website_news:2023210805

នៅអាស៊ានតើប្រទេសណាមានពលករចំណាកស្រុកច្រើនជាងគេ?

https://btv.com.kh/article/28613 2023/08/20 01:16:58 pm

ភ្នំពេញ៖ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) កាលពីពេលថ្មីៗកន្លងទៅនេះ បានបញ្ចេញរបាយការណ៍ ស្តីពីទេសន្តរប្រវេសន៍ពិភពលោកឆ្នាំ២០២២ ដោយក្នុងនោះ កត់សម្គាល់ថា នៅតំបន់អាស៊ានមានប្រទេសចំនួន៤ ដែលបានបញ្ជូនពលករទៅបរទេសច្រើនជាងគេទី១ប្រទេសហ្វីលីពីន ទី២ប្រទេសឥណ្ឌូនេស៊ី និងទី៣ប្រទេសភូមា ឬមីយ៉ាន់មា និងទី៤វៀណាម ដោយឡែកប្រទេសផ្សេងទៀតបញ្ជូនក្នុងរង្វង់ត្រឹមជាង១លាននាក់ចុះក្រោម។ អង្គការអន្តរជាតិមួយនេះបានគូសបញ្ជាក់ថា ពលករចំណាកស្រុករបស់ហ្វីលីពីន មានចំនួនជាង៦,១លាននាក់ ខណៈដែលឥណ្ឌូនេស៊ី មានជិត៥លាននាក់ ហើយមីយ៉ាន់ម៉ាឬភូមា មានជាង៣.៧លាននាក់។ ដោយឡែកពលករចំណាកស្រុករបស់វៀតណាម មានជាង៣,៤លាននាក់ ក្នុងពេលដែលឡាវនិង មានជាង១,៣លាននាក់ប្រហាក់ប្រហែលគ្នា។ ទន្ទឹមនឹងនោះ ថៃមានពលករចំណាកស្រុកជាង ១,១លាន នាក់ ដោយឡែក ម៉ាឡេស៊ី និងសិង្ហបូរី ប៉ុណ្ណោះ ដែលមានចំនួនពលករតិចជាងគេ ក្នុងរង្វង់តិចជាង១លាននាក់។ ប្រទេសគោលដៅ ដែលពលករអាស៊ានធ្វើចំណាក់ស្រុកច្រើនជាងគេ គឺអាម៉េរិកខាងជើង អឺរ៉ុប និងប្រទេសធំៗតំបន់មជ្ឈឹមបូព៌ាដូចអារ៉ាបីសាអូឌិត និងអារ៉ាប់រួម និងបណ្តាប្រទេសរីកចម្រើនក្នុងតំបន់អាស៊ី។

អង្គការអន្តរជាតិដែលជាជំនាញលើបញ្ហាទេសន្តរប្រវេសន៍ដដែលនេះ បានបញ្ជាក់ថា ពលករចំណាក ស្រុកធ្វើការងារដូចជា ការងារបម្រើតាមផ្ទះ សំណង់ កសិកម្ម ឧស្សហកម្ម និងបដិសណ្ឋារកិច្ចជាដើម។ មិនមានការវាយតម្លៃពីចំណូលជាក់លាក់នៃប្រទេសនីមួយៗ នៃបណ្តាប្រទេសអាស៊ាន ដែលពលករទាំងអស់បានបញ្ជូនមកប្រទេសដើមវិញនោះទេ។ ប៉ុន្តែអង្គការនេះ បានប៉ានស្មានថាជារួមលើពិភពលោកថា ទឹកប្រាក់ប្រមាណ៥០៤ពាន់លានដុល្លារគឺជាទឹកប្រាក់ដែលហូរចូលទៅប្រទេសក្រីក្រ និងចំណូលកម្រិតទាប ខណៈពលករចំណាកស្រុកទូទាំងពិភពលោក មានប្រមាណ១៦៩លាននាក់។ នេះបើតាមការបញ្ជាក់ដដែល។ ក្នុងពិភពលោក ប្រទេស ដែលមានពលករចំណាកស្រុកច្រើនជាងគេ គឺប្រទេសឥណ្ឌាដែលមានប្រជាជនជាង១៨លាននាក់ បានធ្វើដំណើរទៅបរទេសដើម្បីស្វែងរកការងារធ្វើដែលតាមពីក្រោយដោយប្រទេសម៉ិចស៊ិក ចិន និងរុស្ស៊ីជាដើម។

ដោយឡែកក្នុងក្របខណ្ឌកម្ពុជាវិញ ពលរដ្ឋជាង១,៣លាននាក់ ដែលកំពុងធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន និងបណ្តាប្រទេសរីកចម្រើនផ្សេងទៀត ហើយក្នុងមួយឆ្នាំៗ ប្រាក់បញ្ញើប្រមាណជាង១ពាន់លានជារៀងរាល់ឆ្នាំ បានហូរចូលក្នុងប្រទេសដើម្បីបំប៉នសេដ្ឋកិច្ចជាតិ។ អង្គការទេសន៍ប្រវេសអន្តរជាតិ បានសង្កត់ធ្ងន់ថា ពលរដ្ឋទាំងអស់មានសិទ្ធិគ្រប់គ្រាន់ក្នុងការជ្រើសរើសកន្លែងធ្វើការដែលជាសិទ្ធិស្វ័យសម្រេចដែលខ្លួនចង់បាន ហើយការស្វែងរកការងារធ្វើដែលភាគច្រើនបំផុតទៅកាន់ប្រទេសរីកចម្រើននេះ គឺជាឱកាសស្វែងរកប្រាក់ចំណូលខ្ពស់ ជំនាញវិជ្ជាជីវៈនៅកន្លែងធ្វើការថ្មី ហើយវាជាការចូលរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងអភិវឌ្ឍសង្គម។

សូមបញ្ជាក់ថារឿងពលករនៅកម្ពុជានេះ បានក្លាយជារឿងនយោបាយនៅកម្ពុជាដែលមជ្ឈដ្ឋានប្រឆាំង ឬក្រុមរិះគន់មួយចំនួនបានធ្វើជាលេសដើម្បីវាយប្រហារនិងបំពុលសង្គម។ យ៉ាងណាក៏ដោយ តាមរយៈតួលេខខាងលើនេះ យើងមើលឃើញថា បញ្ហាពលករចំណាកស្រុកនេះ ជារឿងសកលមិនមែនជារឿងដាច់ដោយឡែករបស់កម្ពុជានោះទេ ព្រោះថាពលករចំណាកស្រុកកម្ពុជាមានតិចជាបណ្តាប្រទេសជិតខាងខ្លាំងណាស់ ហើយប្រៀបធៀបជាមួយអន្តរជាតិនៅតិចខ្លាំងមែនទែន។

មួយវិញទៀត ការធ្វើចំណាកស្រុកនេះ គឺជានិន្នាការសកលដើម្បីឱ្យពលរដ្ឋមានចំណូលកាន់តែខ្ពស់ មានជំនាញ និងចូលរួមអភិវឌ្ឍសង្គមជាតិ។ ទន្ទឹមនឹងនេះ អ្វីដែលត្រូវពិចារណា គឺយន្តការការពារពលកររបស់រដ្ឋនីមួយៗដើម្បីធានាថា ពលរដ្ឋបានធ្វើការដោយស្របច្បាប់ គ្មានការរំលោភបំពាន និងទទួលបានអត្ថប្រយោជន៍ទៅតាមប្រទេសអ្នកទទួល។ សម្រាប់អ្នកតាមដានសង្គមកម្ពុជា ប្រធានបទនេះគួរលែងក្លាយជាប្រធានបទនៃការរិះគន់ដោយគ្មានការពិចារណាហើយបំពុលសង្គមតទៅទៀត៕ ដោយ៖ សុវណ្ណ ធរណិន្ទសាគរ

website_news/2023210805.txt · Last modified: 2023/08/21 10:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki