website_news:2023210901

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ពលករខ្មែរនៅកូរ៉េ សូមកុំបារម្ភរឿងថ្លៃសេវាធ្វើលិខិតឆ្លងដែនឡើងថ្លៃ រាជរដ្ឋាភិបាលខិតខំសម្រួលឱ្យតម្លៃទាប និងរហ័ស

https://freshnewsasia.com/index.php/en/localnews/310756-2023-09-19-05-22-59.html 2023-09-19 12:22pm

(តាកែវ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសប្រាប់ពលករខ្មែរ ដែលកំពុងធ្វើការនៅកូរ៉េខាងត្បូង សូមកុំបារម្ភរឿងថ្លៃសេវាធ្វើលិខិតឆ្លងដែន ឬបន្ត សុពលភាពលិខិតឆ្លងដែនឡើងថ្លៃជាងមុនឱ្យសោះ រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំសម្រួលឱ្យតម្លៃសេវាកម្មនេះនៅទាបក្នុងកម្រិតណាមួយ សម្របសម្រួលជួយក្នុងការបំពេញបែបបទស្នើសុំ និងពន្លឿនឱ្យរហ័សជាងមុន។

ការថ្លែងបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង១.៨ម៉ឺននាក់ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ នាឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងថា មានប្រជាពលរដ្ឋ ក៏ដូចជាពលករខ្លះបានបង្ហាញការព្រួយបារម្ភចំពោះតម្លៃសេវាធ្វើលិខិតឆ្លងដែន ឬបន្តសុពលភាពលិខិតឆ្លងដែននៅសាធារណរដ្ឋកូរ៉េផ្ទាល់នោះ (នៅស្ថានទូតកម្ពុជា) អាចឡើងថ្លៃជាងមុនទ្វេគុណ គួបផ្សំនឹងការរិះគន់ញុះញង់ពីសំណាក់ក្រុមប្រឆាំងផងដែរ។

សម្ដេចធិបតីបានបញ្ជាក់យ៉ាងដូច្នេះថា «ថ្លៃសេវាអត់មានគុណជាពីរនោះទេ គ្រាន់តែអស់ថ្លៃផ្ញើបន្តិចបន្តួចប៉ុណ្ណោះ ព្រោះការបំពេញបែបបទស្នើសុំ (Apply) និងកិច្ចការមួយចំនួនទៀត គឺធ្វើតាម Online ដូច្នេះសូមបងប្អូននៅកូរ៉េខាងត្បូងកុំព្រួយបារម្ភរឿងថ្លៃឡើងគុណជាពីរឱ្យសោះ មិនដូចការរិះគន់របស់ក្រុមប្រឆាំងនោះឡើយ»។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថែមទាំងបានណែនាំដល់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវពិភាក្សាជាមួយក្រសួង ស្ថាប័ន ដៃគូពាក់ព័ន្ធ ដើម្បីរៀបចំលើការស្នើសុំបន្តសុពលភាពលិខិតឆ្លងដែនរបស់ពលករខ្មែរនៅកូរ៉េខាងត្បូងឱ្យកាន់តែងាយស្រួល និងកាត់បន្ថយការចំណាយឱ្យទាបជាងមុន។

សម្ដេចធិបតីបានបន្តថា ក្រសួង ស្ថាប័ន អគ្គនាយកដ្ឋាន ស្ថានទូតកម្ពុជា មន្ត្រីបច្ចេកទេសជំនាញជាដើម ក៏ត្រូវរួមគ្នាគិតគូរទាំងពេលវេលាឱ្យលឿនរហ័សជាងមុន ព្រោះជូនកាលពលករខ្លះជិតដល់ពេលចូលធ្វើការ ឬជិតផុតសុពលភាពលិខិតឆ្លងដែនជាដើម ប្រសិនបើមិនពន្លឿនធ្វើជូនពួកគាត់នោះទេ ពួកគាត់អាចនឹងក្លាយទៅជាអ្នកស្នាក់ប្រទេសគេខុសច្បាប់ ដូច្នេះត្រូវផ្ដល់សេវាប្រកបដោយកាតយកចិត្តទុកដាក់ ពន្លឿនការងារឱ្យបានឆាប់រហ័ស សម្របសម្រួលជូនពួកគាត់ឱ្យអស់លទ្ធភាព ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានណែនាំដល់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួយសម្របសម្រួលជូនពលករខ្មែរយើងផង ប្រសិនបើលើសខ្វះអ្វីបន្តិចបន្តួចជាមួយភាគីកូរ៉េ ពិសេសក៏ត្រូវជួយសម្របសម្រួលក្នុងការបំពេញបែបបទ របស់ពលករខ្មែរនៅទីនោះផងដែរ។

ជាការសង្កត់ធ្ងន់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ត្រូវទទួលខុសត្រូវលើការងារគ្រប់គ្រងទិន្នន័យ ព្រោះការងារអត្តសញ្ញាណកម្ម និងលិខិតឆ្លងដែននេះក៏ពាក់ព័ន្ធនឹងសន្តិសុខជាតិផងដែរ។ សម្ដេចធិបតីបានបន្ថែមទៀតថា ទាំងនេះហើយគឺជាឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការជួយប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ទាំងការបង្កើតឱកាសការងារក្នុងស្រុក ការស្វែងរកការងារនៅក្រៅប្រទេស ដើម្បីជួយឱ្យប្រជាពលរដ្ឋបង្កើនប្រាក់ចំណូល ព្រមទាំងសម្រួលបែបបទផ្លូវច្បាប់ជូនប្រជាពលរដ្ឋផងដែរ ពិសេសគឺពលករខ្មែរដែលទៅធ្វើការនៅក្រៅប្រទេស៕

website_news/2023210901.txt · Last modified: 2023/09/21 09:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki