website_news:2023210902

លោក នេត សាវឿន ជំរុញអាជ្ញាធរតាមព្រំដែនបង្កើតប្រព័ន្ធ Hotline សម្រាប់ពលកររាយការណ៍ពីមន្ត្រី

https://www.khmertimeskh.com/501363373// ហង្ស ពណ្ណរាយ / Khmer Times September 20, 2023

លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា បានជំរុញឱ្យភាគីពាក់ព័ន្ធ និងអាជ្ញាធរខេត្តបង្កើតបង្កើតប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ ឬប្រព័ន្ធទូរសព្ទ Hotline ដើម្បីប្រជាពលរដ្ឋរាយការណ៍ពីសកម្មភាពមិនល្អរបស់មន្ត្រី។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការចំពោះកិច្ច កាលពីថ្ងៃចន្ទ លោក នេត សាវឿន ណែនាំដល់សមត្ថកិច្ចតាមព្រំដែនទាំងអស់ត្រូវលុបបំបាត់បាតុភាពអសកម្ម និងសកម្មភាពអវិជ្ជមានដែលបង្កការលំបាកដល់ពលករក្នុងពេលធ្វើដំណើរចេញទៅក្រៅ ឬចូលក្នុងប្រទេស។ លោកបញ្ជាក់ថា ដើម្បីជាយន្ដការមួយសម្រាប់ផ្ដល់ភាពងាយស្រួលដល់ពលករចំណាកស្រុក គណៈកម្មការចំពោះកិច្ច គ្រោងបង្កើតយន្ដការពិនិត្យមួយពីថ្នាក់ជាតិ ដើម្បីចុះត្រួតពិនិត្យតាមច្រកទ្វារតែម្ដង សំដៅទទួលយកបញ្ហាកង្វល់ និងដាក់ចេញវិធានការដោះស្រាយរបស់ប្រជាពលករ។ ជាពិសេសត្រូវបង្កើតប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ ឬប្រព័ន្ធ Hotline និងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនទៀត ដើម្បីជាមធ្យោបាយសម្រាប់ពលកររាយការណ៍ ពីភាពមិនល្អ ឬចំណុចអវិជ្ជមានរបស់មន្ត្រីថ្នាក់ក្រោម មកកាន់ថ្នាក់ជាតិ ដើម្បីទប់ស្កាត់រាល់បញ្ហានានាឱ្យបានទាន់ពេលវេលា។

លោក នេត សាវឿន បានដាក់បទបញ្ជាដល់ថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ ដែលស្ថិតក្នុងគណៈកម្មការចំពោះកិច្ច ជាពិសេសសមត្ថកិច្ចនៅតាមច្រកទ្វារព្រំដែន ត្រូវកែប្រែឥរិយាបថក្នុងការបំពេញការងារ ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលករ ដែលត្រូវចំណាកស្រុកទៅក្រៅប្រទេស ជាពិសេសផ្ដល់ភាពកក់ក្ដៅក្នុងការទទួលសេវា។ ប្រធានគណៈកម្មាធិការចំពោះកិច្ច ក៏បានជំរុញអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងអភិបាលខេត្តជាប់តាមព្រំដែន ត្រូវជួបធ្វើការជាមួយភាគីថៃ ដើម្បីសម្រួលដល់ការធ្វើដំណើរចេញ ឬចូលក្នុងប្រទេសរបស់ពលករខ្មែរ ដើម្បីធានាសុខសុវត្ថិភាព និងមានភាពរហ័ស។ លោកបញ្ជាក់ថា កន្លងមកធ្លាប់មានការរិះគន់ជាបុគ្គលពាក់ព័ន្ធការទៅនឹងទទួលកម្រៃក្រៅផ្លូវការពីពលករ ដូច្នេះ ចំណុចបញ្ហាទារកម្រៃក្រៅផ្លូវការពីពលករបែបនេះ ត្រូវលុបបំបាត់ចោលឱ្យមានប្រសិទ្ធភាពចាប់ពីពេលនេះ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ងី ច័ន្ទ្រផល បានឱ្យដឹងថា កន្លងមក ក្រសួងបានចាត់តាំងក្រុមការងារចុះពិនិត្យមើលអំពីការផ្តល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយ និងសម្រុះសម្រួល ដោះស្រាយបណ្ដឹង របស់ការិយាល័យប្រជាពលរដ្ឋក្នុងខេត្តមួយចំនួន។ លោកថា ក្រោយពីចុះពិនិត្យមើលការផ្ដល់សេវារដ្ឋបាល គឺក្រុមការងាររកឃើញចំណុចអសកម្មមួយចំនួនពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ និងការគាំទ្រដល់ការិយាល័យប្រជាពលរដ្ឋខេត្តផងដែរ។

លោក ជា ពិសិដ្ឋ នាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ បានឱ្យដឹងថា បច្ចុប្បន្ន រដ្ឋបាលខេត្តបានផ្លាស់ប្ដូរប្រធានអង្គភាពច្រកចេញចូលតែមួយ ដោយដាក់មន្ត្រីថ្មីជំនួសមន្ត្រីចាស់ ដូច្នេះ មិនមានបញ្ហាខ្វះចន្លោះ ឬមានករណីទទួលកម្រៃក្រៅផ្លូវការឡើយ។ លោកបញ្ជាក់ថា កាលជំនាន់ធូរស្បើយជំងឺកូវីដ-១៩ ជាលើកដំបូង ប្រជាពលរដ្ឋជាច្រើនបានសម្រុកមកធ្វើឯកសារដោយមួយថ្ងៃចន្លោះពី ៥០០នាក់ ទៅ ៦០០នាក់ ដែលធ្វើឱ្យមន្ត្រីពាក់ព័ន្ធពិបាកសម្របសម្រួលនៅផ្នែកជួរខាងមុខ ព្រោះមនុស្សច្រើន ហើយការផ្ដល់សេវាក៏ពុំគ្រប់គ្រាន់។

លោក ជា ពិសិដ្ឋ បន្ថែមថា៖ «នៅពេលមន្ត្រីជួរមុខសម្របសម្រួលពុំគ្រប់គ្រាន់ យើងបានបញ្ជូនមន្ត្រីទៅជួយបន្ថែម ប៉ុន្តែពេលនោះ ក៏មានប្រជាពលរដ្ឋមួយចំនួន មិនចេះសរសេរអក្សរ និងបំពេញឯកសារ គាត់ក៏បានពឹងមន្ត្រីយើងឱ្យជួយផងដែរ»។ លោកបន្តថា នៅពេលពឹងមន្ត្រីឱ្យជួយសរសេរ ឬបំពេញឯកសារ ក៏មានអ្នកខ្លះលើកទឹកចិត្តដល់មន្ត្រីចំនួន ៥ ០០០រៀល ឬ ១០ ០០០រៀល ដែលបញ្ហាទាំងនេះ ជាផ្នែកមួយធ្វើឱ្យកើតនូវចំណុចអវិជ្ជមាន។ នាយករដ្ឋបាលខេត្តខាងលើបន្តថា បច្ចុប្បន្ន គ្មានភាពខ្វះចន្លោះ ឬមានបាតុភាពមន្ត្រីទទួលកម្រៃក្រៅផ្លូវការឡើយ ហើយការផ្ដល់សេវាជូនពលករ ក៏ដូចប្រជាពលរដ្ឋចេញ ឬចូលក្នុងប្រទេសវិញ គឺមានភាពល្អប្រសើរ។

កាលពីខែកក្កដា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលខេត្តមួយចំនួននៅតាមច្រកទ្វារព្រំដែន និងភាគីពាក់ព័ន្ធចាត់ វិធានការលុបបំបាត់រាល់មន្ត្រីរត់ការស្នើសុំសេវាជំនួយពីប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនឱ្យបានយ៉ាងម៉ឺងម៉ាត់បំផុត។ ចំពោះចំណាត់ការលើមន្ត្រីរត់ការស្នើសុំសេវាជំនួសបន្ថែមនេះ ធ្វើឡើងទាំងមន្ត្រីពេញសិទ្ធិ និងបុគ្គលិកជាប់កិច្ចសន្យារបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ដែលជះឥទ្ធិពលមិនល្អដល់ការធ្វើកំណែទម្រង់របស់រដ្ឋាភិបាល៕

website_news/2023210902.txt · Last modified: 2023/09/21 09:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki