website_news:2023210604

ពលករខ្មែរមួយចំនួនរស់នៅកូរ៉េខាងត្បូងខុសច្បាប់ ប្រឈមនឹងបញ្ហាលំបាកជាច្រើន

https://www.rfa.org/khmer/news/human-rights/some-cambodian-workers-in-s-korea-facing-many-difficulties-due-to-illegal-stay-06192023093741.html ដោយ សន ចាន់រដ្ឋា2023.06.19

ពលករខ្មែរមួយចំនួនរស់នៅប្រទេសកូរ៉េខាងត្បូងដោយខុសច្បាប់ កំពុងប្រឈមនឹងបញ្ហាលំបាកជាច្រើន ដូចជា ការស្វែងរកការងារ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ជីវភាពខ្វះខាត និងការតាមចាប់ខ្លួនពីអាជ្ញាធរកូរ៉េ។ ពួកគាត់អះអាងថា មូលហេតុដែលពួកគាត់ក្លាយជាពលកររស់នៅខុសច្បាប់បែបនេះ គឺដោយសារតែថៅកែជនជាតិកូរ៉េធ្វើបាប និងរំលោភសិទ្ធិការងារ ដូច្នេះពួកគាត់បង្ខំចិត្តរត់ចេញពីកន្លែងការងារ។ មន្ត្រីឃ្លាំមើលសិទ្ធិការងារ យល់ឃើញថា មន្ត្រីស្ថានទូតគួរតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាទាំងនេះ ដើម្បីធានាដល់ការរស់នៅដល់ពលករខ្មែរ។

ថ្ងៃចុងសប្ដាហ៍មានពលករមួយចំនួនសម្រាកពីការងារ រីករាយជាមួយមិត្តភ័ក្ដិក្រុមគ្រួសារ និងអ្នកខ្លះទៀតកំពុងធ្វើការថែមម៉ោង ដើម្បីទទួលបានប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ទិដ្ឋភាពនៅរដូវក្ដៅប្រទេសកូរ៉េខាងត្បូងមិនខុសគ្នាពីកម្ពុជានោះទេ ដែលរដូវក្ដៅគឺមានសីតុណ្ហភាពចន្លោះពី ៣៤អង្សា ដល់ ៣៧អង្សា ដែលពលករខ្មែរមួយចំនួនកំពុងមមាញឹកធ្វើការងារក្នុងវិស័យកសិកម្មមានដំណាំចម្រុះជាច្រើនប្រភេទ។ ប៉ុន្តែផ្ទុយពីការមមាញឹកនេះ ពលករខ្មែរមួយចំនួនរស់នៅដោយខុសច្បាប់នៅប្រទេសកូរ៉េជួបជីវភាពខ្វះខាតព្រោះគ្មានការងារធ្វើ និងប្រឈមការចាប់ខ្លួនពីសំណាក់អាជ្ញាធរកូរ៉េដោយសារពួកគាត់បានរត់ចេញពីកន្លែងការងារដោយពុំទាន់បញ្ចប់កិច្ចសន្យា។

ពលការិនីធ្វើការងារនៅកូរ៉េរយៈពេល៣ឆ្នាំផ្នែកកសិឧស្សាហកម្ម កញ្ញា ហួន គន្ធា បានបញ្ជាក់ប្រាប់ពីមូលហេតុនៃការរស់នៅដោយខុសច្បាប់ក្នុងប្រទេសកូរ៉េថា ដោយសារតែថៅកែជនជាតិកូរ៉េ បង្ខំឱ្យពលករខ្មែរធ្វើការលើសម៉ោងគ្មានថ្ងៃឈប់សម្រាកត្រឹមត្រូវ និងទទួលបានប្រាក់ខែតិចតួច និងការរំលោភសិទ្ធិការងារ។ កញ្ញាបន្តថា កញ្ញាត្រូវរកការងារក្រៅម៉ោងធ្វើបន្ថែមដោយសារ តែប្រាក់ខែទាបមិនអាចទ្រទ្រង់ជីវភាពគ្រួសារបានគ្រប់គ្រាន់។ លើសពីនេះស្ត្រីមួយចំនួនត្រូវបានថៅកែកូរ៉េរំលោភបំពានរាងកាយរហូតដល់មានផ្ទៃពោះ និងបង្ខំឱ្យរំលូតកូនចេញក៏មាន បញ្ហាទាំងអស់ធ្វើឱ្យពលករខ្មែរមួយចំនួនមិនអាចស៊ូទ្រាំក៏សម្រេចចិត្តរត់ចេញពីកន្លែងធ្វើការងារ។

កញ្ញា ហួន គន្ធា៖ «ឃើញគឺអត់ច្រើនករណីទេ ទាល់តែរបស់ហ្នឹងគឺជាគេផុសក្ដុងក្ដាំងខ្លាំងទើបចុះអន្តរាគមន៍ចំពោះស្ថានទូត នៅស្រុកខ្មែរចំពោះល្មមយើងត្រូវដោះស្រាយ អ្នកខ្លះទៅគឺគាត់ពិបាកណាស់ដោយសារពួកគាត់អត់ចេះកូរ៉េត្រូវជួលមេធាវី ត្រូវជួលអ្នកបកប្រែហើយខ្មែរយើងខ្មែរស្រឡាញ់ខ្មែរណាស់ប៉ុន្តែករណីបកប្រែតែមួយម៉ាត់ពីរម៉ាត់ទារលុយគ្នារាប់រយដុល្លារ ប៉ុន្តែករណីនៅស្ថានទូតទាល់តែករណីហ្នឹងយើងផុសក្ឌុងក្ឌាំងពេញហ្នឹង»។

កញ្ញា ហួន គន្ធា បញ្ជាក់ថា ច្បាប់ការងារនៅប្រទេសកូរ៉េ នៅពេលពលកររត់ចេញពីកន្លែងការងារ ដោយមិនទាន់បញ្ចប់កិច្ចសន្យា ពួកគាត់នឹងក្លាយជាពលករខុសច្បាប់គ្មានសិទ្ធិវិលត្រឡប់ទៅប្រទេសស្រុកកំណើតវិញឡើយ។ កញ្ញាបន្តថា កញ្ញាមានបញ្ហាសុខភាពដោយសារអាកាសធាតុត្រជាក់ខ្លាំង និងក្ដៅខ្លាំងនៅរដូវក្ដៅ ធ្វើឱ្យចង្កេះ ម្រាមដៃ ឡើងហើមឈឺចុកចាប់ខ្លាំង ហើយបញ្ហានេះ ធ្វើឱ្យជនបរទេសម្នាក់ដែលធ្វើការជាមួយកញ្ញា កាត់ដៃម្ខាងចោលទៀតផង ដោយសារឆ្លងមេរោគ។

ដោយឡែកពលករកូរ៉េធ្វើការនៅខេត្តកា្វងជូធំ (Gwangju) លោក នួន កែវស៊ីដា ថ្លែងថា លោកជាពលករខុសច្បាប់ ដោយសារលោករត់ចេញពីកន្លែងការងារពីព្រោះ លោករងសម្ពាធច្រើនកំឡុងពេលធ្វើការងារ និងកន្លែងរស់នៅតូចចង្អៀតគ្មានអនាម័យ។ លោកបន្តថា លោកជួបផលវិបាកច្រើនក្នុងជីវភាពរស់នៅរយៈពេល ១០ឆ្នាំមកនេះ គឺត្រូវរត់គេចពីប៉ូលិសអន្តោប្រវេសន៍នៅពេលអាជ្ញាធរកូរ៉េចុះមកត្រួតពិនិត្យកន្លែងធ្វើការ រស់នៅលាក់ពួនដូចជាអ្នកទោស និងគ្មានសិទ្ធិដើរហើរដោយសេរីនោះទេ ជាពិសេស ត្រូវត្បិតត្បៀតក្នុងការចាយវាយថែមទៀត។

លោក នួន កែវស៊ីដា៖ «ពេលមួយនោះគឺ ខ្ញុំកំពុងតែធ្វើការមេការឱ្យខ្ញុំរត់ទៅក្នុងបន្ទប់មួយសំងំឱ្យស្ងៀម ពីព្រោះប៉ូលិសគេចូលមកឆែកមាន ព្រោះយើងជាជនអន្តោប្រវេសន៍ខុសច្បាប់អ៊ីចឹងហើយគឺរងហានិភ័យច្រើនណាស់មិនថានៅក្នុងរោងចក្រ មិនថានៅទីសាធារណៈ ឬក៏ផ្សារ ឬក៏កន្លែងយើងដើរកម្សាន្តអាចមានរងហានិភ័យ។ បងៗ ប៉ូលិសយើងដើរមកឆែកជួនកាលឃាត់ងាយរងនូវបញ្ហាហ្នឹងច្រើនដែរ»។

លោក នួន កែវស៊ីដា ថា លោកចង់ត្រឡប់ទៅស្រុកខ្មែរពីព្រោះនឹកផ្ទះ និងបងប្អូនឪពុកម្ដាយ ប៉ុន្តែដោយសារពេលត្រឡប់ទៅវិញ មិនដឹងរកការងារអ្វីធ្វើ ម្យ៉ាងគ្រួសារក៏មានជីវភាពខ្វះខាត ហើយកម្ពុជាក៏ពុំមានទីផ្សារការងារ។ កត្តាដែលជំរុញឱ្យពលករខ្មែរចំណាកស្រុកមកប្រទេសកូរ៉េ ដើម្បីរកការងារធ្វើ គឺជីវភាពខ្វះខាត ធ្វើស្រែចម្ការបានផលតែគ្មានទីផ្សារ គ្មានការងារក្នុងស្រុក និងជំពាក់បំណុលធនាគារជាដើម។

ក្រៅពីធ្វើការខុសច្បាប់ ពលករខ្មែរ ក៏ប្រឈមនឹងបញ្ហាច្រើនយ៉ាង ដូចជា ថៅកែកេងប្រវ័ញ្ចកម្លាំងពលកម្ម បង្ខំឱ្យធ្វើការហួសកម្លាំង ប្រើហិង្សាលើរាងកាយ ប្រមាថមើលងាយ និងបើកប្រាក់ខែឱ្យមិនទៀងទាត់ជាដើម។ ពួកគាត់មិនដែលបានទទួលយុត្តិធម៌នោះទេ នៅពេលពួកគាត់ទៅប្ដឹងអំពីការរំលោភសិទ្ធិការងារពីសំណាក់ថៅកែកូរ៉េ។ ចំណែកឯស្ថានទូតខ្មែរមិនដែលចុះមកអន្តរាគមន៍ជួយដោះស្រាយឱ្យពលករ និងចុះត្រួតពិនិត្យពីស្ថានភាពរស់នៅរបស់ពលករនោះទេ ហើយជួនកាលមានការរើសអើងថែមទៀត ប្រសិនបើពលករខ្មែររូបណាគាំទ្រសកម្មជនសង្គម ឬគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្ត។ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៨ មិថុនា។

ទាក់ទិនបញ្ហានេះប្រធានផ្នែកប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េគួរតែជួយដោះស្រាយបញ្ហាឱ្យពលករដែលត្រូវការជំនួយ ហើយប្រសិនបើមន្ត្រីស្ថានទូត និងក្រសួងពាក់ព័ន្ធមិនចុះត្រួតពិនិត្យលើបញ្ហារំលោភសិទ្ធិការងារទេអ្នកដែលរងគ្រោះគឺពលករខ្មែរ។ លោកបន្តថា មន្ត្រីស្ថានទូតគួរតែធ្វើការបម្រើពលរដ្ឋមិនមែនបម្រើបក្សនោះទេ បើទោះបីជាពលករគាំទ្រគណបក្សណានោះគឺជាសិទ្ធិរបស់ពួកគាត់មន្ត្រីស្ថានទូតមិនត្រូវមានការរើសអើង ឬប្រកាន់និន្នាការនយោបាយនោះទេ។

លោក ឌី ថេហូយ៉ា៖ «ស្ថានទូតនៅប្រចាំប្រទេសកូរ៉េហ្នឹងត្រូវយកចិត្តទុកដាក់ក្នុងការការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្លួនឯងទី១។ ទី២ សូមធ្វើការជាអ្នកបម្រើរាស្ត្រមិនមែនធ្វើការបម្រើនិន្នាការគណបក្សនយោបាយទេ បម្រើរាស្ត្រ បម្រើជាតិ។ ទី៣ ធ្វើយ៉ាងណា ដើម្បីឱ្យប្រជាពលរដ្ឋរបស់ខ្លួនហ្នឹង ទទួលបានភាពស្របច្បាប់ការរស់រានមានជីវិតស្មើមុខស្មើមាត់ដូចគេដូចឯង ដូចប្រទេសកូរ៉េ»។

បើទោះជាពលករខ្មែររងការរំលោភសិទ្ធិការងារបែបណាក្ដី ក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនដែលខ្វាយខ្វល់ពីសុខទុក្ខ ជួយដោះស្រាយ និងបង្កើនការងារនៅក្នុងស្រុកឡើយ ផ្ទុយវិញ លោក ហ៊ុន សែន ថែមទាំងជំរុញឱ្យពលរដ្ឋខ្មែរចំណាកស្រុកទៅក្រៅប្រទេសថែមទៀត។ ជាក់ស្ដែងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន (Moon Jae-In) លោក ហ៊ុន សែន បែរជាស្នើឱ្យកូរ៉េបន្តបង្កើនចំនួននាំពលករខ្មែរទៅធ្វើការនៅប្រទេសកូរ៉េបន្ថែមទៀត។ លោក ហ៊ុន សែន មានមោទនភាព ដែលពលករខ្មែរចំណាកស្រុកទៅកូរ៉េអាចរកចំណូលបានខ្ពស់ និងបង្កើនចំណូលជាតិ ប៉ុន្តែ លោក ហ៊ុន សែន ភ្លេចគិតថា ពលករខ្មែរមួយចំនួនកំពុងរងទុក្ខវេទនាដោយសារការរំលោភសិទ្ធិការងារពីថៅកែជនជាតិកូរ៉េ និងការមិនអើពើជួយដោះស្រាយពីរដ្ឋាភិបាលកម្ពុជា។

ក្រុមពលករជំរុញឱ្យក្រសួងពាក់ព័ន្ធបង្កើនការងារនៅក្នុងស្រុក និងរកទីផ្សារលក់ចេញកសិផល ដើម្បីឱ្យពួកគាត់អាចមានឱកាសធ្វើការនៅក្នុងស្រុកដោយពុំបាច់ចំណាកស្រុក ហើយរងការមើលងាយ និងរំលោភសិទ្ធិការងារពីថៅកែបរទេស៕

website_news/2023210604.txt · Last modified: 2023/06/21 11:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki