website_news:2023211101

លោកជំទាវ ជូ ប៊ុនអេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំការិយាល័យត្រួតពិនិត្យ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅក្រសួងការបរទេសសហរដ្ឋអាមេរិក ចូលជួបពិភាក្សាការងារ

https://www.hotnews-asia.com/detail/228920 ចេញផ្សាយ ថ្ងៃទី 17 ខែ វិច្ឆិកា ឆ្នាំ 2023

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកស្រី ស៊ិនឌី ដាយ័រ (Ms. Cindy Dyer, Ambassador at Large) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំការិយាល័យត្រួតពិនិត្យ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅក្រសួងការបរទេសសហរដ្ឋអាមេរិក និងជាអ្នកទទួលបន្ទុកសរសេររបាយការណ៍វាយតម្លៃប្រចាំឆ្នាំ ព្រមទាំងសហការី ចូលជួបពិភាក្សាការងារ នាទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងជំនួបរវាង គណៈប្រតិភូសហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រី ស៊ិនឌី ដាយ័រ (Ms. Cindy Dyer, Ambassador at Large) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំការិយាល័យត្រួតពិនិត្យ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅក្រសួងការបរទេសសហរដ្ឋអាមេរិក និងជាអ្នកទទួលបន្ទុកសរសេររបាយការណ៍វាយតម្លៃប្រចាំឆ្នាំ និងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលដឹកនាំដោយ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ គឺជាជំហាននៃការរីកចម្រើនក្នុងកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្នុងបរិបទការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ផ្អែកលើរបាយការណ៍ លោកជំទាវ ជូ ប៊ុនអេង បានធ្វើសេចក្តីរាយការណ៍ អំពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជាសេនាធិការ និងជាយន្តការអន្តរក្រសួង ស្ថាប័ន និងបើកទូលាយ ក្នុងកិច្ចសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន និងបានទទួលលទ្ធផលគួរឱ្យកត់សម្គាល់។

លោកស្រី ស៊ិនឌី ដាយ័រ បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ឱកាសឱ្យលោកស្រីបានមកជួបពិភាក្សាដោយផ្ទាល់ ជាមួយក្រសួង ស្ថាប័នជំនាញសំខាន់ៗ និងអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដែលធ្វើឱ្យលោកស្រីយល់កាន់តែច្បាស់ អំពីស្ថានភាពពិតនៅកម្ពុជា។ មុននឹងមកដល់កម្ពុជា លោកស្រីបានជួបពិភាក្សា និងសិក្សាស្វែងយល់ពីប្រទេសមួយចំនួន ដែលលោកស្រីកត់សម្គាល់ឃើញថា ភាពប្រឈមនឹងបទល្មើសជួញដូរមនុស្សតាមប្រព័ន្ធអនឡាញនេះ មានភាពស្មុគ្រស្មាញ ប្រហាក់ប្រហែលគ្នា។ ហើយលោកស្រីក៏ទទួលស្គាល់ថា នេះជាបទល្មើសបែបថ្មី ដែលប៉ះពាល់ទៅគ្រប់ប្រទេស មិនមែនតែកម្ពុជានោះទេ។ បន្ទាប់មកលោកស្រី ប្រធានគណៈប្រតិភូអាមេរិក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបើកទូលាយឱ្យមានកិច្ចសហការ ដើម្បីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ លោកស្រីបានសន្យាថានឹងពិនិត្យឡើងវិញនូវការវាយតម្លៃដែលធ្វើឡើងកន្លងមកនេះ និងខិតខំបន្តប្រមូលទិន្នន័យឱ្យបានពេញលេញ។

ចុងបញ្ចប់នៃកិច្ចពិភាក្សា រវាងគណៈប្រតិភូទាំងពីរបានឯកភាពគ្នា ថាកិច្ចសហការរវាងប្រទេសពាក់ព័ន្ធគឺជាកត្តាចាំបាច់ ដើម្បីឆ្លើយតបបញ្ហារួមនេះ ហើយក៏ត្រូវមានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពក្នុងការអនុវត្តទៅដល់សមត្ថកិច្ចគ្រប់ផ្នែកដែលពាក់ព័ន្ធ ដើម្បីយល់ដឹង និងសហការគ្នាកាន់តែល្អប្រសើរ លើការកំណត់អត្តសញ្ញាណ ការបង្ក្រាប សង្គ្រោះ ការផ្តន្ទាទោស ការផ្តល់សេវា និងសមាហរណកម្មជនរងគ្រោះ ឱ្យបានកាន់តែល្អប្រសើរ ៕

website_news/2023211101.txt · Last modified: 2023/11/21 20:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki