website_news:2023201202

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា លើកឡើងថា កម្ពុជាគាំទ្រការធ្វើចំណាកស្រុកទៅធ្វើការដោយសុវត្ថិភាព តែត្រូវរក្សាតុល្យភាពកម្លាំងពលកម្មក្នុងស្រុក

https://www.information.gov.kh/articles/120490 APP MoINFO ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា ថាកម្ពុជាគាំទ្រការធ្វើ ចំណាកស្រុកទៅធ្វើការដោយសុវត្ថិភាព តែទោះជាយ៉ាងណាក៏ត្រូវតែរក្សាតុល្យភាពកម្លាំងពលកម្មក្នុងស្រុកផងដែរ ដោយថាបច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាកំពុងខិតខំអភិវឌ្ឍន៍ ដើម្បីទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាបន្ថែម ដែលនឹងផ្ដល់ការងារកាន់តែច្រើនទៅដល់ប្រជាពលរដ្ឋនៅក្នុងស្រុកតែម្ដង ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសំចតប៉ោយប៉ែតក្នុង ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងថារដ្ឋាភិបាលកម្ពុជាផ្ដាជ្ញាក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្ស និងបទល្មើសនានាដែលកើតឡើងពីកាតធ្វើទេសន្តរប្រវេសន៍ខុសច្បាប់។

ឯកឧត្តមថាដោយហេតុនេះហើយ ទើបបានជារាជ រដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយបណ្តាប្រទេសនានាដូចជា ប្រទេសចិន អារ៉ាប៊ីសាអូឌីត សហរដ្ឋអាមេរិក ថៃ និងប្រទេសវៀតណាមជាដើម។ ទោះបីជាការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសបានផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាក្ដី ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាពេលនេះកំពុងតែធ្វើការអភិវឌ្ឍដើម្បីទាក់ទាញនូវអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាដោយផ្ទាល់ដោយឯកឧត្តមថានឹងផ្ដល់ការងារទៅដល់ប្រជាពលរដ្ឋ។ជាច្រើន។ «ដើម្បីឆ្លើយតបទៅនឹងទិសដៅនេះរាជរដ្ឋាភិបាលកម្ពុជាបានខិតខំអភិវឌ្ឍន៍គ្រប់វិស័យ ដោយពង្រីកការវិនិយោគដើម្បីលើកកម្ពស់វិស័យទេសចរណ៍ វិស័យកសិកម្ម វិស័យ សំណង់ហេដ្ឋារចនាសម្ព័ន្ធ វិស័យឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម ជាដើម ដែលអាចបង្កើន ការងារ និងមុខរបរ ជូនប្រជាពលរដ្ឋរាប់លាននាក់ និងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានខិតខំទំនាក់ទំនងពង្រីកឱកាសការងារនៅក្រៅប្រទេសតាមនីតិវិធីស្របច្បាប់ជាមួយប្រទេសដែលមានសេចក្តីត្រូវការ»។

ជាមួយគ្នានេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខាបានជម្រាបអំពីកម្មវិធីគោលនយោបាយអទិភាពទាំង៦ របស់រាជរដ្ឋាភិបាលដើម្បីបន្តអភិវឌ្ឍន៍ប្រព័ន្ធជំនួយសង្គមសំដៅកសាងសង្គមមួយ ដែលមានភាពរឹងមាំ មានភាពធន់ និងប្រកបដោយបរិយាប័ន្ទ តាមរយៈការលើកកម្ពស់នូវការ អភិវឌ្ឍមូលធនមនុស្ស សុខុមាលភាពរបស់ប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ និងងាយរងហានីភ័យ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។ កម្មវិធីទាំងនោះមានដូចជា ការបន្តទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ជំរុញការអនុវត្តសេចក្ដីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តប្រវេសន៍។ ពង្រឹងនិងពង្រីកកិច្ចសហសហប្រតិបត្តិការជាមួយប្រទេសជាដៃគូក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពាន ព្រមទាំងផ្តន្ទាទោសដល់ជនល្មើស។

រដ្ឋាភិបាលទទួលយកនិងផ្តល់សេវាគាំពារ និងស្តារនីតិសម្បទាដល់ជនរងគ្រោះ ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ព្រមទាំងទទួលស្គាល់ពលករជំនាញដែលមកប្រទេសកម្ពុជាវិញ ជាមួយនឹងការពង្រឹងកិច្ចសហការបន្ថែមទៀត ជាមួយប្រទេសអាស៊ាន ដោយធានាចំពោះពលកស្របច្បាប់នៅក្នុងតំបន់ ទទួលបានរបបសន្តិសុខសង្គម គ្រោះថ្នាក់ដល់ជីវិត និងទទួលបានសំណងតាមច្បាប់ និងចុងក្រោយគឺប្រើប្រាស់មជ្ឈមណ្ឌលនេះ ដើម្បីជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះតាមរយៈការផ្តល់សេវាការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំសុខភាព និងការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបំណិនជីវិតដល់ជនរងគ្រោះដោយគ្មានការរើសអើង៕ ផ្សាយដោយ៖ កន ចំណាន, ប្រភព៖ ក្រសួងសង្គមកិច្ច

website_news/2023201202.txt · Last modified: 2023/12/20 10:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki