website_news:2023210802

ពលរដ្ឋជាង៣០នាក់ចាញ់បោកមេខ្យល់អស់រាប់ពាន់ដុល្លារ ផ្អើលព្រលានយន្តហោះអន្តរជាតិភ្នំពេញ

https://kohsantepheapdaily.com.kh/article/1789266.html?fbclid=IwAR16MsICuKS1hfjP ភ្នំពេញ២០ ខែ សីហា ឆ្នាំ ២០២៣ ម៉ោង ០៨:៥៥

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មនុស្សប្រុសស្រីជាង៣០នាក់ បានចាញ់បោកមេខ្យល់ដោយប្រាប់ថា នាំទៅធ្វើការនៅប្រទេសជប៉ុន តែមិនបានដូចបំណងនោះទេ ព្រោះមិនបានឡើងយន្តហោះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅចំណុចព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បើតាមស្ត្រីម្នាក់មានឈ្មោះ ជា ធារិន អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ រស់នៅស្រុកខាងប្តី គឺស្រុកព្រៃឈរ ខេត្តកំពង់ចាម នឹងមានស្រុកកំណើតនៅភូមិព័ន្ធរាយ ឃុំចាងដាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានអះអាងថា «ខ្លួនគាត់មិនមែនជាមេខ្យល់នោះទេ គឺគាត់គ្រាន់តែជាមេក្រុមតែប៉ុណ្ណោះ ហើយគាត់ក៏ចាញ់បោកគេដែរ រួមទាំងបងប្អូន២ទៅ៣នាក់ទៀតផង។ ហើយគាត់បានយកលុយពីបងប្អូនពិតប្រាកដមែន តែយកលុយអោយមេខ្យល់ទាំងអស់ សូម្បីតែមេខ្យល់ដែលគាត់យកលុយអោយនោះ គឺមិនបានស្គាល់ផ្ទះពិតប្រាកដទេ គ្រាន់តែដឹងថា គាត់ធ្វើការនៅក្រសួង ខាងធ្វើប៉ាស្ព័រ និងធ្វើការនៅម្តុំផ្សារស៊ិនជូរីប្លាស្សា»។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលចាញ់បោកមេខ្យល់ ក៏បានឱ្យដឹងដែរថា «បន្ទាប់ពីស្ត្រីម្នាក់ឈ្មោះ ជា ធារិន បានបញ្ចុះបញ្ចូលពួកគាត់ដោយប្រាប់ថា ទៅធ្វើការនៅប្រទេសជប៉ុនបានប្រាក់ខែចាប់ពី២ពាន់ដុល្លារទៅ២៥០០ដុល្លារ ដោយធ្វើជាកម្មករគ្រឿងខ្ចៅខ្ចង។ ក្នុងនោះពួកគាត់ គឺត្រូវចំណាយថវិកាចំនួន៤៥០០ដុល្លារក្នុងម្នាក់ៗ តែយកលុយមុនចំនួន២៥០០ដុល្លារ ចាំបានកាងារធ្វើការនឹងកាត់តាមក្រោយទៀត។ ហើយក៏មានបងប្អូនខ្លះមានតែ១ពាន់ដុល្លារក៏បានដែរ ដោយស្ត្រីខាងលើរូបនេះ សុំអោយ ចាំធ្វើការហើយកាត់តាមក្រោយ»។

ប្រភពព័ត៌មានដដែលបានបន្តទៀតថា «លុយកាក់ដែលយកមកប្រគល់ឲ្យស្ត្រីម្នាក់ខាងលើ នោះ គឺបានមកពីលក់គោ-ក្របី លក់ដី និងមួយចំនួនទៀតទៅខ្ចីលុយធនាគារ។ ហើយមុនដំបូង ស្ត្រីម្នាក់ខាងលើនេះ បានបញ្ចុះបញ្ចូលពួកគាត់អោយទុកចិត្ត និងបញ្ជាក់ប្រាប់ពួកគាត់ថា គាត់ធ្លាប់ទៅធ្វើការនៅប្រទេសជប៉ុនអស់រយៈពេល៣ឆ្នាំ៦ខែ តែទៅធ្វើការម្តងក្រោយនេះ គឺរយៈពេល៥ឆ្នាំ»។ប្រភពដដែលបន្តទៀតថា «មុននឹងទៅធ្វើការនៅប្រទេសជប៉ុន មេខ្យល់អោយប្រជាពលរដ្ឋយកឯកសារមកធ្វើប៉ាស្ព័រនៅម្តុំវត្តនិរោធ ខណ្ឌច្បារអំពៅ ដោយស្ត្រីខាងលើជាអ្នកនាំទៅធ្វើប៉ាស្ព័រគ្រប់ៗគ្នា។ សូម្បីតែពិនិត្យសុខភាព ក៏មិនចាំបាច់ដែរ ចំណែកភាសាវិញចាំឆ្លៀតរៀនថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ក៏ប៉ុន្តែលុះនៅវេលាម៉ោងកើតហេតុ ស្ត្រីខាងលើបានប្រាប់ប្រជាពលរដ្ឋថា មិនឃើញមេខ្យល់មកជូនដំណើរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទើបម្នាក់ៗដឹងខ្លួនថា សង្ស័យចាញ់បោកគេ»។

ក្រោយពេលកើតហេតុ បន្ទាប់ពីភ្ញាក់ផ្អើលនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញភ្លាម បងប្អូនប្រជាពលរដ្ឋបានទៅប្តឹងនគរបាលប៉ុស្តិ៍ តែនគរបាលប៉ុស្តិ៍ពន្យល់ណែនាំប្រជាពលរដ្ឋជាជនរងគ្រោះ និងស្ត្រីខាងលើនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញថា «ដំណាក់កាលទី១ ចង់អោយកម្លាំងសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ឬនាំគ្នាទៅដោះស្រាយនៅស្រុក ព្រោះមួយចំនួនធំ គឺជាអ្នកស្រុករស់នៅភូមិជិតៗគ្នា»។ បន្ទាប់មក ប្រជាពលរដ្ឋក៏បាននាំស្ត្រីជាមេក្រុមទៅស្រុក ដើម្បីរកដំណោះស្រាយសិន បើមិនរកដំណោះស្រាយជូនពួកគាត់ទេ នឹងប្តឹងអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដង៕

website_news/2023210802.txt · Last modified: 2023/08/21 10:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki