website_news:2023210603

ស្ត្រីពលករម្នាក់នៅប្រទេសថៃប្រឹងរកប្រាក់ឱ្យកូនទៅរៀន ទោះបីប្ដីកំពុងជាប់ពន្ធនាគារ

https://www.rfa.org/khmer/news/social-economy/a-female-worker-works-hard-to-earn-money-for-her-children-while-her-husband-is-in-prison-in-thailand-06182023055308.html ដោយ សេក បណ្ឌិត2023.06.18

ស្ត្រីពលករខ្មែរមួយរូបធ្វើកម្មករក្នុងចំការកៅស៊ូប្រទេសថៃ ធ្វើការលក់កម្លាំងស៊ីឈ្នួលរកប្រាក់ឱ្យកូនស្រីពីរនាក់ បន្តការសិក្សានៅប្រទេសថៃ បើទោះជាប្ដីរបស់ខ្លួនកំពុងជាប់ពន្ធនាគារនៅប្រទេសនេះ ទាំងអយុត្តិធម៌ជាង ១ឆ្នាំហើយក្ដី។ តើស្ត្រីពលករខ្មែរតស៊ូជំនះឧបសគ្គអ្វីខ្លះនៅប្រទេសថៃ? ជាកម្មករធ្វើការក្នុងចំការកៅស៊ូ បានប្រាក់កម្រៃ ២៧០បាត ឬជាង ៧ដុល្លារក្នុងមួយថ្ងៃ លោកស្រី ជ័យ មុំ រកប្រាក់ចំណូល ការចំណាយស្ទើរស្មើគ្នា ដែលធ្វើឱ្យស្ត្រីរូបនេះ ត្រូវធ្វើការងារពីមួយខែទៅមួយខែ គ្មានថ្ងៃសម្រាក ដើម្បីបានប្រាក់ទិញអង្ករ ទិញម្ហូប ឱ្យប្រាក់ឱ្យកូនស្រីពីរនាក់ទៅរៀន និងផ្ញើប្រាក់ខ្លះទៀត ឱ្យប្ដីនៅពន្ធនាគារទៀតផង។ មានរាងតូចល្អិត តែចិត្តធំ ស្ត្រីពលករ ជ័យ មុំ អាយុ ៤០ឆ្នាំ មានកូនស្រីពីរ ម្នាក់រៀនថ្នាក់ទី៥ ម្នាក់ទៀតរៀនថ្នាក់ទី៦ នៅប្រទេសថៃ។

លោកស្រី ជ័យ មុំ៖ «ពីរបីថ្ងៃទិញ (ទិញអង្ករ) មួយរយ បីបួនដប់ថ្ងៃខ្ញុំទិញមួយរយ ខ្ញុំអត់មានប្រាក់ បើខ្ញុំមានលុយខ្ញុំទិញមួយបេ (មួយបាវ) ហូបបានយូរ មួយរយបានតែបួនគីឡូកន្លះ អត់បានប្រាំគីឡូទេ។ រៀន សាំងម៉ូតូ អង្ករហូប ខោសអាវ សៀវភៅកូនរៀន ទិញមួយសព្វ។ ខោអាវសុទ្ធតែទិញមិនមែនគ្រូចែកឱ្យទេ មួយឆ្នាំបានតែកំប្លេ បួនកំប្លេ ទិញខ្លួនឯងចំណាយទាំងអស់។ នេះបើឈុតនេះវិញ ឈុតជាតិហ្នឹងមួយឈុតហ្នឹង ១ពាន់ជាង (ប្រាក់បាត) ១ពាន់ ៣រយ។ សរុបទាំងស្បែកជើង ១ពាន់ ៥រយ។ កូនខ្ញុំចូលថ្ងៃទី១៦ ខែ៥ (ខែឧសភា) ខ្ញុំខ្ចីលុយគេ ៣ពាន់»។

ជាងមួយឆ្នាំមកនេះ លោកស្រី ជ័យ មុំ ត្រូវរកប្រាក់តែម្នាក់ឯង នៅក្នុងចម្ការកៅស៊ូ មួយកន្លែងក្នុងខេត្តឈុនបុរី (Chunbori) ប្រទេសថៃ (Thailand) លោកស្រីនៅកន្លែងកែច្នៃឈើកៅស៊ូជាមួយស្ត្រីពលករខ្មែរពីរនាក់បីទៀត ក្រោមការគ្រប់គ្រងរបស់មេការជនជាតិថៃ។ ការងារនេះ បើលោកស្រីធ្វើការទើបបានប្រាក់ហើយក្នុងមួយសប្ដាហ៍បានប្រាក់ជិត១.២០០ (មួយពាន់ពីររយ) បាត។

លោកស្រី ជ័យ មុំ៖ «តស៊ូហ្នឹងហើយ គ្រុនអីខ្ញុំមិនដែលឈប់ទេ ខ្ញុំទៅទាំងគ្រុនធ្វើការ។ បើខ្ញុំឈប់ អត់អីហូប។ ខ្ញុំធ្វើការមិនដែលបានឈប់ទេ។ ចេះតែទៅបន្តិចៗ ខ្ញុំលំបាក។ បើថា ធ្វើបានលុយ បើអត់ធ្វើ គឺអត់បាន។ ខ្ញុំបើក (បើកប្រាក់ឈ្នួល) ខ្ញុំបើកមកទិញអង្ករទិញអី កូនរៀនហ្នឹង»។

ពលករខ្មែរនៅទីនេះ ថៅកែអនុញ្ញាតឱ្យស្នាក់នៅក្នុងបរិវេណចំការ ដោយគេសង់បន្ទប់ជាប់ៗ គ្នា ធ្វើពីឈើក្រាលបេតុងស៊ីម៉ងត៍។ បើទោះជាលោកស្រី ជ័យ មុំ ធ្វើការមួយថ្ងៃបានប្រាក់តែជិត ៣០០បាតក្ដី លោកស្រីត្រូវចំណាយប្រាក់ជិត ១០០បាត ឱ្យកូនស្រីទាំងពីរនាក់របស់ខ្លួនទៅរៀន ដែលប្រាក់នោះសម្រាប់ចំណាយលើការហូបចំណី និងថ្ងៃទិញឯកសារ។ ការចំណាយនេះ មិនទាន់រាប់បញ្ចូលការចំណាយលើថ្លៃម្ហូបអាហារប្រចាំថ្ងៃផង។

លោកស្រី ជ័យ មុំ រៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីដឹងថា គ្រួសារលោកស្រីសព្វថ្ងៃត្រឹមហូបឱ្យឆ្អែតក្រពះ ប៉ុណ្ណោះ ព្រោះគ្មានប្រាក់ទិញអាហារឆ្ងាញ់ ហូបឡើយ។ លោកស្រីឱ្យដឹងទៀតថា ថ្ងៃខ្លះអត់លុយឱ្យកូនទៅសាលា លោកស្រីត្រូវដើរខ្ចីលុយអ្នកជិតខាង។ លោកស្រី ជ័យ មុំ៖ «អត់ប្ដីទៅយើងយ៉ាប់ យើងហូបខ្វះ ហូបមិនបានឆ្ងាញ់ ពេលប្ដីនៅខ្ញុំហូបបានឆ្ងាញ់ ពេលខ្វះខាតខ្ញុំរត់រកញាតិជិតខាង ខ្ញុំស្រណោះកូន ធ្វើម៉េចកូនអត់ដឹងអី ដឹងតែឆ្អែតៗ ខ្ញុំលំបាក បានកូនរៀនទៅ បានការងារធ្វើបានល្អ។ ដូចខ្ញុំយ៉ាប់ណាស់ ប្រថុយឱ្យកូនរៀន»។

ជីវិតគ្រួសារលោកស្រី ជ័យ មុំ ទន្ទឹមនឹងជួបការលំបាកផ្នែកជីវភាព លោកស្រីក៏ជួបរឿងអយុត្តិធម៌មួយទៀតដែរ ដោយប្ដីលោកស្រី ពេលនេះកំពុងឃុំក្នុងពន្ធនាគារប្រទេសថៃ ទាំងអយុត្តិធម៌អស់រយៈពេលជាង ១ឆ្នាំមកហើយ ព្រោះថៅកែមុនរបស់លោកស្រី ដែលជាថៅកែចម្ការដូងប្រេង បានចោទប្រកាន់ថា ប្ដីលោកស្រីបានលួចដូងប្រេងរបស់គេយកទៅលក់។

លោកស្រី ជ័យ មុំ រំលឹកថា កាលពីខែកុម្ភៈឆ្នាំ២០២២ មេការជនជាតិថៃ ដែលគ្រប់គ្រងចម្ការការដូងប្រេងនោះ បានចោទប្រកាន់ថា ប្ដីលោកស្រី និងពលករខ្មែរម្នាក់ទៀតថា លួចដូងប្រេងប្រមាណ ១តោន យកទៅលក់ ហើយថៅកែថៃម្ចាស់ចម្ការ ក៏ជឿតាមសំដីរបស់មេការថៃ និងបានប្ដឹងសមត្ថកិច្ចថៃ ឱ្យចាប់ប្ដីលោកស្រី និងពលករខ្មែរម្នាក់យកទៅឃុំ។ លោកស្រីបញ្ជាក់ថា នៅពេលសាកសួរនោះ សមត្ថកិច្ចថៃរកមិនឃើញភស្តុតាងថា ប្ដីលោកស្រីលួចដូងប្រេងទេ ហើយប្ដីលោកស្រី ក៏មិនបានសារភាពដែរ។

ទោះបែបនេះលោកស្រីថា ប៉ូលិសថៃបានសម្លុតប្ដីលោកស្រី និងពលករម្នាក់ទៀតឱ្យសារភាព ហើយប៉ូលិសថៃបានកុហកថា បើពួកគាត់សារភាពនឹងបានរួចខ្លួន ហើយក្រោយមក ពលករខ្មែរម្នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនជាមួយប្ដីលោកស្រីនោះបានសារភាព តែសមត្ថកិច្ចថៃមិនបានដោះលែងដូចការសន្យាទេ ហើយបានបញ្ជូនសំណុំរឿងនេះទៅតុលាការ ហើយតុលាការថៃសម្រេចចោទប្រកាន់ និងឃុំខ្លួនពួកគាត់ម្នាក់ៗ ឱ្យជាប់ឃុំរយៈ ១៨ខែ។ លោកស្រី ជ័យ មុំ៖ «ប្ដីខ្ញុំថា ថតមកបើថា ខ្ញុំយកមែន ថតមកបង្ហាញប៉ូលិសមកថា ខ្ញុំយកមែន ខ្ញុំសារភាពបើខ្ញុំមិនបានយកផង? ប្ដីខ្ញុំទៅដល់តុលាការអត់សារភាពទេ។ អាមួយហ្នឹងសារភាពអាជូនប្ដីខ្ញុំហ្នឹង សារភាព។ វាថា វាយកមែន។ វាខ្លាចគេវាយ ខ្លាចគេវាយ ខ្លាចគេធ្វើបាប ដូចថា បើប្រាប់គេ គេលែង ដល់ពេលប្រាប់ទៅគេអត់លែងឯណា ប្រាប់ទៅគេដាក់ (ដាក់ឃុំ) ១៨ខែពេញប៊ឹប»។

លោក ម៉េត បូលី ប្ដីរបស់លោកស្រី ជ័យ មុំ ពលករខ្មែរធ្វើការនៅប្រទេសថៃ ដែលកំពុងជាប់ពន្ធនាគារនៅប្រទេសថៃ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យប្ដីរបស់លោកស្រី ជ័យ មុំ ឈ្មោះ ម៉េត បូលី អាយុ ៣៩ឆ្នាំ ជាកម្មករបេះដូងប្រេង។ លោកជាមនុស្សស្លូតបូត មិនចេះផឹកស្រាជក់បារី ឬលេងល្បែងទេ ហើយក៏មិនចេះនិយាយភាសាថៃដែរ។

លោកស្រី ជ័យ មុំ រំលឹកថា កាលពីសមត្ថកិច្ចចាប់ប្ដីលោកស្រីថ្មីៗ នោះ លោកស្រីបានហៅទូរស័ព្ទទៅមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ ស្ទើររាល់ថ្ងៃ តែខាងស្ថានទូតមិនដែលទទួលទូរស័ព្ទ ឬហៅទូរស័ព្ទត្រឡប់មកវិញទេ ហើយជាងមួយឆ្នាំមកនេះ ក៏មិនដែលមានមន្ត្រីស្ថានទូតខ្មែររូបណា មកសួរនាំលោកស្រីដែរ។ នៅពេលប្ដីដែលជាជនបង្គោលជាប់ឃុំ ការរកប្រាក់ផ្គត់ផ្គង់ក្នុងគ្រួសារ ក៏មិនបានល្អដូចគ្រួសារគេដែលមានប្ដីប្រពន្ធនៅជុំគ្នាដែរ។ កូនស្រីរបស់ស្ត្រីពលកររូបនេះ មិនសូវមានអាហារហូបចុកគ្រប់គ្រាន់ ឬមានអាហារមានសារជាតិចិញ្ចឹមទទួលទានទេ។ ពួកគេទាំងពីរនាក់មានទឹកមុខស្លេកស្លាំង។

កំពុងអានសំបុត្រ ឪពុកផ្ញើមកពីពន្ធនាគារ កុមារី ឡី វិច្ឆិកា អាយុ ១៤ឆ្នាំ កំពុងរៀនថ្នាក់ទី៦ នៅប្រទេសថៃ នាងជាសិស្សពូកែក្នុងថ្នាក់ ដោយរៀនបានចំណាត់ថ្នាក់លេខ៤ ប្រចាំឆ្នាំ។ កុមារ ឡី វិច្ឆិកា ចេះនិយាយ ចេះអានភាសាថៃ យ៉ាងស្ទាត់ ហើយនាងអាចអានសំបុត្ររបស់ឪពុក ដែលសរសេរជាភាសាថៃ មកជាភាសាខ្មែរបានភ្លាមៗ ផងដែរ។ កុមារី ឡី វិច្ឆិកា អានសំបុត្រ៖ «ប៉ាថា ម៉េចហើយ សុខសប្បាយ ឬអត់ ជិតចូលខែភ្លៀងហើយ ប៉ាបារម្ភ។ មើលម៉ែផង ឱ្យម៉ែយកលុយមកឱ្យប៉ាផង ប៉ាយកទៅបង់ឱ្យប៉ូលិសថៃ ថ្ងៃដែលគេលែងប៉ាមក។ ចាំប៉ាទៅឱ្យគេ។ បាន ឬមិនបាន ប្រាប់ប៉ាផង»។

កុមារ ឡី វិច្ឆិកា មិនជឿថា ឪពុករបស់នាងលួចដូងប្រេងគេ ដូចការចោទប្រកាន់ឡើយ ឪពុកនាងជាមនុស្សឧស្សាហ៍ ថៅកែប្រើឱ្យធ្វើអ្វីគាត់មិនដែលប្រកែកឡើយ ណាមួយទៀតឪពុកប្អូនស្រីមិនចេះបើកឡាន មិនចេះភាសាថៃ តើធ្វើដូចម្ដេចអាចយកដូងប្រេងនោះទៅលក់កើត?។ បើទោះជាស្ថានភាពគ្រួសារ កំពុងជួបការលំបាក ឃើញម្ដាយធ្វើការហត់រកប្រាក់តែឯង នៅពេលទំនេរពីការរៀនសូត្រ កុមារ ឡី វិច្ឆិកា តែងតែជួយបោកខោអាវ លាងចាន និងជួយធ្វើការងារផ្ទះម្ដាយ។ កុមារ ឡី វិច្ឆិកា ថា នាងប្រឹងប្រែងរៀនសូត្រ ព្រោះរំពឹងថា ពេលខ្លួនធំដឹងក្ដី រៀបចប់អាចរកការងារល្អបានធ្វើបានប្រាក់ខែខ្ពស់ ដើម្បីយកប្រាក់នោះមកជួយឪពុកម្ដាយវិញ។

កុមារី ឡី វិច្ឆិកា៖ «ចង់រៀនទៅមុខទៀត ចង់ប្រឡងឱ្យចប់ រៀនបញ្ចប់ បានការធ្វើល្អ យកលុយឱ្យម៉ែច្រើនៗ។ ពេលអត់ប៉ាទៅម៉ែពិបាក ម៉ែមើលថែពួកខ្ញុំពីរនាក់ ខ្ញុំអត់សូវជួយម៉ែរកលុយបានទេ។ ពេលមានប៉ា អត់ខ្វះលុយទេ តែអត់មានប៉ាខ្វះលុយ ពេលទៅមើលប៉ា ម៉ែដើរខ្ចីលុយគេសិន»។

ទាក់ទងរឿងរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីមន្ត្រីអនុព័ន្ធការងារនៃស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ លោក ឈឹម វិបុល អ្នកនាំពាក្យក្រសួងការបរទេស លោក អាន សុខខឿន និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី១៧ ខែមិថុនា។

មន្ត្រីផ្នែកការពារសិទ្ធិពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន ប្រាប់ថា ទម្រាំលោកបានដឹង ករណីចោទប្រកាន់ប្ដីលោកស្រី ជ័យ មុំ គឺយឹតពេលទៅហើយ តុលាការថៃបានសម្រេចចោទប្រកាន់លើប្ដីលោកស្រី ជ័យ មុំ ទៅហើយ។ មន្ត្រីសង្គមស៊ីវិលការពារសិទ្ធិពលរដ្ឋរូបនេះថា ប្រសិនបើស្ថានទូតខ្មែរប្រចាំប្រទេសថៃ ជួយតាមដាន និងស៊ើបអង្កេត ឬផ្ដល់ជំនួយផ្នែកផ្លូវច្បាប់ លើរឿងនេះទាន់ពេល ក្រុមពលករដែលកំពុងជាប់ឃុំទាំងនេះ ទំនងរួចផុតការចោទប្រកាន់ ព្រោះលោកសង្កេតឃើញថា សំណុំរឿងនេះមានភាពអយុត្តិធម៌លើក្រុមពលករខ្មែរ។ លោក លឹង សុផុន ដែលតាមដានដំណើររឿងនេះ បន្តទៀតថា ការប្រឹងប្រែងតស៊ូរបស់លោកស្រី ជ័យ មុំ ដែលមិនបោះបង់ក្ដីសង្ឃឹម ប្រឹងធ្វើការរកប្រាក់ឱ្យកូនស្រីទាំងពីរនាក់ អាចបន្តការសិក្សា គឺជាគំរូល្អ និងជាការលះបង់ធំធេងរបស់ស្ត្រីពលកររូបនេះ។

លោក លឹង សុផុន៖ «យើងដឹងស្រាប់ហើយថា ជីវភាពគាត់លំបាក ហើយណាមួយទៀត គាត់ក៏លើកចិត្តខ្លួនឯង បានកូនរៀន ហើយណាមួយទៀត ខ្ញុំបានសួរគាត់ផ្ទាល់ដែរថា ប្ដីបានផ្ញើលិខិតពីគុក ដើម្បីលើកទឹកចិត្តជំរុញឱ្យកូន ឱ្យប្រពន្ធចេះតស៊ូក្នុងជីវិតអ៊ីចឹងណ៎ា! ខ្ញុំគិតថា ជារឿងប្រសើរដែរ សម្រាប់គាត់ណ៎ា! តែជារឿងអយុត្តិធម៌មួយ ដែលគាត់មានបញ្ហាប្រឈមបែបហ្នឹង ហើយអត់ទាន់មានស្ថាប័នពាក់ព័ន្ធណាមកជួយតាមដាន»។ កាលពីពេលថ្មីៗ លោក លឹង សុផុន បានយកស្បៀងអាហារជូនគ្រួសារ លោកស្រី ជ័យ មុំ ដើម្បី ដោះទ័លក្នុងគ្រាលំបាកនេះ។

ប្ដីលោកស្រី ជ័យ មុំ ដែលបានជាប់ឃុំចំនួន ១៨ខែមកហើយ នឹងត្រូវអនុវត្តទោសចប់ នៅថ្ងៃទី២៣ ខែសីហា ខាងមុខ។ លោកស្រី ជ័យ មុំ ឱ្យដឹងថានៅពេលដោះលែង សមត្ថកិច្ចថៃបានបង្គាប់លោកស្រីបង់ប្រាក់ឱ្យគេចំនួន ១ម៉ឺនបាត ឬប្រមាណ ៣០០ដុល្លារ ទើបសមត្ថកិច្ចអាចដោះលែងឱ្យនៅប្រទេសថៃ បើមិនដូច្នេះទេ គេនឹងបញ្ជូនទៅខ្មែរវិញ។ លោកស្រីត្អូញត្អែរថា លោកស្រីគ្មានប្រាក់ ១ម៉ឺនបាតបង់ឱ្យប៉ូលិសថៃទេ។ បើទោះជាលោកស្រីគ្មានប្រាក់បង់ឱ្យសមត្ថកិច្ចថៃក្ដី នៅថ្ងៃប៉ូលិសថៃដោះលែងប្ដី លោកស្រីនឹងជិះម៉ូតូទៅចាំប្ដីនៅមុខពន្ធនាគារ ដើម្បីបានឃើញមុខប្ដី និងរង់ចាំមើលថា តើសមត្ថកិច្ចថៃ នឹងបញ្ជូនប្ដីលោកស្រីយកទៅណាទៀត៕

website_news/2023210603.txt · Last modified: 2023/06/21 11:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki