tvk.gov.kh/?p=38042 ចេញផ្សាយ ថ្ងៃទី 19 ខែ តុលា ឆ្នាំ 2023

ភ្នំពេញ : ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណ:កម្មការចំពោះកិច្ចពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរព្រំដែនកម្ពុជាបានបើកកិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូល របស់ពលករខ្មែរព្រំដែនកម្ពុជា ដើម្បីផ្សព្វផ្សាយសេចក្ដីសម្រេចបង្កើតក្រុមលេខាធិការដ្ឋាន និងពិភាក្សាពីរបៀបរបបការងាររបស់ក្រុមលេខាធិការដ្ឋាន។

កិច្ចប្រជុំនេះបានធ្វើឡើងនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ថោង សំអាត រដ្ឋលេខាធិការទីស្ដីការគណ:រដ្ឋមន្រី្ត និងជាប្រធានក្រុមលេខាធិការដ្ឋានប្រចាំការនៃគណ:កម្មការចំពោះកិច្ចពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរព្រំដែនកម្ពុជា លោក-លោកស្រីអនុប្រធាន និងសមាជិកដែលតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយ ចំនួន។

ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំនេះគឺផ្ដោតលើ ១.ផ្សព្វផ្សាយសេចក្ដីសម្រេចបង្កើតក្រុមលេខាធិការដ្ឋាន នៃគណ:កម្មការចំពោះកិច្ច ២.ការផ្សព្វផ្សាយពីគម្រោងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Hotline 1244 ដើម្បីទទួលពាក្យបណ្ដឹងពីពលករដែលធ្វើដំណើរចេញ-ចូលតាមព្រំដែន និង៣.ពិភាក្សាពីរបៀបរបបការងាររបស់ក្រុមលេខាធិការដ្ឋានប្រចាំការ។

ឯកឧត្តម សន្តិបណ្ឌិតក៏បានណែនាំពីភារកិច្ចរបស់គណៈកម្មការចំពោះកិច្ច ក៏ដូចជាផ្តល់អនុសាសន៍ពាក់ព័ន្ឋក្រុមលេខាធិការដ្ឋាន គឺជាជំនួយការដល់គណៈកម្មការ និងកិច្ចការងាររដ្ឋបាល និងតួនាទីសំខាន់មួយទៀតគឺការងារក្រុមការងារ Call Center (1244)ដែលមានមន្រ្តីប្រចាំការ២៤ម៉ោង សម្រាប់ទទួលការទាក់ទងជាមួយដំណើរចេញចូល និងការប្តឹងផ្តល់ របស់ពលករខ្មែរតាមបណ្តាខេត្តជាប់ព្រំដែនឱ្យទាន់ហេតុការណ៏និងប្រសិទ្ធភាព។

ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ បានលើកឡើងបន្ថែមថា ចំពោះកិច្ចការដែលក្រុមការងារបានដោះស្រាយរួចគឺត្រូវតែផ្សព្វផ្សាយជាព័ត៌មានជូនប្រជាពលរដ្ឋតាមបណ្តាញស្ថានីយ៍វិទ្យុ ទូរទស្សន៍ ទីភ្នាក់ងារ ស្ថាប័នរដ្ឋ និងឯកជន ក៏ដូចជាតាមបណ្តាញសង្គម Social Media ផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ថោង សំអាត បានគូសបញ្ជក់ពីបញ្ហាមួយចំនួនកន្លងមក ដែលភាគីកម្ពុជាយើងតែងតែជួបប្រទះ គឺបញ្ហាការកកស្ទះការឆ្លងចេញ-ចូលប្រចាំថ្ងៃរបស់ពលករ (ជាពិសេសគឺថ្ងៃបុណ្យទាន) ការចាប់បញ្ជូនពលករខុសច្បាប់កម្ពុជាពីប្រទេសថៃ មកប្រទេសកម្ពុជា និងការលូចចូលឆ្លងដែនតាមច្រកផ្សេងៗ ដោយខុសច្បាប់ ជាពិសេសនោះគឺពាក់ព័ន្ឋការយកកម្រៃសេវាក្រៅពីសំណាក់អាជ្ញាធរមួយចំនួនរបស់កម្ពុជា អាជ្ញាធរថៃ និងមេខ្យល់រត់ការជាដើម ចំណុចទាំងអស់នេះ ។

ឯកឧត្តមប្រធានក្រុមលេខាធិការដ្ឋានប្រចាំការ នៃគណ:កម្មការចំពោះកិច្ចពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរព្រំដែនកម្ពុជា បានសង្កត់ធ្ងន់ថា សម្រាប់ក្រុមលេខាធិការដ្ឋាននេះ គឺត្រូវសរុបរបាយការណ៍ជាប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ហើយចំពោះរបាយការណ៍ ដែលសរុបនេះត្រូវបាន ផ្តល់ជូនពី ក្រុមទី១ និងក្រុមទី២ ដែលទទួលខុសត្រូវត្រួតពិនិត្យទាំង៧ ខេត្ត ជាប់ព្រំដែនថៃ រួមមាន៖ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្ដព្រះវិហារ ។

សូមជម្រាបជូនថា ប្រធានក្រុមលេខាធិការដ្ឋានប្រចាំការ នៃគណ:កម្មការចំពោះកិច្ចពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរព្រំដែនកម្ពុជា បានកំណត់គោលដៅមួយចំនួនសម្រាប់កិច្ចប្រជុំនោះគឺ ទី១. ដោះស្រាយរាល់បញ្ហាបំពានសិទ្ធិទៅលើពលករកម្ពុជាយើងនៅតាមព្រំដែន ទី២.ដោះស្រាយបញ្ចប់ការយកកម្រៃសេវាក្រៅផ្លូវការ ទី៣. ដោះស្រាយភាពមិនប្រក្រតីពីមន្រ្តីជួរមុខតាមព្រំដែន និងទី៤. សម្រួលការកកស្ទះពលករឆ្លងដែន៕

website_news/2023201003.txt · Last modified: 2023/10/20 11:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki