website_news:2023210206

លោក ស ខេង ក្រើនរំឭកជាថ្មីឱ្យអាជ្ញាធរយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព

https://www.postkhmer.com/national/2023-02-19-1835-247151.html ឡាយ សាមាន | Publication date 19 February 2023 | 18:35 ICT

ព្រៃវែងៈ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង ក្រើនរំឭកជាថ្មីទៀតឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវរួមសហការគ្នាជាមួយ ប្រជាពលរដ្ឋ ដើម្បីជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការដោះស្រាយ បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ការលើកឡើងជាថ្មី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តមុនីរស្មីព្រៃត្បែង ស្ថិតនៅភូមិព្រៃត្បែង ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៣។ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង លោក ស ខេង បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកកំចាយមារ និងរដ្ឋបាលឃុំ ព្រមទាំងអាជ្ញាធរភូមិ និងប្រជាពលរដ្ឋដែលបានខិតខំរួមគ្នាការពារសុខសន្តិភាព សុខសុវត្ថិភាព រួមគ្នាអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទនៈ។ សមិទ្ធផលនានានៅក្នុងវត្តនេះរួមទាំងសាលាបឋមសិក្សា ដែលបាន ថវិកាពីព្រះចៅអធិការ អាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជន ពិតជារួមចំណែកយ៉ាងសំខាន់សម្រាប់ការកសាងសង្គមជាតិ ក្នុងឱកាសដែលកម្ពុជាកំពុងមានសុខសន្តិភាពទាំងស្រុង មានស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែរីកចម្រើន។

ទន្ទឹមនោះដែរលោក ស ខេង បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវសហការរួមគ្នាជាមួយប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ប្រកបដោយជោគជ័យ ដើម្បីឆ្លើយតបចង្ខុកវិស័យរបស់រដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិឱ្យមានការរីចកម្រើន និងមានសន្តិភាព។ លោកណែនាំថា៖« អាជ្ញាធរមូលដ្ឋាន រួមសហការគ្នាជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការដោះស្រាយបញ្ហាប្រឈម សំណូមពរនានារបស់ប្រជាពលរដ្ឋ»។ លោកស ខេង បានទាញការកត់សម្គាល់ថា សុខសន្តិភាព និងស្ថិរភាពជាតិ ជាសមិទ្ធផលស្នូល ដែលនាំឱ្យកើតមានវឌ្ឍនភាពនូវសមិទ្ធផលសំខាន់ៗផ្សេងទៀតរបស់ជាតិ រួមទាំងសមិទ្ធផលដែលបានប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត សង្កេតឃើញថា សម្រាប់គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល គឺជាគោលនយោបាយល្អ ក្នុងគោលបំណងធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានអាចរស់នៅប្រកបដោយភាពសុខដុមរមនា មានសន្តិសុខ សុវត្ថិភាព និងរិស្ថានល្អ។ ប៉ុន្តែលោកលើកឡើងថា ការអនុវត្តជាក់ស្តែងរបស់មន្ត្រីអាជ្ញាធរមូលដ្ឋានមួយចំនួន មិនទាន់ឆ្លើយតបទៅតាមគោលនយោបាយនេះនៅឡើយទេ ខណៈប្រជាពលរដ្ឋខ្លះ នៅតែលើកឡើងពីបញ្ហាមួយចំនួន ដូចជាករណីគ្រឿងញៀនដែលបច្ចុប្បន្នគឺរាលដាលដល់ជនបទ ល្បែងស៊ីសង និងចោរកម្មមួយចំនួន នៅតែកើតមានឡើង។ លោកថា៖«ដូច្នេះដើម្បីឱ្យគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព មានប្រសិទ្ធភាព ទាល់តែមន្ត្រីមូលដ្ឋានត្រូវចូលរួមអនុវត្តឱ្យបានពេញលេញ និងមានការចូលរួមពីប្រជាពលរដ្ឋ និងមានទំនុកចិត្តពីពលរដ្ឋ»។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែលម្អលក្ខណសម្បត្តិគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឡើងវិញ ដែលមាន៧ចំណុច និងបានដាក់ចេញឱ្យអនុវត្តកាលពីខែមករា ឆ្នាំ ២០២១ ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ។ គោលនយោបាយនេះ ត្រូវបានយកទៅផ្សព្វផ្សាយយ៉ាងទូលំទូលាយទាំងក្នុងវិស័យសាធារណៈទាំងក្នុងវិស័យឯកជន ដើម្បីធ្វើឱ្យភូមិ ឃុំ សង្កាត់មានសន្តិសុខ មានសុវត្ថិភាពនិងបរិស្ថានល្អ៕

website_news/2023210206.txt · Last modified: 2023/02/21 09:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki