website_news:2023210803

ថៃ ចាប់ខ្លួនគូស្នេហ៍ ដែលបើកបណ្តាញផ្លូវភេទ ទាក់ទងនារីឲ្យភ្ញៀវបរទេស

https://www.kampucheathmey.com/global-news/562137 ថ្ងៃសៅរ៍ ១៩ សីហា ២០២៣ដោយ Sok Sovann

ប៉ូលិសថៃ បានចាប់ខ្លួនជនជាតិអាមេរិកម្នាក់ និងមិត្តស្រីរបស់គាត់ជាជនជាតិថៃ ដោយសារអ្នកទាំងពីរ បើកគេហទំព័រដែលផ្តល់សេវាពេស្យាចារនៅក្នុងទីក្រុងទេសចរណ៍ជាច្រើន។ ជនជាតិអាមេរិកអាយុ៤៨ឆ្នាំ ត្រូវបានគេចាប់ខ្លួននៅផ្ទះរបស់គាត់ ក្នុងទីក្រុងរមណីយដ្ឋាន Hua Hin នៃខេត្ត Prachuap Khiri Khan ខណៈមិត្តស្រីជនជាតិថៃអាយុ ៣៤ ឆ្នាំឈ្មោះ Kanya ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្នុងទីក្រុងបាងកក។ ប៉ូលិស បានទទួលពាក្យបណ្ដឹងពីអ្នកទេសចរបរទេសថា នារីបម្រើសេវាកម្មដែលពួកគេទាក់ទងតាមគេហទំព័រ Absolute Angels Bangkok មានប្រើប្រាស់គ្រឿងញៀន និងលួចទ្រព្យសម្បត្ដិរបស់ពួកគេ។ ក្រោយមក ការស៊ើបអង្កេតក៏រកឃើញថា គេហទំព័រ ដែលផ្សាយពាណិជ្ជកម្មខ្លួនឯងថា សេវាផ្តល់ស្រ្តីកំដរក្នុងរាជធានីបាងកក និងទីក្រុងទេសចរណ៍ផ្សេងទៀត គឺបានផ្តល់សេវាកម្មពេស្យាចារដោយបើកចំហដល់ភ្ញៀវទេសចរបរទេស។

លោកឧត្តមសេនីយ៍ឯក Phakphumphiphat Sujjapan មេបញ្ជាការការិយាល័យអន្តោប្រវេសន៍បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា គេហទំព័រនេះ បានទាក់ទាញការចូលទស្សនាដល់ទៅ ៤២៩ ៥០០ដងក្នុងខែកក្កដា ហើយមានបញ្ជីឈ្មោះស្រ្តីកំដរប្រហែល៨០នាក់នៅតាមកន្លែងជាច្រើន រួមមានទីក្រុងបាងកក ប៉ាតាយ៉ា ភូកេត ឈៀងម៉ៃ និងហួហ៊ីន។ តាមការរកឃើញរបស់ប៉ូលិស, Kanya គឺជាអ្នកគ្រប់គ្រងគេហទំព័រ ដែលទទួលខុសត្រូវទទួលយកការកក់ និងរៀបចំការណាត់ជួបរវាងក្មេងស្រីនិងអតិថិជន ខណៈបុរសជនជាតិអាមេរិក ជាអ្នកទទួលខុសត្រូវចំពោះបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងគេហទំព័រ។ ពួកគេទាំងពីរទទួលបាន ៤០% នៃថ្លៃសេវាដែលអតិថិជនបង់។ លើសពីនេះ ប៉ូលិសបានរឹបអូសកុំព្យូទ័រចំនួន៤គ្រឿង ឯកសារពាក់ព័ន្ធ និងវីឡាតម្លៃ១៥លានបាត។ ប៉ូលិសក៏រឹបអូសរថយន្ត Mercedes-Benz មួយគ្រឿងតម្លៃ៣.៥លានបាត រថយន្តហុងដាតម្លៃ១.៨លានបាតមួយគ្រឿង សៀវភៅគណនីធនាគារ១៤ក្បាលដែលមានប្រាក់ប្រហែល៩លានបាត និងភាគហ៊ុនថៃមានតម្លៃ៤០លានបាតផងដែរ៕ ប្រែសម្រួល៖ Vann Vann ប្រភព៖ Nation

website_news/2023210803.txt · Last modified: 2023/08/21 10:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki