website_news:2023210804

កិច្ចខិតខំប្រឹងប្រែង និងសុទិដ្ឋិនិយមក្នុងការលុបបំបាត់ការជួញដូរមនុស្សនៅក្នុងតំបន់អាស៊ាន

https://www.khmertimeskh.com/501345815//?p=1345815 Khmer Times August 20, 2023

នៅចុងខែកក្កដាឆ្នាំ ២០២៣ ក្រុមបង្រ្កាបមកពីនគរបាលក្រុងហ្សាកាតា និងទីស្នាក់ការនគរបាលជាតិបានរកឃើញករណីជួញដូរក្រលៀនសម្រាប់លក់នៅទីផ្សារបរទេសនៅ Bekasi ភាគខាងលិច Java ។ ជាលទ្ធផល នគរបាលបានកំណត់មុខសញ្ញាជនសង្ស័យចំនួន ១៥ នាក់ ដោយក្នុងនោះមាន ៤នាក់បម្រើការនៅការិយាល័យអន្តោប្រវេសន៍នៅកោះបាលី ចំណែកម្នាក់ទៀតជាមន្ត្រីនគរបាលជាតិ។ ក្នុងករណីជួញដូរមនុស្សនេះ នគរបាលបានអោយដឹងថា ក្រុមជួញដូរក្រលៀនមានបណ្តាញនៅកម្ពុជា និងមានជនរងគ្រោះចំនួន ១២២ នាក់។

ក្នុងចំណោមមនុស្ស ១៥នាក់ តួនាទីរបស់ជនសង្ស័យម្នាក់ៗត្រូវបានគេបង្ហាញថា មនុស្ស ១០ នាក់ជាសមាជិកនៃក្រុមជួញដូរ និងមានសមាជិកម្នាក់ជានគរបាល។ ជាមួយគ្នានេះ មន្ត្រីអន្តោប្រវេសន៍បួននាក់បានជួយជនសង្ស័យឱ្យគេចពីសមត្ថកិច្ចតាមច្រកទ្វារចេញចូលព្រលានយន្តហោះជាថ្នូរនឹងប្រាក់មួយចំនួន។ ការចាប់ខ្លួនបណ្តាញក្រុមជួញដូរនេះបន្ថែមលើករណីជួញដូរមនុស្សមួយផ្សេងទៀតដែលត្រូវបានអនុវត្តន៍ដោយច្បាប់។ ចាប់តាំងពីលោកប្រធានាធិបតី Joko Widodo បានតែងតាំងឧត្តមសេនីយ៍ Listyo Sigit Prabowo ជាអគ្គស្នងការនគរបាលជាតិឥណ្ឌូនេស៊ី និងជាប្រធានក្រុមការងារប្រឆាំងការជួញដូរមនុស្សកាលពីថ្ងៃទី៥ ខែមិថុនា ជនរងគ្រោះសរុបចំនួន ២,១៩៥ នាក់ត្រូវបានជួយសង្គ្រោះគិតត្រឹមថ្ងៃទី២៧ ខែកក្កដា។ ដោយផ្អែកលើច្បាប់លេខ២១ ឆ្នាំ២០០៧ ការជួញដូរមនុស្សរួមមានសកម្មភាពជ្រើសរើស ដឹកជញ្ជូន បញ្ជូន ឬបង្ខំមនុស្សម្នាក់ដោយកម្លាំង ការចាប់ពង្រត់ ការបង្ខាំងមនុស្ស ក្លែងបន្លំ ការរំលោភបំពានប្រើអំណាច ចំណងបំណុល និងផ្សេងទៀត ដូច្នេះជនល្មើសអាចរំលោពសេរីភាពរបស់ជនរងគ្រោះ ហើយបន្ទាប់មកកេងប្រវ័ញ្ចលើពួកគេ។ ទម្រង់នៃការកេងប្រវ័ញ្ចនៅក្នុងករណីជួញដូរមនុស្សមានចាប់ពីការរួមភេទដោយបង្ខំ ទាសភាព ឬពលកម្មដោយបង្ខំ ការជួញដូរសរីរាង្គ ឬបង្ខំជនរងគ្រោះអោយធ្វើអ្វីមួយដោយគ្មានការយល់ព្រមពីពួកគេ។

យោងតាមទិន្នន័យពីនគរបាលឥណ្ឌូណេស៊ី ប្រភេទនៃឧក្រិដ្ឋកម្មទាក់ទងនឹងការជួញដូរមនុស្សមានភាពខុសៗប្លែកគ្នា ដូចជាការបោកប្រាស់តាមអ៊ីនធឺណិត ឬការក្លែងបន្លំតាមអ៊ីនធឺណិត ល្បែងស៊ីសង ពេស្យាចារ និងការរត់ពន្ធពលករធ្វើការលើនាវា និងពលករធ្វើការតាមផ្ទះ។ ទាក់ទងនឹងការឆរបោកតាមអ៊ីនធឺណិត ក្រសួងការបរទេសបានចាត់ថ្នាក់ការជួញដូរ និងឆរបោកមនុស្សតាមអ៊ីនធឺណិតជាបញ្ហាក្នុងតំបន់។ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ក្រសួងការបរទេសបានដោះស្រាយករណីក្លែងបន្លំតាមអ៊ីនធឺណិតចំនួន ១,៨៤១ ករណី ដែលមានជនរងគ្រោះជាពលរដ្ឋឥណ្ឌូនេស៊ីនៅក្នុងប្រទេសមីយ៉ាន់ម៉ា កម្ពុជា ថៃ វៀតណាម ឡាវ និងហ្វីលីពីន។ ផ្អែកលើទិន្នន័យរបស់អគ្គស្នងការនគរបាលជាតិ ការជួញដូរមនុស្សជារឿយៗគឺសន្យាជួយជនរងគ្រោះទៅធ្វើការនៅបរទេសដោយគ្មាននីតិវិធីច្បាប់ និងមានការចូលរួមពីដៃគូរពាក់ព័ន្ធ ដោយបានបញ្ជូនជនរងគ្រោះទៅប្រទេសដែលបានកំណត់ជាមួយទិដ្ឋាការទេសចរណ៍ និងផ្តល់សំបុត្រយន្តហោះធ្វើដំណើរទៅមក និងរត់ពន្ធជនរងគ្រោះទៅប្រទេសផ្សេងៗទៀត។

លើសពីនេះ ជនរងគ្រោះភាគច្រើនត្រូវបានចងភ្ជាប់ដោយកិច្ចសន្យាការងារដែលបង្ខំពួកគេឱ្យធ្វើការនៅកន្លែងដែលត្រូវបានការពារយ៉ាងតឹងរឹងដោយក្រុមប្រដាប់អាវុធ។ ជនរងគ្រោះក៏ត្រូវបានបង្ខំឱ្យធ្វើការពី ១៦-១៨ ម៉ោងជារៀងរាល់ថ្ងៃ ដោយគ្មានប្រាក់ឈ្នួលសមរម្យ ចំណែកជនដៃដល់មិនស្ទាក់ស្ទើរក្នុងការប្រព្រឹត្តិអំពើហឹង្សាលើរាងកាយជនរងគ្រោះ ប្រសិនជនរងគ្រោះមិនអាចបំពេញការងារដែលបានដាក់អោយ។ ក្រៅពីក្រុមងាយរងគ្រោះ ដូចជាស្ត្រី និងកុមារ ក៏ដូចជាមនុស្សដែលមានការអប់រំទាប ជនល្មើសក៏បានកំណត់គោលដៅលើមនុស្សដែលមានកម្រិតសិក្សាខ្ពស់ តាមរយៈកម្មវិធីផ្តល់កម្មសិក្សាក្លែងក្លាយដល់និស្សិតនៅបរទេសផងដែរ។

នៅក្នុងតំបន់អាស៊ាន របាយការណ៍សកលស្តីពីការជួញដូរមនុស្សក្នុងឆ្នាំ២០២២ ដែលដាក់ចេញដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានបញ្ជាក់ថា សមាមាត្រនៃចំនួនជនរងគ្រោះពីការជួញដូរមនុស្សនៅក្នុងតំបន់អាស៊ីបូព៌ា រួមទាំងប្រទេសឥណ្ឌូនេស៊ី បានឈានដល់ ០.៣៤ នាក់ក្នុងង ១០០ ពាន់នាក់ក្នុងឆ្នាំ២០២២។ ទិន្នន័យរបស់ UNODC សំដៅទៅលើចំនួនជនរងគ្រោះដែលបានរកឃើញ និងកត់ត្រាជាផ្លូវការដោយអាជ្ញាធរ ដូច្នេះតួលេខជាក់ស្តែងអាចខ្ពស់ជាងនេះ។ យោងតាម UNODC បណ្តាប្រទេសនៅអាស៊ីបូព៌ារួមមាន ឥណ្ឌូនេស៊ី ប្រ៊ុយណេ កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ហ្វីលីពីន ថៃ ម៉ុងហ្គោលី ជប៉ុន និងចិន។ ទន្ទឹមនឹងនេះ ប្រទេសប៉ាស៊ីហ្វិក រួមមាន ហ្វីជី ប៉ាឡៅ តុងហ្គា វ៉ានូអាទូ កោះសូឡូម៉ុន មីក្រូនេស៊ី អូស្ត្រាលី និងនូវែលសេឡង់។

របាយការណ៍បានបង្ហាញថា ភាគច្រើននៃជនរងគ្រោះពីការជួញដូរមនុស្សនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលឈានដល់ ៥៤ភាគរយត្រូវបានកេងប្រវ័ញ្ចលើការងារដោយបង្ខំ ខណៈដែល៣៨ភាគរយត្រូវបានកេងប្រវ័ញ្ចផ្លូវភេទ រួមទាំងពេស្យាចារ ហើយ ៨ភាគរយទៀតត្រូវបានកេងប្រវ័ញ្ចលើទម្រង់ផ្សេងៗទៀត ដែលមានជនរងគ្រោះចាប់ពីកុមាររហូតដល់មនុស្សពេញវ័យ។

ការចូលដៃពីសមាជិកនគរបាលជាតិម្នាក់ និងមន្ត្រីអន្តោប្រវេសន៍បាលី ៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋកម្មអន្តរជាតិ បង្កើតគំរូមិនល្អសម្រាប់កិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំនេះ។ ទោះជាយ៉ាងណាក៏ដោយ ការបង្ហាញមុខជនពាក់ព័ន្ធនៅក្នុងឧក្រិដ្ឋកម្មនេះ គឺស្តែងចេញអោយឃើញនូវកិច្ចខិតខំប្រឹងប្រែងកាន់តែប្រសើរឡើងក្នុងការដោះស្រាយបញ្ហាជួញដូរមនុស្ស។

វាកាន់តែមានសារៈសំខាន់ និងបន្ទាន់ក្នុងការដោះស្រាយការជួញដូរមនុស្ស ដោយជារៀងរាល់ឆ្នាំ មានករណីពលករចំណាកស្រុកឥណ្ឌូនេស៊ីបានស្លាប់នៅបរទេស។ កិច្ចខិតខំប្រឹងប្រែងរបស់នគរបាលក្នុងការស៊ើបអង្កេតមន្ត្រីដែលពាក់ព័ន្ធនឹងករណីនេះ គឺជាទម្រង់នៃការទប់ស្កាត់ការកើតឡើងនៃករណីផ្សេងទៀតនាពេលអនាគត។ ទន្ទឹមនឹងនោះ ចំណាត់ការនេះត្រូវបានគេរំពឹងថានឹងធ្វើឲ្យមុខមាត់របស់នគរបាលកាន់តែមានភាពប្រសើរឡើង និងបង្ហាញថាប្រទេសឥណ្ឌូនេស៊ីគោរពសិទ្ធិមនុស្សយ៉ាងខ្លាំង។

ឥណ្ឌូណេស៊ី ក្នុងនាមជាប្រទេសអធិបតេយ្យមួយ មិនត្រឹមតែបានផ្តល់សច្ចាប័នលើអនុសញ្ញាសិទ្ធិមនុស្សផ្សេងៗជាផ្នែកនៃសមាជិកអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងទទួលខុសត្រូវក្នុងការធានានូវអរិយធម៌របស់មនុស្សជាតិ និងសុវត្ថិភាពរបស់ពលរដ្ឋរបស់ខ្លួនពីក្រុមជនឥន្ធពាលអន្តរជាតិ។ ប្រទេសឥណ្ឌូណេស៊ីបានដាក់ចេញច្បាប់ដើម្បីដោះស្រាយករណីជួញដូរមនុស្សតាមរយៈច្បាប់លេខ ២១ឆ្នាំ ២០០៧ ទាក់ទងនឹងការលុបបំបាត់ការជួញដូរមនុស្ស។ ជាងនេះទៅទៀត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅខែឧសភា ឆ្នាំ២០២៣ ដែលបានប្រារព្ធឡើងនៅទីក្រុង Labuan Bajo ភាគខាងកើត Nusa Tenggara ប្រទេសឥណ្ឌូនេស៊ី បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដើម្បីលុបបំបាត់ការជួញដូរមនុស្សនៅកម្រិតតំបន់។

នៅក្នុងកិច្ចប្រជុំអាស៊ាន ប្រទេសឥណ្ឌូនេស៊ីក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៣ បានស្នើប្រទេសសមាជិកអាស៊ាន ឱ្យរួមគ្នាលុបបំបាត់ការជួញដូរមនុស្ស ដែលបណ្តាលមកពីការប្រើប្រាស់បច្ចេកវិទ្យាខុសទិសដៅ។ ចំណុចសំខាន់ៗចំនួន ១៥ក្នុងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា និងត្រូវបានអនុវត្តដោយប្រទេសសមាជិកអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងជួយជនរងគ្រោះផងដែរ។ បណ្តាប្រទេសអាស៊ានបានយល់ព្រមធ្វើការជាមួយគ្នាដើម្បីបង្កើនសមត្ថភាពនៃការអនុវត្តច្បាប់ ចែករំលែកការអនុវត្តល្អ និងធ្វើការស៊ើបអង្កេតរួមគ្នាពាក់ព័ន្ធនឹងការជួញដូរមនុស្សឆ្លងដែន។

សេចក្តីប្រកាស ក៏បានយកចិត្តទុកដាក់ជាពិសេសចំពោះជនរងគ្រោះ នៃការជួញដូរមនុស្ស ដោយជំរុញឱ្យមានស្តង់ដារការពារនៅកម្រិតតំបន់សម្រាប់ជនរងគ្រោះ និងការស្វែងយល់ពីការបង្កើតយន្តការក្នុងតំបន់តាមរយៈយន្តការអាស៊ាន ដើម្បីជៀសវាងការជួញដូរម្តងហើយម្តងទៀត និងការបន្តការកេងប្រវ័ញ្ចលើជនរងគ្រោះ។ សេចក្តីប្រកាសក៏បានសង្កត់ធ្ងន់លើទិដ្ឋភាព នៃការរំលោភបំពានដោយប្រើបច្ចេកវិទ្យា ដោយក្រើនរំលឹកដល់សហគមន៍អាស៊ានទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់ប្រព្រឹត្តិបទល្មើស។

ការប្រារព្ធទិវាពិភពលោកប្រឆាំងការជួញដូរមនុស្សនៅថ្ងៃទី៣០ ខែកក្កដា ត្រូវបានគេរំពឹងថានឹងជាសន្ទុះមួយក្នុងការប្រមូលផ្តុំកិច្ចសហប្រតិបត្តិការនៅទូទាំងប្រទេសអាស៊ានក្នុងការលុបបំបាត់ការជួញដូរមនុស្ស។ កិច្ចសហប្រតិបត្តិការនេះត្រូវបានគេរំពឹងថានឹងត្រូវបានអនុវត្តនៅគ្រប់កម្រិតក្នុងសង្គម រួមទាំងសហគមន៍មូលដ្ឋានដែលងាយរងគ្រោះ។ ការកេងប្រវ័ញ្ចមនុស្ស ក្នុងទម្រង់នៃការជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មឆ្លងដែនប្រឆាំងនឹងមនុស្សជាតិ ដែលត្រូវតែបញ្ឈប់ដោយសារឧក្រិដ្ឋកម្មនេះមានរចនាសម្ព័ន្ធ ប្រព័ន្ធ និងទំនាក់ទំនងស្រដៀងគ្នាទៅនឹងឧក្រិដ្ឋកម្មគ្រឿងញៀន។ ដូច្នេះវាទាមទារការប្តេជ្ញាចិត្តរួមគ្នាដើម្បីលុបបំបាត់វា។ ការបង្កើតក្រុមការងារស្តីពីការជួញដូរមនុស្ស ត្រូវបានគេរំពឹងថានឹងធ្វើការប្រកបដោយប្រសិទ្ធភាព ដើម្បីជួយសង្រ្គោះជនរងគ្រោះ និងបង្ហាញមុខបណ្តាញក្រុមជួញដូរមនុស្ស៕ Antara News

website_news/2023210804.txt · Last modified: 2023/08/21 10:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki