website_news:2023211201

លោក ហ៊ុន ម៉ាណែត សម្រេចដាក់ឱ្យអនុវត្តសាកល្បងការផ្តល់សេវាបណ្ណ ព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែននៅឆ្នាំក្រោយ

https://www.postkhmer.com/national/2023-12-18-1724-256846 ១៨ ធ្នូ ២០២៣ | ១៧:១៥ អ្នកយកព័ត៌មាន:គឹម យុត្ថារ៉ូ

ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចដាក់ឱ្យអនុវត្តសាកល្បងការផ្តល់សេវាបណ្ណព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ សម្រាប់រយៈពេល ៦ ខែ ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។ សេចក្តីសម្រេចដោយលោក ហ៊ុន ម៉ាណែត ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងរយៈពេលអនុវត្តសាកល្បងនេះ អភិបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែនជាមួយព្រះរាជាណាចក្រថៃត្រូវបានធ្វើប្រតិភូកម្មអំណាចឱ្យក្នុងការពិនិត្យសម្រេច និងចុះហត្ថលេខាលើបណ្ណព្រំដែនកម្ពុជា-ថៃ ជូនប្រជាពលរដ្ឋខ្មែរដែលមានលំនៅឋានអចិន្ត្រៃយ៍នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ បើតាមសេចក្តីសម្រេចនេះ ក្នុងការអនុវត្តសាកល្បងនេះនឹងត្រូវបន្តដោយស្វ័យប្រវត្តិ ប្រសិនបើពុំមានការសម្រេចផ្សេងណាមួយពីរាជរដ្ឋាភិបាលកម្ពុជា។

សេចក្តីសម្រេចនេះបានបញ្ជាក់ថា៖ «រដ្ឋបាលក្រុងស្រុក ត្រូវរៀបចំការផ្តល់សេវាបណ្ណព្រំដែនកម្ពុជា-ថៃ ជូនប្រជាពលរដ្ឋខ្មែរ តាមរយៈការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក និងទីតាំងផ្សេងទៀតតាមការចាំបាច់ដែលកំណត់ដោយរដ្ឋបាលក្រុងស្រុកសាមី ដោយប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយនិងប្រព័ន្ធគ្រប់គ្រងបណ្ណព្រំដែនកម្ពុជា»។

ជុំវិញបញ្ហានេះ លោក អំ សំអាត នាយកកិច្ចការទូទៅអង្គការលីកាដូបានថ្លែងនៅថ្ងៃទី១៨ ខែធ្នូថា សេចក្តីសម្រេចការដាក់ឱ្យអនុវត្តសាកល្បងការផ្តល់បណ្ណព្រំដែនកម្ពុជា-ថៃនេះ អាចទទួលជោគជ័យទៅបានលុះត្រាតែការធ្វើប្រតិភូកម្មអំណាចបានលឿន។ លោកបានបន្តថា អាជ្ញាធររដ្ឋ បាលក្រុង ស្រុក ជាប់ព្រំដែនត្រូវរៀបចំការិយាល័យច្រកចេញចូលឱ្យបានល្អ បណ្តុះបណ្តាលមន្ត្រីជំនាញ មានឧបករណ៍ និងបរិក្ខារគ្រប់គ្រាន់ ការផ្តល់សេវាកម្មបានឆាប់រហ័ស ការកំណត់តម្លៃតាមសេវាថោកតាមប្រកាស ឬអនុក្រឹត្យ រាជរដ្ឋាភិបាល មិនមានអំពើពុករលួយ និងឥរិយាបថមន្ត្រីដែលជាផ្តល់សេវាត្រូវទទួលខុសត្រូវខ្ពស់ និងផ្តល់សេវាដោយការបំពេញកាតព្វកិច្ចការងារជាមន្ត្រីបម្រើសេវាសាធារណៈ និងមិនរើសអើង។ លោកបានថ្លែងថា៖ «ប៉ុន្តែដោយសេវានៃការផ្តល់បណ្ណព្រំដែននេះបង្កើតថ្មីក្នុងការសាកល្បង ដូច្នេះអង្គការសង្គមស៊ីវិលនឹងតាមដានលើការរៀបចំនៃការផ្តល់សេវាថ្មីនេះមានប្រសិទ្ធភាពដល់កម្រិតណា ហើយអ្នកទទួលសេវាមានការងាយស្រួលជាងមុន ឬយ៉ាងណា»។

អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ លោក ប៉ិច រតនៈ នៅថ្ងៃទី១៨ ខែធ្នូ បានថ្លែងដែរថា ក្រោយទទួលបានសេចក្តីសម្រេចនេះ រដ្ឋបាលខេត្តនឹងរៀបចំចាត់ចែងអនុវត្ត ឱ្យបានត្រឹមត្រូវដើម្បីធ្វើយ៉ាងណាបង្ខិតសេវាឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅក្នុ្ងងខេត្ត។ លោកបានបញ្ជាក់ថា៖«ការដាក់ឱ្យអនុវត្តសាកល្បងការផ្តល់សេវាបណ្ណព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែនជាមួយថៃសម្រាប់រយៈពេល៦ ខែ នេះ នឹងធ្វើឱ្យមានភាពងាយស្រួល និងចំណាយតិចសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្ត»៕

website_news/2023211201.txt · Last modified: 2023/12/21 10:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki